(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ក្រោយធ្វើសកម្មភាពលួចមកនេសាទ នៅតំបន់ហាមឃាត់ នៃទ្វារទឹកតំបន់វារីអគ្គិសនីសេសានក្រោម២ ភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។

មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះថា ជនសង្ស័យត្រូវបានកម្លាំងមន្ទីរជំនាញអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានស្រុកសេសាន ចាប់ខ្លួនបាននៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដោយជនសង្ស័យទី១៖ឈ្មោះ ចាំង យ៉ាំងហូម ហៅយូ អាយុ២៩ឆ្នាំ និងទី២៖ឈ្មោះ ចាំង យ៉ាំងភី អាយុ២២ឆ្នាំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថខេត្តជំនាញដកហូតបានមងប្រវែង៤០០ម៉ែត្រ ជំរៅ៧ម៉ែត្រ ក្រឡា១២សងទីម៉ែត្រ, កងដែកសរសៃ៧២, កំសួលមង២០។

លោកមេបញ្ជាការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងអាវុធហត្ថ២នាក់ សហការជាមួយរដ្ឋបាលជលផល និងសន្តិសុខ ជិះទូកល្បាត ប្រទះឃើញក្រុមនេសាទត្រីមានទូក២គ្រឿង កំពុងបណ្តែតមងពេលឃើញសមត្ថកិច្ចបានបើកទូករត់គេចខ្លួន ។ បន្ទាប់មកសមត្ថកិច្ច បានរឹបអូសវត្ថុតាងខាងលើ ដាក់នៅក្នុងទូករួចចតនៅកំពុងក្បែរទំនប់វារីអគ្គីសនី។

លុះដល់ព្រឹកឡើងទើបដឹងថា បាត់ទូក និងវត្ថុតាងខាងលើ ពេលនោះចាប់ផ្ដើមបើកការស៊ើបអង្កេត ទទួលបានលទ្ធផលដូចខាងលើ ប៉ុន្តែទូករបស់សមត្ថកិច្ចអាវុធហត្ថរកមិនទាន់ឃើញនៅឡើយ។ តាមចម្លើយសារភាពជនសង្ស័យពិតជា បានមកលួចរំដោះវត្ថុតាងយកទៅលាក់ទុក នៅមាត់កំពង់ទូកមុខផ្ទះរបស់ពួកគេ។ ដោយឡែកចំពោះទូករបស់សមត្ថកិច្ចពួកគេ បានយកទៅពន្លិចចោលនៅចំណុចកន្លែងទឹកជួរហូរគួចខ្លាំង (បច្ចុប្បន្នកំពុងមុជរកមិនទាន់ឃើញនៅឡើយ)។

បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាព ដើម្បីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី៕