(ស្ទឹងត្រែង)៖ កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាម២នាក់ ក្រោយធ្វើសកម្មភាពលួចមកនេសាទ នៅតំបន់ហាមឃាត់ នៃទ្វារទឹកតំបន់វារីអគ្គិសនីសេសានក្រោម២ ភូមិភ្លុក ឃុំភ្លុក ស្រុកសេសាន ខេត្តស្ទឹងត្រែង។ ដោយឡែក ៤នាក់ផ្សេងទៀត ពាក់ព័ន្ធករណីប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើសកម្មភាពបាញ់សត្វព្រៃ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង។
មេបញ្ជាការអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះថា ជនសង្ស័យត្រូវបានកម្លាំងមន្ទីរជំនាញអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានស្រុកសេសាន ចាប់ខ្លួនបាននៅយប់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដោយជនសង្ស័យទី១៖ឈ្មោះ ចាំង យ៉ាំងហូម ហៅយូ អាយុ២៩ឆ្នាំ និងទី២៖ឈ្មោះ ចាំង យ៉ាំងភី អាយុ២២ឆ្នាំ។
ក្នុងប្រតិបត្តិការនេះ កម្លាំងអាវុធហត្ថខេត្តជំនាញដកហូតបានមងប្រវែង៤០០ម៉ែត្រ ជំរៅ៧ម៉ែត្រ ក្រឡា១២សងទីម៉ែត្រ, កងដែកសរសៃ៧២, កំសួលមង២០។
លោកមេបញ្ជាការបានបញ្ជាក់ថា នៅមុនពេលកើតហេតុ កម្លាំងអាវុធហត្ថ២នាក់ សហការជាមួយរដ្ឋបាលជលផល និងសន្តិសុខ ជិះទូកល្បាត ប្រទះឃើញក្រុមនេសាទត្រីមានទូក២គ្រឿង កំពុងបណ្តែតមងពេលឃើញសមត្ថកិច្ចបានបើកទូករត់គេចខ្លួន ។ បន្ទាប់មកសមត្ថកិច្ច បានរឹបអូសវត្ថុតាងខាងលើ ដាក់នៅក្នុងទូករួចចតនៅកំពុងក្បែរទំនប់វារីអគ្គីសនី។
លុះដល់ព្រឹកឡើងទើបដឹងថា បាត់ទូក និងវត្ថុតាងខាងលើ ពេលនោះចាប់ផ្ដើមបើកការស៊ើបអង្កេត ទទួលបានលទ្ធផលដូចខាងលើ ប៉ុន្តែទូករបស់សមត្ថកិច្ចអាវុធហត្ថរកមិនទាន់ឃើញនៅឡើយ។ តាមចម្លើយសារភាពជនសង្ស័យពិតជា បានមកលួចរំដោះវត្ថុតាងយកទៅលាក់ទុក នៅមាត់កំពង់ទូកមុខផ្ទះរបស់ពួកគេ។ ដោយឡែកចំពោះទូករបស់សមត្ថកិច្ចពួកគេ បានយកទៅពន្លិចចោលនៅចំណុចកន្លែងទឹកជួរហូរគួចខ្លាំង (បច្ចុប្បន្នកំពុងមុជរកមិនទាន់ឃើញនៅឡើយ)។ បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យកំពុងឃាត់ និងរក្សាទុកក្នុងអង្គភាព ដើម្បីការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងតាមនីតិវិធី។
ដោយឡែក ករណីមួយទៀត គឺមនុស្សប្រុសស្រីជាជនជាតិវៀតណាមចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកសេសាន ខេត្តស្ទឹងត្រែង ឃាត់ខ្លួនករណីប្រើប្រាស់អាវុធខុសច្បាប់ និងធ្វើសកម្មភាពបាញ់សត្វព្រៃ និងរក្សាទុកនូវគ្រាប់កែច្នៃជាច្រើនក្នុងផ្ទះ ក្នុងបទល្មើសជាក់ស្តែង។
ប្រជាពលរដ្ឋបានរាយការណ៍ថា ពួកគាត់បានឃើញជនជាតិវៀតណាម ដែលមករស់នៅក្នុងភូមិញើន ឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង មានស្រី មានប្រុស ក្នុងលំនៅដ្ឋានជាប់មាត់ទន្លេសេសាន ហើយជាទម្លាប់ញឹកញាប់ បានចេញធ្វើសកម្មភាពបរបាញ់សត្វព្រៃនៅពេលយប់ តាមតំបន់ក្នុងព្រៃអភិរក្សហាមឃាត់។ ពួកគេបានប្រើប្រាស់ជាប្រភេទកាំភ្លើង យកទៅបាញ់សត្វព្រៃគ្រប់ប្រភេទ ពិសេសសត្វក្ងោក ដែលជាសត្វដ៏កម្រ ត្រូវការពារ និងអភិរក្ស តែងមានការហាមឃាត់ពីសមត្ថកិច្ច និងអាជ្ញាធរ ជំនាញនោះទេ។
ប្រជាពលរដ្ឋក្នុងភូមិបានបន្តថា នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ពួកគាត់បានឃើញក្រុមជនជាតិវៀតណាមខាងលើ បានយកកាំភ្លើង ចេញទៅបរបាញ់សត្វ ហើយគាត់ក៏បានរាយការណ៍ ជូនអាជ្ញាធរ និងសមត្ថកិច្ច ទើបនៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ សមត្ថកិច្ចខាងកម្លាំងកងរាជអាវុធហត្ថស្រុកសេសាន បានចុះមកឃើញសត្វព្រៃ និងកាំភ្លើង ជាមួយនិងគ្រាប់ប្រភេទកែច្នៃ ជាច្រើនគ្រាប់ ឈានដល់ឃាត់ខ្លួនមនុស្ស ៤នាក់ភ្លាមៗ។
សមត្ថកិច្ចអាវុធហត្ថស្រុកសេសាន បានបញ្ជាក់នៅព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ថា ពិតជាបានឃាត់ខ្លួនជនជាតិវៀតណាមទាំងនោះមែន ក្រោយទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍ ជុំវិញបញ្ហានេះ ក៏ឃើញសត្វព្រៃប្រភេទទន្សាយគល់ និងកាំភ្លើងជាមួយគ្រាប់ជាច្រើន ដែលពួកគេបានរក្សាទុកនៅក្នុងផ្ទះ និងជាប្រភេទគ្រាប់កែច្នៃ អាចបាញ់ជះសាចជាអំបែងមានសារធាតុគីមី ប្រឈមនិងហានិភ័យគ្រោះថ្នាក់បំផុតដល់ប្រជាពលរដ្ឋ បើប៉ះពាល់ដោយគ្រាប់កែច្នៃនេះ (បើមនុស្សវិញអាចបំបែកសាកសព)៕