(ភ្នំពេញ)៖ កូនខ្មែរមួយក្រុមបានរៀបចំបង្កើតឱ្យមាន App ដំរី Taxi ដើម្បីឆ្លើយតប និងបំពេញតម្រូវការទីផ្សារ ដែលកំពុងមានការកើនឡើង ក្នុងរបត់នៃការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល វិស័យគមនាគមន៍ ដែលទាមទានូវការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនប្រកបដោយភាពឆ្លាតវៃ និងមានផលិតភាពខ្ពស់ ស្របពេលដែលវិស័យដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា បាននឹងកំពុងដំណើរការយ៉ាងរស់រវើក ស្ទើរគ្រប់ទីកន្លែង នៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសក្តានុពលមួយចំនួន ដោយបានផ្តល់ភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិ។
ជាក់ស្តែងនៅនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នំា២០១៩នេះ ក្រុមហ៊ុនដំរី បានដាក់សម្ភោធឱ្យដំណើរការនូវសេវាកម្មដឹកអ្នកដំណើរ និងទំនិញ ( Damrei Taxi) ដោយមានការអញ្ជើញចូលរួមពីម្ចាស់រ៉ឺម៉ក កង់បីខ្មែរ រ៉ឺម៉កនាំចូល រថយន្ត និងអតិថិជនយ៉ាងច្រើនកុះករ ដើម្បីទទួលយកការភ្ជាប់សេវាកម្មថ្មីរបស់ក្រុមហ៊ុន នៅវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ។
បើតាមលោក សុខ ផាន់ណា អ្នកគ្រប់គ្រងទូទៅបានបញ្ជាក់ថា ក្រុមហ៊ុនដំរីជាក្រុមហ៊ុនដែលស្ថាបនាឡើង ដោយបច្ចេកវិទ្យាទំនើបចេញ ពីទឹកដៃរបស់កូនខ្មែរ ដើម្បីឆ្លើយតបនិងបំពេញតម្រូវការទីផ្សារ ដែលកំពុងមានការកើនឡើងក្នុងរបត់នៃការវិវឌ្ឍនៃបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យគមនាគមន៍ ដែលទាមទានូវការប្រើប្រាស់មធ្យោបាយដឹកជញ្ជូនប្រកបដោយភាពឆ្លាតវៃ និងមានផលិតភាពខ្ពស់ ស្របពេលដែលវិស័យដឹកជញ្ជូនអ្នកដំណើរនៅកម្ពុជា បាននិងកំពុងដំណើរការយ៉ាងរស់រវើក ស្ទើរគ្រប់ទីកន្លែងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តសក្តានុពលមួយចំនួន ដោយបានផ្តល់ភាពងាយស្រួលដល់ភ្ញៀវជាតិ និងអន្តរជាតិ។
លោក សុខ ផាន់ណា បានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មាន ឱ្យដឹងថា App ដំរី Taxi នេះត្រូវបានរៀបចំបង្កើតឡើងរយៈពេលជាងមួយឆ្នាំមកហើយ ក៏ប៉ុន្តែក្រុមហ៊ុនទើបនឹងសម្រេចដាក់ឱ្យដំណើរការ ជាបណ្តុះអាសន្នបន្ទាប់ពីធ្វើការត្រួតពិនិត្យសាកល្បងជាច្រើងលើកច្រើនសារលើគុណភាព ហើយសម្រាប់តម្លៃវិញគឺមានភាពសមរម្យ និងសេវាកម្មរហ័សមិនចាញ់បច្ចេកវិទ្យា ដែលបង្កើតឡើងដោយជនបរទេសនោះឡើយ។
លោកបានបន្តថា ជាក់ស្តែងលក្ខណៈពិសេសរបស់ក្រុមហ៊ុនដំរី បង្កើតឡើងដើម្បីបម្រើនូវរាល់សេចក្តីត្រូវការ និងសេវាកម្មរស់រវើកចំពោះអតិថិជន ដោយបានផ្តោតជាសំខាន់លើតម្លៃ ការគំាពារ សុជីវធម៌ និងទំនុកចិត្ត ដែលមានអ្នកបើកបរបានឆ្លងកាត់វគ្គបណ្តុះបណ្តាលអំពីច្បាប់ចរាចរណ៍ ប្រកាន់ខ្ជាប់នូវសីលធម៌ល្អ គុណធម៌ និងរួសរាយរាក់ទាក់ផ្តល់ស្នាមញញឹមទៅដល់អតិថិជន តាមរយៈការប្រើប្រាស់មធ្យោបាយយានយន្ត (រ៉ឺម៉កកង់បីខ្មែរ រ៉ឺកម៉ក នាំចូល និងរថយន្ត) ដែលមានសុវត្ថិភាព សោភណ្ឌភាព មានអត្តសញ្ញាណសម្គាល់ និងមានការត្រួតពិនិត្យផ្នែក បច្ចេកទេសជាប់ជាប្រចាំ។
ជាមួយគ្នានេះ ក្រុមហ៊ុនដំរី ក៏បានចាត់ទុកអ្នកបើកបរម្ចាស់ក្រុមហ៊ុន និងជាដៃគូល្អ ដោយបានយកចិត្តទុកដាក់ខ្ពស់ ដល់ការលើកកម្ពស់ជីវភាព អ្នកបើកបរ ការរីកចម្រើនលូតលាស់ជាមួយគ្នា និងផ្តល់ជូនប្រព័ន្ធធានារ៉ាប់រងសង្គម ដោយតម្រូវឱ្យអ្នកបើកបរបង់កំរៃជើងសារចំនួនត្រឹមតែ៩% ប៉ុណ្ណោះនៃចំណូលសរុបពីការប្រើប្រាស់សេវាហៅទទួលរហ័សពីក្រុមហ៊ុនដំរី និងផ្តល់ជូនសេវាគាំពារសង្គម ចំនួន៩,០០០,០០០រៀល (ប្រាំបួនលានរៀល) ក្នុងករណីអ្នកបើកបរ និងអ្នកជិះរួមដំណើរជួបគ្រោះថ្នាក់ជាយថាហេតុ (របួសធ្ងន់ធ្ងរ ឬទទួលមរណៈភាព) នៃប្រតិបត្តិការសេវារបស់ដំរី។
ដោយឡែកចំពោះការដឹកជញ្ជូនទំនិញ ឬសម្ភារវិញ ក្រុមហ៊ុនមានប្រព័ន្ធបច្ចេកវិទ្យាតាមដានរាល់សកម្មភាពប្រតិបត្តិការដឹកជញ្ជូនជូនអតិថិជន ធានាការដឹកជញ្ជូនរហ័សទាន់ចិត្ត សងនូវរាល់ការខូចខាត ឬការបាត់បង់នូវទំនិញ និងសម្ភារជូនអតិថិជនវិញក្នុងអំឡុងពេលប្រតិបត្តិការ។
លោក សុខ ផាន់ណា បានបញ្ជាក់ថា ផ្អែកលើបច្ចេកវិទ្យា គុណតម្លៃ និងលក្ខណៈសម្បត្តិ តំណាងឱ្យក្រុមហ៊ុនទំាងមូល យើងមានជំនឿយ៉ាងមុតមាំ ចំពោះទីផ្សារកម្ពុជាចំពោះអតិថិជន និងសូមអំពាវនាវដល់ប្រជាពលរដ្ឋទំាងអស់ មេត្តាផ្តល់ការគំាទ្រមកលើសេវាកម្មរបស់ក្រុមហ៊ុន ហើយក្រុមហ៊ុន មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់ជូននូវសេវាកម្មដឹកអ្នកដំណើរ ទំនិញ និងសម្ភាររបស់អតិថិជនប្រកបដោយភាពរហ័សទាន់ចិត្ត និងសុវត្ថិភាព តាមរយៈការបើកបរប្រកបដោយវិជ្ជាជីវៈ រស់រាយរាក់ទាក់ និងមានក្រមសីលធម៌ សំដៅធ្វើយ៉ាងណាឱ្យក្រុមហ៊ុនដំរី ក្លាយជាមធ្យោបាយដ៏ពេញនិយម របស់អ្នកប្រើប្រាស់ស្របតាមអត្តសញ្ញាណនៃរូបរូបសញ្ញាដំរីស ដែលតំណាងឱ្យសត្វដែលមានអំណាចបុណ្យបារមី ជាទីគោរពស្រឡាញ់ ពោរពេញដោយភាពស្វាហាប់ ថាមពលខ្លាំងក្លា សម្រាប់ដឹកអតិថិជន និងដឹកជញ្ជូនសម្ភារ ប្រកបដោយទំនុកចិត្ត និងសុវត្តិភាពបំផុត៕