(កំពង់ចាម)៖ លោក កៅ ថាច អនុប្រធានក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកព្រៃឈរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងកម្មវិធីផ្សព្វផ្សាយ ស្តីពីស្ថានភាពនយោបាយកម្ពុជា ជូនដល់យុវជគណបក្សប្រជាជន អញ្ជើញមកពី១៥ឃុំ ក្នុងស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ដោយសមាសភាពយុវជនប្រចាំស្រុកព្រៃឈរ មានចំនួនច្រើន ដូចនេះកម្មវិធីផ្សព្វផ្សាយនេះ ត្រូវធ្វើឡើងជាពីរវេន ដោយវេនព្រឹកមានអ្នកចូលរួមចំនួន៤១៥នាក់ និងពេលរសៀលមានចំនួន៣៦៣នាក់។ ក្នុងនោះ មានសមាសភាពអញ្ជើញចូលរួម ជាគណអធិបតី និងជាវាគ្មិនមាន៖ លោក ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារយុវជន ចុះជួយស្រុកព្រៃឈរ, លោក ហេង ណន សមាជិកគណៈកម្មការកណ្តាល និងជាអនុប្រធានក្រុមការយុវជន ចុះជួយស្រុកព្រៃឈរ, លោក ហ៊ុល ប៊ុនថា អនុប្រធានក្រុមការងារយុវជនគណបក្សស្រុកព្រៃឈរ និងលោក ទេព រាមនី ប្រធានគណបក្សស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ពាក់ព័ន្ធនឹងកម្មវិធីផ្សព្វផ្សាយ ស្តីពីស្ថានភាពនយោបាយនៅកម្ពុជា មានប្រធានបទចំនួន២ ត្រូវបានលើកយកមកពិភាក្សា៖ ១៖ អំពីវិធានការកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា និង២៖ តើអ្វីទៅជា EBA?

លោក កៅ ថាច បានធ្វើការរំលឹកជូនពីការខឹតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្នុងការខិតខំស្តារសេដ្ឋកិច្ចកម្ពុជា ពីបាតដៃទទេ រហូតឈានដល់ការសម្រេចបាន នូវកំណើនសេដ្ឋកិច្ចជាតិជាបន្តបន្ទាប់ និងធ្វើឲ្យកម្ពុជាមានភាពស្មើមុខស្មើមាត់ ជាមួយបណ្តាប្រទេសផ្សេងៗនៅលើឆាកអន្តរជាតិ។

ទន្ទឹមនេះ លោកក៏បានលើកយកវិធានការកំណែទម្រង់របស់រាជរដ្ឋាភិបាល ចំនួន១៧ចំណុច មកពន្យល់បងប្អូនយុវជនម្តងមួយចំនុចៗ ដែលវិធានការនេះ បានប្រកាសតាមរយៈវេទិការាជរដ្ឋាភិបាល និងវិស័យឯកជនលើកទី១៨ ក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន។

បន្ថែមលើនេះ លោក កៅ ថាច បានពន្យល់បន្ថែមផងដែរ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លើយន្តការលើកកំពស់វិស័យកសិកម្ម និងការកាត់បន្ថយថ្លៃដើមផលិតរបស់ប្រជាកសិករ ជូនដល់បងប្អូនជ្រាបបន្ថែម។

ដោយឡែកពាក់ព័ន្ធនិងបញ្ហា EBA លោក ហ៊ុល ប៊ុនថា បានលើកយកទល្ហីករសំខាន់ៗ ដើម្បីបកស្រាយជូនបងប្អូនយុវជនបក្ស ឲ្យបានជ្រួតជ្រាប និងឈប់ឲ្យបារម្មណ៍លើបញ្ហាផ្តាច់ EBA នេះទៀត ទោះបីអត់ EBA ក៏សេដ្ឋកិច្ចកម្ពុជា នៅបន្តដំណើរទៅមុខបានដែរ។

ចុងបញ្ចប់លោកវាគ្មិន បានបើកឲ្យមានការសួរសំនួរ ពីបងប្អូនយុវជនលើចំណុច ដែលនៅសង្ស័យមួយចំនួន ដូចជាបញ្ហាកសិកម្ម បញ្ហាគ្រឿងញៀន បញ្ហាសន្តិសុខក្នុងមូលដ្ឋាន បញ្ហាជនអន្តោប្រវេសន៍ បញ្ហាព្រំដែន -ល- ដោយមានការសម្របសម្រួល និងបូកសរុបកិច្ចពិភាក្សា ពីលោក ជ្រុន ថេរ៉ាវ៉ាត ប្រធានក្រុមការងារយុវជន ចុះជួយស្រុកព្រៃឈរ៕