(ភ្នំពេញ)៖ យ៉ាងហោចណាស់មានផ្ទះប្រជាពលរដ្ឋចំនួន ៦១ខ្នង ត្រូវរងការខូចខាតដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់ បណ្តាលឱ្យមនុស្សរបួស ៣នាក់ និងគោងាប់ ១ក្បាល នៅឃុំចំនួន៥ ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

បើតាមសេចក្តីរាយការណ៍ពីភ្នាក់ព័ត៌មាន Fresh News នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ករណីគ្រោះធម្មជាតិ បានកើតឡើងវេលាម៉ោង២៖៣០នាទី នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញ។

ខ្នងផ្ទះដែលរងការខូចខាតទាំង ៦១ខ្នង រួមមាន៖ នៅឃុំក្រវ៉ាចំនួន ១៥ខ្នង, ឃុំស្រឡៅ៣៧ខ្នង, ឃុំបាក់ស្នាចំនួន១ខ្នង, ឃុំគគីធំចំនួន២ខ្នង,ឃុំពង្រ ចំនួន១ខ្នង និងឃុំឈូកខ្សាច់ចំនួន ៥ខ្នង) ក្នុងនោះរលំផ្ទះចំនួន៤ខ្នង ក្នុងនោះឃុំក្រវ៉ាចំនួន២ខ្នង ឃុំបាក់ស្នា១ខ្នង និងពង្រ១ខ្នង របើកដំបូលទាំងស្រុង ចំនួន១០ខ្នង ក្នុងនោះ ឃុំស្រឡៅ៦ខ្នង ក្រវ៉ា២ខ្នង គគីធំចំនួន១ខ្នង និងឈូកខ្សាច់១ខ្នង ប៉ះពាល់បន្តិចបន្តួចចំនួន៤៧ខ្នង ក្នុងនោះស្រឡៅ២៩ខ្នង ក្រវ៉ា១៣ខ្នង ឈូកខ្សាច់៤ខ្នង និងគគីធំ១ខ្នង។

ករណីនេះ បានបណ្ដាលឱ្យមនុស្សរងរបួសចំនួន ៣នាក់ នៅឃុំស្រឡៅ និងងាប់គោ១ក្បាល នៅឃុំគគីធំ។ នេះជាការបញ្ជាក់របស់លោក ហាក់ ម៉ុងហួត អភិបាលស្រុកបារាយណ៍៕