(កំពង់ចាម)៖ ព្រះរាជអាជ្ញាខេត្តកំពង់ចាម លោក ហួត វុទ្ធី នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញមកច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់ថា កម្លាំងសមត្ថកិច្ចបានធ្វើទារុណកម្មអ្នកជាប់ឃុំម្នាក់រហូតស្លាប់បាត់បង់ជីវិត នៅក្នុងបន្ទប់ឃុំឃាំង ប៉ុន្ដែឆ្លងតាមការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ពិរុទ្ធជន ទិត្យ រ៉ន បានដោយជួលក្នុងបន្ទប់ទឹកបោកក្បាលស្លាប់ដោយខ្លួនឯង។
ថ្លែងភ្នាក់ងារ Fresh News ក្រោយបញ្ចប់កិច្ចប្រជុំមួយដើម្បីស្រាវជ្រាវលើករណីនេះ លោក ហួត វុទ្ធី បានអះអាងថា អ្នកជាប់ឃុំឈ្មោះ ទិត្យ រ៉ន អាយុ២៦ឆ្នាំ បានស្លាប់កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ហើយលោកបានចេញបទបញ្ជាភ្លាមៗ ឲ្យសមត្ថកិច្ចបើកការស៊ើបអង្កេតជាបន្ទាន់ ទៅលើករណីជនជាប់ចោតដែលបានស្លាប់នោះ។
លោកបន្តថា ក្រោយពីមានការស៊ើបអង្កេតយ៉ាងហ្មត់ចត់នោះ ជាលទ្ធផលសមត្ថកិច្ចបានរកឃើញថា ឈ្មោះ ទិត្យ រ៉ន ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពីបទបង្ករបួសស្នាមដោយចេតនា ប្រព្រឹត្តនៅភូមិវត្ត ឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០០៦ ហើយបានយកមកឃុំជាបណ្ដោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ក្នុងបន្ទប់តែមួយជាមួយជនសង្ស័យពីរនាក់ផ្សេងទៀត។
លុះដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ឈ្មោះ ទិត្យ រ៉ន បានដើរចូលទៅក្នុងបន្ទប់ទឹក ក្នុងអាគារឃុំខ្លួនបណ្ដោះអាសន្នទាំងខ្លួនដៃ ញ័រជើង របៀបដូចជាមនុស្សញៀនស្រា ទើបបណ្ដាលឲ្យដួលបោកក្បាលទៅប៉ះជ្រុងអាងទឹក បង្កឲ្យមានរបួសលើត្របក ភ្នែកខាងស្ដាំ ហូរ ឈាមជាដំណំ។ រហូតដល់ថ្ងៃទី១៨ ខែមេសា អ្នកជាប់ឃុំនេះក៏បានស្លាប់ នៅក្នុងប៉ុស្តិ៍សុខភាព នៃពន្ធនាគារខេត្តកំពង់ចាម។
តាមសាក្សីឃុំខ្លួនក្នុងបន្ទប់ជាមួយគ្នា បានបញ្ជាក់ថា ពេលដែលនៅក្នុងបន្ទប់ជាមួយឈ្មោះ ទិត្យ រ៉ន នោះ គឺខ្លួនប្រាណគាត់មានធុំក្លិនស្រា និងមានសភាពញ័រដៃ ញ័រជើងដើរមិនសូវត្រង់ផ្លូវ។ លុះនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ស្រាប់តែ ឈ្មោះ ទិត្យ រ៉ន មានសភាពញ័រដៃញ័រជើងកាន់តែខ្លាំង និងមានបែកពពុះមាត់ ហាក់បីដូចជាមនុស្សញៀនស្រា បន្ទាប់មកគាត់ក៏បានដើរចូលទៅក្នុងបន្ទប់ទឹក នៃអគារឃុំឃាំងនោះ រួចក៏ដួលផ្កាប់មុខបោកក្បាល ត្រូវនឹងកែងអាងទឹកបង្គន់តែម្ដង៕