(ភ្នំពេញ)៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ បានអំពាវនាវ ដល់ក្មួយៗជាស្ត្រីគ្រប់រូប សូមមកទទួលការពិនិត្យថែទាំ ឲ្យបានទៀងទាត់ ពីឆ្មបជំនាញក្នុងពេលពរពោះ និងក្រោយពេលសម្រាល ដើម្បីទទួលបានសុខភាពល្អប្រសើរ ទាំងមាតា ទាំងទារក។ នេះបើតាមសារលិខិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្ញើជូនបង-ប្អូនជនរួមជាតិ ក្នុងទិវាឆ្មបជាតិ-អន្តរជាតិ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំសូមឆ្លៀតឱកាសនេះ អំពាវនាវដល់ក្មួយៗជាស្ត្រីគ្រប់រូប សូមមកទទួលការពិនិត្យថែទាំ ឲ្យបានទៀងទាត់ ពីឆ្មបជំនាញក្នុងពេលពរពោះ ពេលសម្រាលកូន និងក្រោយសម្រាល តាមកាលកំណត់ណាត់ជួប ដើម្បីទទួលបានសុខភាពល្អប្រសើរ ទាំងមាតាទាំងទារក។ សូមធ្វើការពន្យារកំណើតពីកូនមួយទៅកូន បន្ទាប់ឱ្យបានបីឆ្នាំ និងសូមយកទារក និងកុមារតូច មកទទួលថ្នាំបង្ការជំងឺឱ្យបានគ្រប់ចំនួនតាមពេលកំណត់»។
ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ក៏សូមអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ឲ្យមានការគាំទ្រ និងវិនិយោគបន្ត និងជាប្រចាំ ទៅលើអន្តរាគមន៍គន្លឹះផ្នែកការងារធ្មប ព្រោះថា ឆ្មបគឺជា អ្នកការពារសិទ្ធិស្រ្តី ឆ្មបជាអ្នកគាំពារសុខភាព និងសិទ្ធិបន្តពូជ មានតែឆ្មបទេ ដែលអាចជួយស្ត្រីជាមាតា ទារក និងកុមារទាំងអស់ ឲ្យទទួលបាននូវសេវាថែទាំគាំពារ និងសង្គ្រោះជីវិតក្នុងពេលពរពោះ ពេលសម្រាល និងក្រោយសម្រាល។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តផ្តល់លទ្ធភាព ជំរុញការងារក្នុងវិស័យសុខាភិបាល ជាពិសេសសុខភាពមាតាទារក និងកុមារ ឲ្យទទួលបានជោគជ័យ ក្នុងការគ្របដណ្តប់សេវាសុខាភិបាល ជាសកលជាមិនខាន។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានផ្តល់អនុសាសន៍ ឲ្យក្រុមឆ្មបជំនាញ ខិតខំបង្កើនសមត្ថភាពយល់ដឹង និងបទពិសោធន៍ឲ្យបានច្រើនបន្ថែមទៀត ដើម្បីផ្តល់សេវាសុខភាពមានគុណភាព ដោយយកចិត្ត ទុកដាក់ទទួលខុសត្រូវខ្ពស់ ប្រកបដោយគុណធម៌ និងសមធម៌ សហការគ្នាដើម្បីប្រយោជន៍សុខភាពស្រ្តី-ទារក-កុមារផង និងដើម្បីលើកកម្ពស់វិជ្ជាជីវៈឆ្មបផង ក្នុងទិសដៅឈានទៅសម្រេចបានជោគជ័យថ្មីៗទៀត សម្រាប់ជាតិមាតុភូមិ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាល បានផ្តោតសំខាន់លើការងារសុខភាពមាតា ទារក និងកុមារ ជាពិសេស ការពង្រីកនិងអនុវត្ត គោលនយោបាយគាំពារសង្គម បានធ្វើឲ្យកម្ពុជាកាន់តែមានភាពត្រចះត្រចង់ ហើយទិវាឆ្មបជាតិ ៥ឧសភា កាន់តែមានអត្ថន័យជ្រាលជ្រៅថែមទៀត៕