(ភ្នំពេញ)៖ ណាហ្គាវើលដ៍ បានឈ្នះពានរង្វាន់ «ឧត្តមភាពការងារសង្គមល្អបំផុតតំណាងប្រទេសកម្ពុជា» ពីរឆ្នាំជាប់គ្នានៅ «សន្និបាត និងពិធីប្រគល់ពានរង្វាន់ការងារសង្គម សកលប្រចាំឆ្នាំលើកទី១១ ឆ្នាំ២០១៩» ដែលជាពិធីប្រគល់ពានរង្វាន់ការងារសង្គមបំផុតមួយប្រចាំទ្វីបអាស៊ី នៅក្នុងទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី នាពេលថ្មីៗនេះ។
ពានរង្វាន់ការងារសង្គមសកលនេះ ទទួលស្គាល់កម្មវិធីការងារសង្គមគំរូ របស់បណ្តាក្រុមហ៊ុនណាដែលមានការប្រតិបត្តិធុរកិច្ចរបស់ខ្លួន ដោយទំនួលខុសត្រូវប្រកបដោយវិជ្ជាជីវៈខ្ពស់ និងយកចិត្តទុកដាក់ទៅលើប្រជាជន សហគមន៍ និងបរិស្ថាន។ រៀបចំដោយ Pinnacle Group International ពានរង្វាន់នេះ បានក្លាយជាស្តង់ដាររួមមួយ ក្នុងសហគមន៍នៃក្រុមការងារសង្គមទាំងអស់។
មានតែក្រុមហ៊ុនមួយចំនួន នៅក្នុងតំបន់ប៉ុណ្ណោះ ដែលទទួលបានពានរង្វាន់ប្រចាំឆ្នាំ២០១៩នេះ ដែលមានប្រភេទពានរង្វាន់រាប់រយផ្សេងៗគ្នា។ ពានរង្វាន់នេះ ត្រូវបានប្រគល់ដោយ YB Dato’ Sri Hajjah Fatimah Abdullah ដែលជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍសុខុមាលភាពសហគមន៍ ស្ត្រី គ្រួសារ និងកុមារនៃទីក្រុង Sarawak។
ណាហ្គាវើលដ៍ បានទទួលពានរង្វាន់នេះ ដោយសារខ្លួនបានអនុវត្តកម្មវិធីការងារសង្គម ដោយផ្អែកទៅលើយុទ្ធសាស្ត្រស្នូលរបស់ក្រុមហ៊ុន និងបានចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងកសាងប្រទេសកម្ពុជាក្នុងពេលតែមួយ។
នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានថ្លែងថា «យើងមានកិត្តិយសយ៉ាងខ្លាំង ដែលទទួលបានពានរង្វាន់ដ៏សំខាន់នេះ ដែលសរបញ្ជាក់ឲ្យឃើញពីស្នាដៃឆ្នើមមួយទៀត របស់ណាហ្គាវើលដ៍ ក្នុងការអភិវឌ្ឍការងារសង្គម ក្នុងប្រទេសកម្ពុជា»។
លោកបន្ដថា «ចាប់តាំងពីណាហ្គាវើលដ៍ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៩៥ មក យើងបានបញ្ចូលការងារទំនួលខុសត្រូវ ក្នុងសង្គមនេះ ជាផ្នែកមួយនៃយុទ្ធសាស្ត្រធុរកិច្ច ប្រកបដោយនិរន្តរភាពរបស់យើង ដែលយើងយកចិត្តទុកដាក់ទៅលើសហគមន៍ បុគ្គលិក ម្ចាស់ភាគហ៊ុន និងប្រទេសកម្ពុជាទាំងមូល»៕