(ព្រះសីហនុ)៖ ថ្លែងក្នុងឱកាសសម្ពោធសណ្ឋាគារអន្តរជាតិ តុងយៀន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន បានលើកឡើងថា ខេត្តព្រះសីហនុ ជាគោលដៅទាក់ទាញមួយដ៏សំខាន់ចំពោះអ្នកវិនិយោគ ហើយក្រោយការបើកទូលាយទីផ្សារ និងការស្វាគមន៍ ការវិនិយោគពីបរទេស ជាពិសេសលំហូទុនវិនិយោគ ពីប្រទេសចិន បានធ្វើឲ្យខេត្តព្រះសីហនុ មានការរីកចម្រើនយ៉ាងខ្លាំងក្លា ជាពិសេសវិស័យឧស្សាហកម្ម ទេសចរណ៍។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន បានបន្ថែមថា ការសាងសង់សណ្ឋាគារ និងកាស៊ីណូ នៅក្រុងព្រះសីហនុនេះ មានសន្ទុះខ្លាំងក្លាណាស់ ហើយការសម្រេចចិត្តបើកសណ្ឋាគារអន្តរជាតិ នៅទីនេះ ពិតជាជំរើសដ៏ត្រឹមត្រូវ ព្រោះបច្ចុប្បន្ននេះកម្ពុជា ជាប្រទេសដែលមានសុខសន្តិភាព និងកំណើនសេដ្ឋកិច្ចខ្ពស់។ ម៉្យាងទៀត ខេត្តព្រះសីហនុនេះ ជាទីតាំងយុទ្ធសាស្រ្តដ៏ល្អ ជាប់មាត់សមុទ្រដ៏ស្រស់ស្អាត មានកំពង់ផែអន្តរជាតិ និងមានអាកាសយានដ្ឋានអន្តរជាតិ ដែលមានសក្តានុពលសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិឧស្សាហកម្ម និងទេសចរណ៍ដ៏សំខាន់របស់កម្ពុជា។
ឧនាយករដ្ឋមន្ដ្រី បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា សណ្ឋាគារថ្មីនេះ ពិតជាជួយបំពេញកង្វះខាតកន្លែងកំសាន្ត និងស្នាក់នៅរបស់ភ្ញៀវទេសចរនៅខេត្តនេះរួមទាំងបានជួយផ្តល់ការងារជូនកូនចៅប្រជាជនផងដែរ។ សណ្ឋាគារនេះបានរចនាដ៏ប្រណិត និងបំពាក់ដោយគ្រឿងសង្ហារឹម និងឧបករណ៍ទំនើបៗនេះ ពិតជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្តព្រះសីហនុ ដែលជាខេត្ដភាគនីរតី នៃប្រទេសកម្ពុជា មានសក្តានុពលដ៏ល្អ ផ្នែកឧស្សាហកម្មទេសចរណ៍ ដែលនេះក៏ការឆ្លុះបញ្ចាំង នូវការលូតលាស់ទៅមុខឥតឈប់ឈរ នៃការវិនិយោគបរទេស និងវិស័យឯកជននៅកម្ពុជា។
ថ្នាក់ដឹកនាំរូបនេះ បានរំលេចថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ បានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន នៃការអភិវឌ្ឍ និងបានបង្កលក្ខណៈងាយស្រួល និងជំរុញវិស័យឯកជនឲ្យលូតលាស់ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ លោកស្រី សម្ដែងការកោតសរសើរដល់ក្រុមហ៊ុន តុង យៀន ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការបណ្តាក់ទុន ដើម្បីអភិវឌ្ឍវិស័យសេវាកម្មទេសចរណ៍ និងកំសាន្ត នៅខេត្តព្រះសីហនុ។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន មានជំនឿយ៉ាងមុតមាំថាជោគជ័យផ្នែកសេវាកម្មរបស់ ក្រុមហ៊ុនពិតជាបានរួមចំណែករក្សាស្ថិរភាព និងកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈ ការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ។ លើសនេះទៀត វាក៏ជាការរួមចំណែកក្នុងការងារអភិវឌ្ឍន៍ខេត្តព្រះសីហនុ និងកាត់បន្ថយការធ្វើចំណាកស្រុករបស់ពលរដ្ឋ។
លោកស្រី បានរំលឹកម្ចាស់សេវាកម្មថា ត្រូវផ្តល់សេវាប្រកបដោយគុណភាព និងតម្លៃសមរម្យដែលអាចទទួលយកបាន ដោយគិតពីផលប្រយោជន៍ រយៈពេលយូរអង្វែង ហើយធ្វើយ៉ាងណាកុំឲ្យខូចឈ្មោះ ពោលគឺបើអតិថិជនបានមកម្តងហើយ ឲ្យគេត្រឡប់ទៅវិញដោយនាំយកនូវការពេញចិត្ត និងអនុស្សាវរីយ៍ល្អៗ និងមានបំណងមកម្តងទៀត ឬជួយផ្សព្វផ្សាយបន្តឲ្យមិត្តភ័ក្ត ញាតិសន្តានមកកំសាន្ត និងស្នាក់នៅទៀត។
ទន្ទឹមនេះដែរ លោកស្រី រំលឹកដល់ថ្នាក់ដឹកនាំខេត្តព្រះសីហនុ សូមបន្តការយកចិត្តទុកដាក់បន្ថែមទៀត លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ អនាម័យ និងសោភ័ណភាពទីក្រុងបង្កើតទំនុកទុកចិត្ត ដល់អ្នកវិនិយោគ។
ជាមួយគ្នានេះ លោក យន្ត មីន អភិបាលខេត្ដព្រះសីហនុសម្ដែងការអបអរសាទរ និងគាំទ្រចំពោះ ក្រុមហ៊ុនវិនិយោគ សណ្ឋាគារ អន្តរជាតិ តុង យៀន ដែលត្រូវបានសម្ពោធដាក់ឲ្យដំណើរការនៅថ្ងៃនេះ។ ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុសូមស្វាគមន៍ និងគាំទ្រចំពោះវិនិយោគិនទាំងឡាយដែលបានដាក់ទុនវិនិយោគនៅលើទឹកដីខេត្តព្រះសីហនុ ហើយខេត្តអះអាងធានាសុវត្ថិភាព សន្តិសុខ និងការពារផលប្រយោជន៍ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនទាំងឡាយដោយយកច្បាប់ជាគោល។
ទន្ទឹមនោះលោក យន្ត មីន បានស្នើឲ្យក្រុមហ៊ុនវិនិយោគទាំងឡាយក្នុងទឹកដីខេត្តព្រះសីហនុ គួរបរិច្ចាគធនធានរបស់ខ្លួនខ្លះតាមលទ្ធភាពដើម្បីចូលរួមកែលំអហេដ្ឋារចនាសម្ព័ន្ធនៅខេត្តព្រះសីហនុឲ្យបានល្អប្រសើរ។ លោកបានរំលេចបន្ថែមថាបច្ចុប្បន្នខេត្តព្រះសីហនុ ចរន្តនៃការវិនិយោគបាននិងកំពុង ហើយធ្វើឲ្យខេត្តនេះ មានការអភិវឌ្ឍយ៉ាងលឿនស្ទើរមិននឹកស្មានខណៈដែលរាជរដ្ឋាភិបាលបានចាត់ទុកខេត្តព្រះសីហនុ គឺជាខេត្តបំពង់កសេដ្ឋកិច្ចនិងជាខេត្ត ឧស្សាហកម្មគំរូពហុបំណងតែមួយគត់របស់កម្ពុជា៕