(ព្រះសីហនុ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា អត្រានៃកំណើនសេដ្ឋកិច្ចនៅកម្ពុជា អាចសម្រេចបានក្នុងរង្វង់៧.៥ភាគរយក្នុងឆ្នាំ២០១៨ បានដោយសារកំណើនពីវិស័យសំណង់ កំណើនវិស័យកាត់ដេរ ការងើបឡើងនៃវិស័យទេសចរណ៍ កំណើនខ្ពស់នៃវិស័យលក់ដុំលក់រាយ និងវិស័យទូរគមនាគមន៍ និងដឹកជញ្ជូន ក្នុងនោះក៏មានការចូលរួមយ៉ាងសកម្ម ពីកម្លាំងពលកម្មរបស់បងប្អូនកម្មករនិយោជិតផងដែរ។
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងយ៉ាងដូចនេះនាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ កម្មករនិយោជិតនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរខួបលើកទី១៣៣ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០១៩ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ពីធីក៏មានការចូលរួមពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។
លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា តាមការប៉ាន់ស្មានជាបឋម អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានក្នុងរង្វង់៧.៥ % ដែលគាំទ្រដោយកំណើនពីវិស័យសំណង់, កំណើនខ្ពស់ជាងការរំពឹងទុកនៃវិស័យកាត់ដេរ, ការងើបឡើងនៃវិស័យទេសចរណ៍, កំណើនខ្ពស់នៃវិស័យលក់ដុំ-លក់រាយ និងវិស័យទូរគមនាគមន៍ និង ដឹកជញ្ជូន ដែលសមិទ្ធផលទាំងនេះ កើតចេញពីការរួមចំណែកដ៏ធំធេង នៃកម្លាំងពលកម្មជាពិសេស កម្លាំងពលកម្មវ័យក្មេង និងប្រកបដោយសក្តានុពល ដែលកំពុងចូលរួមយ៉ាងសកម្ម ក្នុងវិស័យសំខាន់ៗនៃសេដ្ឋកិច្ច ។
លោកបានបន្តថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដ៏រឹងមាំ វត្តមាននៃកម្លាំងពលកម្មប្រកបដោយសក្តានុពល និងស្វាហាប់ ដែលនៅក្នុងនេះក៏រួមបញ្ចូលផងដែរ នូវកម្លាំងពលកម្មរបស់បងប្អូនកម្មករ-និយោជិត នៃកំពង់ផែក្រុងព្រះសីហនុ, គួបផ្សំជាមួយនឹងគោលនយោបាយ និងយុទ្ធសាស្រ្ត ប្រកបដោយទស្សនវិស័យជាក់លាក់ និងឆន្ទៈក្នុងការកែទម្រង់ស៊ីជម្រៅ រាជរដ្ឋាភិបាលមានចក្ខុវិស័យប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ប្រកបដោយទំនុកចិត្ត និងភាពជឿជាក់។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ក៏បានថ្លែងអគុណដល់កំពង់ផែក្រុងព្រះសីហនុ ដែលបានចូលរួម នៅក្នុងការកែទម្រង់ដ៏មុតស្រួចរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈការបញ្ចុះតម្លៃការលើកដាក់, ព្រមទាំងថ្លៃ Bonus និង
ការមិនយកឈ្នូលបន្លាស់ទីចំណតនាវា ។
លោកបានបន្ថែមថា ទោះបីការចូលរួមនេះនឹងធ្វើឱ្យកំពង់ផែ បាត់បង់នូវចំណូលប្រមាណជាង២លានដុល្លារអាមេរិក, ក៏ប៉ុន្តែប្រការនេះបានធ្វើឱ្យថ្លៃឡូជីស្ទិកមានកម្រិតទាបជាងមុន និងពង្រឹងនូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងមូល។ ទន្ទឹមនេះដែរកំពង់ផែក្រុងព្រះសីហនុក៏ជាតួអង្គ ដែលទទួលបាននូវអត្ថប្រយោជន៍ដោយផ្ទាល់ ពីការកែទម្រង់ខាងលើ តាមរយៈវិធានការនៃការរំកិលកាំកុងត្រូលចេញពីច្រកទ្វារព្រំដែន និងការរំសាយអង្គភាពកាំសាប ដែលចូលរួមចំណែក ធ្វើឱ្យប្រតិបត្តិការរបស់ផែមានភាពរលូនជាងមុន និងស្របតាមនិយាមប្រតិបត្តិការ នៃផែអន្តរជាតិផងដែរ៕