(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំថ្នាក់ដឹកនាំខេត្តចុះសំណេះសំណាល និងសួរសុខទុក្ខកម្មកររោងចក្រស៊ីម៉ងត៍ (CONCH) ស្រុករតនមណ្ឌល ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៣ ទិវាពលកម្មអន្តរជាតិ១ ឧសភា ២០១៩ ក្រោមប្រធានបទ «កិច្ចគាំពារសង្គមដើម្បីផលិតភាព» នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ នៅរោងចក្រស៊ីម៉ងត៍ខនស៊ីមិន ខមភេនី លីមីធីត (CONCH) ស្ថិតក្នុងភូមិដូនមាយឃុំស្តៅ ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។ ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំង ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃរោងចក្រកម្មករ កម្មការនីរោងចក្រចូលរួមសរុបជាង៤០០នាក់។
នៅក្នុងឱកាសនេះដែរ លោក ងួន រតនៈ អានសារលិខិតរបស់រាជរដ្ឋាភិបាល នៃការៀបចំខួប១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ ខួប៥០ឆ្នាំ នៃសមាជិកភាពរបស់កម្ពុជា នៅអង្គការអន្តរជាតិខាងការងា និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ២០១៩ អានទាំងស្រុងរួចមក និងមានមតិសំណេះសំណាលជាមួយកម្មករ-កម្មការនី រោងចក្រទាំងអស់នាពេលនេះ ដោយបានបញ្ជាក់ថា ជាកិត្តិយសណាស់ ដែលខេត្តបាត់ដំបង មានរោងចក្រស៊ីម៉ងត៍១ កន្លែងដែលមានសត្ថភាពផលិតស៊ីម៉ងត៍៥ពាន់តោន ក្នុង១ថ្ងៃ ហើយអាចនាំចេញលក់ ទៅក្រៅប្រទេសទៀតផង ដោយមានការវិវឌ្ឍន៍ខុសពីមុនធ្លាប់តែនាំចូលពីប្រទេសក្រៅ គិតទាំងបន្លែ ផ្លែ ឈើជាដើមផង។
លោកអភិបាលខេត្តបានបន្តថា ដោយសារមានអ្នកវិនិយោគចូលមកកម្ពុជាកាន់តែច្រើនឡើងៗ ពិសេសនៅខេត្តបាត់ដំបង ដែលមានសក្តានុពលស្រាប់ ធ្វើឱ្យវិនិយោគិនចូលមកវិនិយោគវិស័យផ្សេងៗ បន្ថែមទៀត ដែលអាចស្រូបយកកម្លាំងពលកម្ម ដោយប្រើកម្មករកាន់តែច្រើន ហើយធ្វើឱ្យប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូលច្រើនកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុកទៀតផង។
លោក ងួន រតនៈ បានថ្លែងអំណរគុណចំពោះក្រុមហ៊ុននេះផងដែរ ដែលមានបំណងបណ្តុះបណ្តាលគ្រប់ជំនាញដល់កម្មករខ្មែរ ឱ្យចេះសម្រាប់យកទៅប្រើប្រាស់បន្តវេណទៅថ្ងៃក្រោយ ពិសេសចំណេះដឹងការងាររោងចក្រស៊ីម៉ងត៍មួយនេះ។
លោកអភិបាលខេត្តបានសួរសុខទុក្ខ និងជូនពរដល់និយោជក កម្មករ កម្មការនី ទាំងអស់នាឱកាសទិវាពលលម្មអន្តរជាតិលើកទី១៣៣នេះ សូមឱ្យជួបតែសេចក្តីសុខសប្បាយទាំងអស់គ្នា ព្រមទាំងមានហូបបាយសាមគ្គីជូនកម្មករ១ ពេលផងដែរ៕