(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ ដែលពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀនប្រមាណ២គីឡូក្រាមក្នុង១ថ្ងៃ ត្រូវបានសមត្ថកិច្ច បានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីបើកការសាកសួរ។ ជនសង្ស័យម្នាក់នោះ មានឈ្មោះ តាំង ស្រ៊ុន ភេទប្រុស អាយុ ៣៦ឆ្នាំ។
ខណៈបញ្ជូនទៅដល់តុលាការ ជនខាងលើត្រូវបានសាកសួរដោយ លោកគុជ គឹមឡុង ព្រះរាជអាជ្ញារង នៃតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ មុនពេលសម្រេចចោទប្រកាន់ និងបញ្ជូនទៅចៅក្រមស៊ើបសួរ ដើម្បីចាត់ការបន្តតាមនីតិវិធី។
បើតាមសមត្ថកិច្ច, ជនសង្ស័យម្នាក់នេះ បានអះអាងថា ខ្លួនបានលក់គ្រឿងញៀនអស់ប្រមាណ២គីឡូក្រាមក្នុង១ថ្ងៃ ហើយត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) ឃាត់ខ្លួន កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩។
នៅក្នុងប្រតិបត្តិការណ៍ចំនួន៣គោលដៅ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៥ រហូតថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចបានរកឃើញ និងដកហូតបានវត្ថុតាងជាគ្រឿងញៀនប្រភេទ មេតំហ្វេតាមីន (ICE) ហៅ ម៉ាទឹកកក ទម្ងន់សរុប ២,៥២៥.៣ ក្រាម (ជាង ២គីឡូក្រាម), ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០២គ្រឿង, ទូរស័ព្ទ ដៃចំនួន ០៣គ្រឿង និងសម្ភារសម្រាប់វេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។ នេះបើតាមការអះអាងរបស់នគរបាលជំនាញ៕