(កំពង់ធំ)៖ ដើម្បីរួមចំណែកអនុវត្តន៍គោលនយោបាយភូមិ-ឃុំមានសុវត្តិភូមិឱ្យតែមានប្រសិទ្ធភាពបន្ថែមទៀត និងស្របតាមទិសដៅពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ការពង្រឹងវិធានការថែរក្សា សន្តិសុខសាធារណៈនោះ នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជារការឯកភាពខេត្ត បានចែកសំលៀកបំពាក់ ឯកសណ្ឋានប្រជាការពារ ចំនួន១៣៥រូប ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
ថ្លែងក្នុងពិធីចែកបំពាក់ឯកសណ្ឋានប្រជាការពារក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន លោក សុខ លូ បានលើកឡើងថា ប្រជាការពារ គឺជាអ្នកដែលអាចថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានប្រកបដោយប្រសិទ្ធភាព ព្រោះប្រជាការពារ គឺជាប្រជាពលរដ្ឋដែល រស់នៅដោយផ្ទាល់ជាមួយក្រុមគ្រួសារ នៃបងប្អូនក្នុងភូមិ-ឃុំ-សង្កាត់ ហើយបានដឹងច្បាស់អំពីស្ថានភាព មុខរបរ និងការរស់ ដែលស្ថិតនៅជិតបំផុតផងដែរ។
លោក សុខ លូ បានធ្វើការកោតសរសើរ និងលើកទឹកចិត្តដល់ប្រជា ការពារទាំងអស់ និងធ្វើការគាំនូវសកម្មភាពដ៏ប្រសើរ ក្នុងឆន្ទះរួមគ្នាអភិវឌ្ឍន៍ និងការថែរក្សាសន្តិភាពក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមឱ្យប្រជាការពារ ព្រមទាំងប្រជាពលរដ្ឋទាំងអស់ បន្តអនុវត្តន៍គោល នយោបាយភូមិ-ឃុំមានសុវត្ថិភាព ក្នុងមូលដ្ឋានជារៀងរហូត។ ជាមួយគ្នានេះប្រជាការពារបានរួមចំណែកផ្តល់នូវដំណឹងមិនប្រក្រតីដែលបាន កើតឡើងក្នុងមូលដ្ឋានមានដូចជា៖ បទល្មើសគ្រឿងងញៀន ក្មេងទំនើង ដែលធ្វើសមត្ថកិច្ចកំណត់មុខសញ្ញា និងបង្ក្រាបបានជាបន្តបន្ទាប់ផងដែរ។
ជាមួយគ្នានេះក្រុមប្រជាការពារក៏បានសម្តែងក្តីរីករាយ ដោយបានលើកឡើងព្រមៗគ្នាថា បើទោះបីជាពួកគាត់មិនមានប្រាក់ខែក្តី ប៉ុន្តែពួកនៅតែពេញចិត្តស្ម័គ្រចិត្តការពារសន្តិសុខ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដើម្បីឱ្យប្រជាពលរដ្ឋនៅក្នុងភូមិរស់នៅដោយមិនព្រួយបារម្ភណ៍ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាត់តាំងចលនាការពាសន្តិសុខមាតុភូមិ ឬហៅថាប្រជាការពារក្នុងគោលដៅពង្រឹងវិធានការរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម និងធ្វើការអនុវត្តគោលនយោបាយភូមិមានសុវត្ថិភាពប្រកបដោយប្រសិទ្ធភាពកើនឡើងទ្វេរដង ជាពិសេស គឺបំផុសនូវស្មារតីស្រឡាញ់ជាតិ មាតុភូមិ របស់ពលរដ្ឋគ្រប់រូបឱ្យចេះសាមគ្គី និងមានមនសិការខ្ពស់ ក្នុងសកម្មភាពចូលរួមអភិវឌ្ឍន៍ និងថែរក្សាសន្តិសុខក្នុងមូលដ្ឋាន រៀងៗខ្លួន៕