(ភ្នំពេញ)៖ សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បានទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនចំនួន១៩រួមមាន៖ ក្រុមហ៊ុន ដុងអេ អេសធី (ភេសជ្ជៈបាកាស) Dong -A ST (Bacchus Cambodia), ក្រុមហ៊ុន អកស៍ឡី វើដ៏ប្រីជ ខេមបូឌា (Oxley Worldbridge Cambodia Co,.Ltd), និងក្រុមហ៊ុនចំនួន១៧ក្រុមហ៊ុនទៀត ដែលដឹកនាំដោយលោកឧកញ៉ា ហ៊ុន តូ អគ្គនាយក្រុមហ៊ុន អិក អេក អ អាស៊ាន អ៊ិសវេមេន ដែលប្រព្រឹត្ដទៅនាទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងជំនួបនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងថា «ក្នុងនាមខ្ញុំតំណាងឲ្យកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលគាត់កំពុងរងគ្រោះមហន្ដរាយនានា ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រា ដែលកំពុងជួបការលំបាកនោះ»។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិតថ្លែងបន្ដថា កាកបាទក្រហមកម្ពុជា ជានិច្ចជាកាលតែងតែអនុវត្ដសកម្មភាពមនុស្សធម៌ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ហើយកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការបន្ដជួយ ប្រជាពលរដ្ឋក៏ដោយសារតែមានការចូលរួមពីសប្បុរសធម៌ ដោយការស័្មគ្រចិត្ដទាំងជាតិ និងអន្ដរជាតិ ហើយថវិកានេះ ដើម្បីជួយប្រជាជនដែលងាយរងគ្រោះ នៅទូទាំងប្រទេសផងដែរ ។
ជាកិច្ចឆ្លើយតបគណៈប្រតិភូតំណាងឲ្យគ្រប់ក្រុមហ៊ុនទាំង១៩ បានថ្លែងថា «យើងខ្ញុំមានការពេញចិត្ដ និងមានទំនុកចិត្ដយ៉ាងខ្លាំង ពីកាកបាទក្រហមកម្ពុជា ក្រោយការដឹកនាំរបស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ដែលបានខិតខំប្រឹងប្រែង ជួយលើកតម្កើងកម្រិតជីវភាពរបស់ប្រជាជនទូទាំងប្រទេស ពិសេសការសហការជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាជនបានទាន់ពេលវេលា ដែលនេះបានបង្កឲ្យមានជំនឿជឿជាក់បន្ថែមទៀត ដែលធ្វើឲ្យយើងខ្ញុំទាំងអស់ ក៏ដូចជាសប្បុរសជនផ្សេងទៀត បន្ដការចូលរួមទ្រទ្រង់សកម្មភាព មនុស្សធម៌បន្ដទៀតទាំងជាតិ និងអន្ដរជាតិ»។
ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងជូនដល់គណៈប្រតិភូផងដែរ ពីគោលបំណងនៃការប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដើម្បីអំពាវនាវកៀរគរ ស្វែងរកនូវមូលនិធិមនុស្សធម៌ ពីសំណាក់សប្បុរសជនទាំងអស់ ដើម្បីចូលរួមជាមួយគ្នានៅក្នុងថ្ងៃនោះ ដើម្បីធ្វើការបរិច្ឆាគអំណោយមនុស្សធម៌ ទៅតាមសទ្ធាជ្រះថ្លារបស់សប្បុរសជន និងជួយកាកបាទក្រហមកម្ពុជា បន្ដធ្វើនូវសកម្មភាព ឬបេសកកម្មមនុស្សធម៌ បន្ដជួយប្រជាជនរងគ្រោះនៅកម្ពុជាផងដែរ។
ជាពិសេសដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាជន ពិសេសស្ដ្រីមេម៉ាយ ចាស់ជរា គ្មានទីពឹង ក៏ដូចជាប្រជាជន ដែលបានរងគ្រោះដោយគ្រោះមនហន្ដរាយនានា, មានហើយក៏បានសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះ ខ្យលកន្ដ្រាក់ ជាដើម។ លើសពីនេះកាកបាទក្រហមកម្ពុជា ក៏បានសហការជាមួយរាជរដ្ឋាភិបាល និងបន្ដជួយផ្គត់ផ្គង់នូវទឹកស្អាត ជូនដល់ប្រជាពលរដ្ឋតាមរយៈការជីកអណ្ដូង និងជីកស្រះជាដើម។
ទន្ទឹមនឹងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលតែងតែចូលរួមផ្ដល់ថវិកា និងសម្ភារផ្សេងៗ ដើម្បីបន្ដសកម្មភាពមនុស្សធម៌ជួយសង្គ្រោះ និងសម្រាលទុក្ខលំបាករបស់ដល់ប្រជាពលរដ្ឋយើង។
ខាងក្រោមនេះ ជាអំណោយរបស់សប្បុរសជន ដែលបានប្រគល់ជូនកាកបាទក្រហមកម្ពុជា៖
* តាមរយៈលោកឧកញ៉ា ហ៊ុន តូ មាន១៧ក្រុមហ៊ុនថវិកាសរុប ២,៤៤០,០០០ដុល្លារ
* ក្រុមហ៊ុន អកស៍ឡី វើដ៏ប្រីជ ខេមបូឌា (Oxley Worldbridge Cambodia Co,.Ltd) ថវិកាសរុប១៥ម៉ឺនដុល្លារ ដឹកនាំដោយឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល។
* ក្រុមហ៊ុន ដុងអេ អេសធី (ភេសជ្ជៈ បាកាស) Dong -A ST (Bacchus Cambodia) ថវិកា១០ម៉ឺនដុល្លារ ដឹកនាំដោយ លោក លី ដុងហ៊ូន (Lee Dong Hoon) អគ្គនាយករងក្រុមហ៊ុន ដុងអេ អេសធី។
សូមជម្រាបជូនថា កាកបាទក្រហមកម្ពុជា នឹងប្រារឰមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំស្រឡាញ់កាកបាទក្រហមកម្ពុជា» និងអបអរខួប១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង៨ព្រឹក ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងសប្បុរសជនចូលរួមប្រមាណ៤ពាន់នាក់៕