(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការបង្ការ និងបង្ក្រាបបទល្មើសលួច ឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បង្ក្រាបបានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលបានធ្វើសកម្ម ភាពកាច់កម៉ូតូរបស់ជនរងគ្រោះ នៅចំណុចមុខហាងលក់ខោ អាវ ផ្ទះលេខ១៤៧A ផ្លូវលេខ១៥៦ ក្រុមទី៥ ភូមិ២ សង្កាត់ ទឹកល្អក់ទី២ ខណ្ឌទួលគោក។
របាយការណ៍របស់លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានគោលដៅចុះខណ្ឌទួលគោក បានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងនគរបាលតាមបង្ក្រាបបាននេះ ឈ្មោះ សុន ពិសិដ្ឋ អាយុ១៨ឆ្នាំ មុខ របរមិនពិតប្រាកដ ស្នាក់នៅផ្ទះ ជួលមិនចាំលេខ ផ្លូវមាត់ប្រឡា យ សង្កាត់ទួលទំពូងទី១ ខណ្ឌ ចំការមន រាជធានីភ្នំពេញ។ នៅពេលឃាត់ខ្លួនសមត្ថកិច្ច បានយកទឹកនោមជនសង្ស័យធ្វើតេស្ត រកឃើញមានសារធាតុញៀន។
ដោយឡែកជនរងគ្រោះឈ្មោះ ផា តិចឈុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ១៤៧A ផ្លូវលេខ១៥៦ ក្រុមទី៥ ភូមិ២ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក។ សម្ភារបាត់បង់រួមមាន ម៉ូតូចំនួន០១គ្រឿង ម៉ាក Scoopy ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1BJ-7530 លេខតួ-ម៉ាស៊ីន8012394។
លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត បានបញ្ជាក់ថា មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូមកចតទុកនៅមុខហាងលក់ខោអាវ ដោយភ្លេចដកសោរចេញពីម៉ូតូ រួចដើរចូលទៅក្នុងហាងដើម្បីលក់ខោអាវ លុះដល់ម៉ោងប្រហែល០៧៖៣០នាទី ស្រាប់តែមានជនសង្ស័យចំនួន០៣នាក់ ជិះម៉ូតូចំនួន០១គ្រឿង ម៉ាក Honda C125 ព័ណ៌ ខ្មៅ មានស្លាកលេខតែមិនចាំបាន ជិះមកឈប់នៅមុខហាងរួចទម្លាក់ជនសង្ស័យឈ្មោះ សុន ពិសិដ្ឋ និងឈ្មោះ ចិត្ត ដែលជិះពីខាងក្រោយឲ្យចុះធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ។
ភ្លាមនោះឈ្មោះ ចិត្ត ជាអ្នកធ្វើសកម្មភាពឡើងជិះយកម៉ូតូរបស់ជនរងគ្រោះបានសម្រេច រួចជិះគេចខ្លួនជាមួយឈ្មោះហៅក្តូ (ជាបក្ខពួកដឹក មកទម្លាក់) ចេញពីកន្លែងកើត ហេតុបាត់ទៅ ចំណែកជនសង្ស័ យ ឈ្មោះ សុន ពិសិដ្ឋ រត់ឡើង ជិះម៉ូតូមិនទាន់ ក៏ត្រូវបានជនរងគ្រោះឃើញស្រែកឆោឡោឲ្យគេជួយ។ ពេលនោះកម្លាំងល្បាតរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដែលកំពុងល្បាតនៅក្បែរនោះ បានអន្តរាគមន៍ចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ សុន ពិសិដ្ឋ ជាក់ស្តែងនាំយកមកប៉ុស្តិ៍ធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់។ ពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតបាន ដែកកែឆ្នៃសំប៉ែតចុងស្រួចចំនួន០១ និងសោរទីបលេខ៨ សម្រាប់តកាច់សោរម៉ូតូចំនួន១។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាល ខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕