(ភ្នំពេញ)៖ ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ថា គ្រាប់បែកកែច្នៃដែលកម្លាំងសមត្ថកិច្ចបង្ក្រាបបាន ជាមួយជនជាតិចិនម្នាក់នៅខណ្ឌពោធិ៍សែនជ័យនោះ ជាប្រភេទគ្រាប់មិនផ្ទុះបាននោះទេ ដោយសារគ្មានខ្សែឈ្នួនផ្ទុះ ហើយនៅខាងក្នុងបំពង់នោះមានតែដីខ្សាច់ មិនមែនរំសេវនោះទេ។
លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងថា តាមការត្រួតពិនិត្យរបស់មន្រ្តីស៊ីម៉ាក់ បានបង្ហាញថាជាប្រភេទគ្រាប់បែកកែច្នៃមិនអាចផ្ទុះនោះទេ ដូច្នេះមិនបង្កគ្រោះថ្នាក់អ្វីឡើយ។
លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាក់យ៉ាងដូច្នេះថា «សូមសាធារណជនជ្រាប ក្រោយសមត្ថកិច្ចពិនិត្យយ៉ាងយកចិត្តទុកដាក់ លើករណីជនជាតិចិនដែលគេសង្ស័យ យកគ្រាប់បែកកែច្នៃទៅដាក់ផ្ទះមិត្តភក្តិនោះ មិនមែនជាគ្រាប់បែកនោះទេ ដោយសារពិនិត្យមើលនៅក្នុងបំពង់ទាំងអស់នោះ ឃើញសុទ្ធតែខ្សាច់ មិនមានរំសេវ»។
ជាមួយគ្នានេះ លោកស្នងការ ក៏បានបញ្ជាក់ផងដែរថា ករណីនេះផ្ដើមចេញពីគំនុំរកស៊ីជាមួយដៃគូរបស់ខ្លួន ជាជនជាតិចិនដូចគ្នា ទើបធ្វើឲ្យជនសង្ស័យយកគ្រាប់បែកកែច្នៃ មកគំរាមដៃគូជម្លោះរបស់ខ្លួន។
យ៉ាងណាក៏ដោយ នៅពេលនេះ កម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងបើកការស្រាវជ្រាវសួរនាំទៅលើជនសង្ស័យ បន្ថែមទៀតដើម្បីឈានទៅដល់ការចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ និងកម្លាំងស៊ីម៉ាក់ បានចាប់ខ្លួនបុរសជនជាតិចិន នៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាមួយកាបូបពណ៌ខ្មៅ ដោយនៅក្នុងកាបូបនោះ មានគ្រាប់កែច្នៃជាច្រើនគ្រាប់៕