(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវ បានប្រកាសឲ្យប្រជាពលរដ្ឋក្រីក្រ ដែលមានជំងឺទូទៅ សូមទៅទទួលការពិនិត្យព្យាបាលនៅឯមន្ទីរពេទ្យ ដោយគ្មានចំណាយថវិកាឡើយ ឲ្យតែមានប័ណ្ណ ប.ស.ស ភ្ជាប់ទៅជាមួយ ចេញដោយបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
តំណាងឲ្យលោក ជា ពិសី ក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌឬស្សីកែវ គឺលោក អាន ផល្លា បានអំពាវយ៉ាងដូច្នេះ នៅខណៈដែលលោកស្រីអញ្ជើញដឹកនាំក្រុមការងារបណ្ដាញនារីភូមិ-សង្កាត់ និងខណ្ឌ នាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីឧបត្ថម្ភជូនប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង ស្ត្រីកូនខ្ចី និងមានជំងឺងាយរងគ្រោះ នៅសង្កាត់គីឡូម៉ែត្រលេខ៦ នាល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
លោកស្រី អាន ផល្លា ជា ពិសី បាន នាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅកាន់ប្រជាពលរដ្ឋថា ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនប្រកាន់ពីពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពីព្រោះសុខទុក្ខរបស់ប្រជាជនកម្ពុជា គឺជាសុខទុក្ខរបស់លោកទាំងទ្វេ។
បន្ថែមពីនេះ លោកស្រី អាន ផល្លា ជា ពិសី បានប្រកាសឲ្យប្រជាពលរដ្ឋក្រីក្រ ដែលមានជំងឺទូទៅ សូមទៅទទួលការពិនិត្យព្យាបាលនៅមន្ទីរពេទ្យ ដោយគ្មានចំណាយថវិកាឡើយ ឲ្យតែមានប័ណ្ណ ប.ស.ស ភ្ជាប់ទៅជាមួយ ចេញដោយបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការយកចិត្តទុកដាក់ពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា៕