(ភ្នំពេញ)៖ ការចាប់ខ្លូនបុរសជនជាតិចិន ជាមួយគ្រាប់បែកកែច្នៃជាច្រើនគ្រាប់ នៅក្រោយផ្សារឯករាជ្យទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានសមត្ថកិច្ចសង្ស័យថា អាចផ្ដើមចេញពីគំនុំរកស៊ីជាមួយដៃគូរបស់ខ្លួន ជាជនជាតិចិនដូចគ្នា ទើបធ្វើឲ្យជនសង្ស័យយកគ្រាប់បែកកែច្នៃ ប្រុងដាក់បំផ្ទុះតែម្ដង។
មន្ដ្រីនគរបាលជាន់ខ្ពស់ ដែលចូលរួមក្នុងប្រតិបត្តិការបង្ក្រាបជនជាតិចិននេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ជំហ៊ានដំបូងអាចជារឿងឈ្លោះគ្នាក្នុងរបររកស៊ី ហើយដៃគូរជម្លោះតែងតែ ចេញចូលទៅហាងលក់តែគុជ យីហោ «ហឺហឺ» ទើបជនសង្ស័យបានស្ពាយគ្រាប់បែកកែច្នៃប្រុងមកធ្វើសកម្មភាពតែម្ដង។
យ៉ាងណាក៏ដោយ នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញ បាននិងកំពុងបើកការស្រាវជ្រាវសួរនាំទៅលើជនសង្ស័យ បន្ថែមទៀតដើម្បីឈានទៅដល់ការចាត់វិធានការតាមផ្លូវច្បាប់។
យោងតាមភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខណ្ឌពោធិ៍សែនជ័យ បានរាយការណ៍ថា កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ និងកម្លាំងស៊ីម៉ាក់ បានចាប់ខ្លួនបុរសជនជាតិចិនរូបនេះ នៅក្រោយផ្សារឯករាជ្យ១ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ជាមួយកាបូបពណ៌ខ្មៅ ដោយនៅក្នុងកាបូបនោះ មានគ្រាប់កែច្នៃជាច្រើនគ្រាប់៕