(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ បានប្រកាសសម្រេចបង្កើតក្រុមការងារមួយ ដើម្បីបង្រ្កាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសលើបញ្ហាគ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋាន ដែលជាដើមចមនៃបទល្មើសចោរកម្មកើតឡើងជាអំពើ លួច ឆក់ ប្លន់ ដើម្បីឲ្យមានប្រសិទ្ធភាព ចំពោះគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា។
ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី បានសម្រេចបែបនេះ ធ្វើនៅក្នុងកិច្ចប្រជុំមួយ ដោយមានសមសភាពចូលរួមពីលោក-លោកស្រី អភិបាលរងខណ្ឌ អធិការនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ ចៅសង្កាត់ទាំង៧ នៃរដ្ឋបាលខណ្ឌ និងមន្ត្រីពាក់ព័ន្ធតាមបណ្ដាការិយាល័យជំនាញ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
ក្នុងកិច្ចប្រជុំនេះ ផ្តោតសសំខាន់លើរបៀបវារៈចំនួន៣ រួមមាន៖ ទី១៖ត្រៀមកម្លាំងការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនអង្គការ សមាគមន៍នានា ដែលនឹងមកធ្វើការសម្តែងមតិ ក្នុងទិវាពលកម្មអន្តរជាតិ ០១ ឧសភា នៅសួនទីលានប្រជាធិបតេយ្យថ្មី ស្ថិតនៅភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ, ទី២៖ផ្សព្វផ្សាយសេចក្តីសម្រេចស្តីពី ការបង្កើតក្រុមការងារបង្រ្កាបល្បែងស៊ីសង និងគ្រឿងញៀនខុសច្បាប់ និងទី៣៖ត្រៀមរៀបចំ និងផ្សព្វផ្សាយការបោះឆ្នោតក្រុមប្រឹក្សា អាណត្តិទី៣។
លើសពីនេះ លោក ជា ពិសី បានប្រកាសសម្រេចបង្កើតក្រុមការងារ ដើម្បីបង្រ្កាបរាល់ល្បែងស៊ីសងគ្រប់ប្រភេទ ពិសេសលើបញ្ហាគ្រឿងញៀនខុសច្បាប់ នៅតាមមូលដ្ឋាន ដែលជាដើមចមនៃបទល្មើសចោរកម្មកើតឡើងជាអំពើ លួច ឆក់ ប្លន់ ដើម្បីឲ្យមានប្រសិទ្ធភាពចំពោះគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន៕