(ក្រចេះ)៖ នគរបាលស្រុកស្នួល បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគ្រញូងសែនជ័យ បានចុះបង្រ្កាបករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ រួមនិងវត្ថុតាងមួយចំនួន កាលពីយប់ថ្ងៃទី៣០ ខែមេសាឆ្នាំ២០១៩ នៅចំណុចភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

នគរបាលស្រុកស្នួល បានឱ្យដឹងថា ជនសង្ស័យទាំង០៤នាក់ ដែលឃាត់ខ្លួនបានរួមមានទី១៖ ឈ្មោះ ធឿន ប៊ុនថេត ភេទប្រុស អាយុ៣៩ឆ្នាំ, ទី២៖ ឈ្មោះ ចិន ចាន់ណា ភេទប្រុស អាយុ៣៤ឆ្នាំ, ទី៣៖ ឈ្មោះ អូន កាន់និកា ភេទស្រី អាយុ១៨ឆ្នាំ និងទី៤៖ ឈ្មោះ ស្រេង វី ភេទស្រី អាយុ៣៥ឆ្នាំ ជនសង្ស័យទាំងនេះ រស់នៅភូមិគ្រញូងសែនជ័យជើង ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ជាមួយគ្នា។

មន្ត្រីនគរបាលដដែលបានបន្តទៀតថា ក្នុងប្រតិបត្តការបង្រ្កាបនេះ កម្លាំងនគរបាលដកហូតបានវត្ថុតាងរួមមាន៖ ម៉្សៅក្រាមពណ៌ស សង្ស័យជាគ្រឿងញៀន មេតំហ្វាតាម៉ីន ចំនួន២០កញ្ចប់ (០១កញ្ចប់ធំ, ១៩កញ្ចប់តូច) ថ្នាំគ្រាប់ពណ៌ក្រហមចំនួន០៧គ្រាប់, ក្រដាសអាឡុយមីញូម ០១សន្លឹក, ថង់ប្លាស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន, ដបទឹកសុទ្ធកែច្នៃសម្រាប់ជក់គ្រឿងញៀនចំនួន០១ វត្ថុតាងគ្រឿងញៀន ដែលចាប់បាននៅកន្លែងកើតហេតុ គឺជារបស់ឈ្មោះ នាគ ខ្មៅ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ហើយរត់គេចខ្លួនរួចក្នុងពេលចុះបង្ក្រាប។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ រួមទាំងវត្ដុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្នួល ជាបណ្តុះអាសន្ន ដើម្បីសួរនាំ និងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់៕