(ភ្នំពេញ)៖ អាជ្ញាធររាជធានីភ្នំពេញបានដាក់ផែនការ និងជំរុញឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដូចជា អាជ្ញាធរខណ្ឌធ្វើការស្ដារលូក្នុងផែនការឆ្នាំ២០១៩ បើទោះបីនៅឆ្នាំ២០១៨ ផែនការស្ដារលូទទួលបានជោគជ័យគួរជាទីមោទនភាពក៏ដោយ។
ការដាក់ផែនការនិងជំរុញឲ្យមន្ទីរ និងអាជ្ញាធរពាក់ព័ន្ធធ្វើការស្ដារលូក្នុងផែនការឆ្នាំ២០១៩នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ កាលពីល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា ការស្ដារប្រឡាយលូត្រូវតែធ្វើឡើងដោយប្រទាក់ក្រឡាគ្នា ដើម្បីឲ្យទឹកហូរបាន។ លើបញ្ហានេះ រដ្ឋបាលរាជធានីបានកសាងស្ថានីយ៍បូមទឹកជាច្រើនកន្លែង ដោយបានធ្វើការប្រទានកម្មដីធ្លីឲ្យប្រជាពលរដ្ឋនៅស្ទឹងមានជ័យ ដើម្បីយើងអាចស្ថាបនាប្រឡាយរំដោះទឹកស្ទឹងមានជ័យ បើកមុខទឹកដោះស្រាយការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះ អង្គការចៃកាក៏បានខិតខំដោះស្រាយជុំវិញបញ្ហាលិចលង់នេះផងដែរ ដោយអង្គការចៃការបានធ្វើប្រឡាយលូរំដោះទឹកតាំងពីជំហានទី១ រហូតដល់ជំហានទី៣ ហើយពេលថ្មីៗនេះ អង្គការចៃកាក៏បានបន្តជំហានទី៤បន្ថែមទៀត ដែលពិធីនោះបានធ្វើឡើងក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ក្នុងកិច្ចប្រជុំនោះដែរ លោក ឃួង ស្រេង ក៏បានណែនាំឲ្យមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើរបាយការណ៍ស្តីពី ការស្តារលូប្រឡាយនៅក្នុងឆ្នាំ២០១៨ ដោយបញ្ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយើងរៀបចំផែនការនៃការស្តារលូប្រឡាយនៅក្នុងឆ្នាំ២០១៩ បន្តទៀត ធ្វើយ៉ាងណាអាចរំដោះទឹកបានជាអតិបរិមា។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងថា ផែនការស្ដារលោកនៅក្នុង៤ខណ្ឌ កណ្ដាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការស្នាបូមលូបានប្រវែង១៤១០៩១ម៉ែត្រ ក្នុងនោះ ខណ្ឌដូនពេញមានប្រវែង២៤៣៩០ម៉ែត្រ ខណ្ឌចំការមាន ប្រវែង២៨០៦៨ម៉ែត្រ ខណ្ឌទួលគោក ប្រវែង២៨៨១៩ម៉ែត្រ និងខណ្ឌ៧មករា មានប្រវែង២០៨១៤ម៉ែត្រ។
លោក សាំ ពិសិដ្ឋ បានបញ្ជាក់ថា ក្រោយពីការស្ដារលូនៅក្នុង៤ខណ្ឌ មានខណ្ឌចំនួនពីរ មិនទទួលការលិចលង់ដោយជំនន់ទឹកភ្លៀងទៀតទេ នោះគឺខណ្ឌចំការមន និងខណ្ឌ៧មករា ចំណែក២ទៀត ខណ្ឌដូនពេញ និងខណ្ឌទួលគោក អាចដោះស្រាយបានមួយកម្រិតពិសេស គឺការដោះស្រាយបាននៅខាងត្បូង ផ្លូវសហព័ន្ធរុស្ស៊ីដោយនៅខាងជើងផ្លូវហព័ន្ធរុស្ស៊ី មានការលិចលង់ដោយអន្លើ។
ចំណែកនៅខាងខណ្ឌដូនពេញវិញ គឺមានការលិចលង់ខ្លះនៅប៉ែកខាងជើងវត្តភ្នំ ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ទីរសាធារណការ និងដឹកជញ្ជូន បាននិងកំពុងធ្វើការដោះស្រាយដើម្បីកាត់បន្ថយឲ្យបាននូវការលិចលង់ដោយជំនន់ទឹកភ្លៀងនេះហើយ៕