(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើឲ្យម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់ក្នុងព្រះសីហនុទាំងអស់ សូមមេត្តាកុំបង្ហូរទឹកលូ ចូលក្នុងសមុទ្រ ព្រោះវាអាចធ្វើឱ្យខូចដល់បរិស្ថាននៅក្នុងសមុទ្រ និងខូចខាចបរិស្ថាននៅតាមឆ្នេរសមុទ្រ។
លោកបានជំរុញឲ្យម្ចាស់អាជីវកម្មទាំងនោះ ចូលរួមសហការជាមួយមន្ត្រីចម្រោះទឹកកង្វក់ ដោយត្រូវបង្ហូរទឹកកខ្វក់ចូលកន្លែងចម្រោះទឹកកង្វក់ជាមុនសិន មុននឹងបង្ហូរចូលសមុទ្រ ទោះបីមិនបានបន្សាប១០០ភាគរយ ក៏បានល្អមួយចំនួនដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងយ៉ាងដូចនេះនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្នុងឱ្យកាសដែលលោកអមដំណើរ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យមើលអាងប្រព្រឹត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងបន្តថា នៅក្នុងក្រុងព្រះសីហនុនៅពេលនេះ និងរៀបចំឱ្យមានអាងចម្រោះទឹកកខ្វក់ឱ្យបាន ៦៤,០០០ម៉ែត្រគូបក្នុងមួយថ្ងៃ ហើយប៉ុណ្ណឹងក៏នៅតែមិនទាន់គ្រប់ដែរ ដោយសារតែសព្វថ្ងៃនេះទឹកស្អាត ដែលបានប្រើប្រាស់ក្នុងខេត្តព្រះសីហនុ មានរហូតដល់៥ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ គិតទាំងទឹកប្រើប្រាស់ និងទឹកបរិភោគ ដូចនេះយើងត្រូវធ្វើការសំអាតទឹកកង្វក់ឱ្យបាន៤ម៉ឺនម៉ែត្រគីបក្នុងមួយថ្ងៃ ខណៈការចម្រោះសព្វថ្ងៃនេះមានត្រឹមតែ៥,៧០០ម៉ែត្រគីបតែប៉ុណ្ណោះ ដូច្នេះហើយយើងនឹងត្រូវរៀបចំប្រព័ន្ធមេកានិច ធ្វើយ៉ាងណាឱ្យការចម្រោះនេះអាចបានគ្រប់គ្រាន់ នូវតម្រូវការប្រើប្រាស់ ក្នុងក្រុងព្រះសីហនុនេះ។
លោកទេសរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា អាងចម្រោះទឹកកខ្វល់នេះ និងអាចធ្វើការចម្រោះបាន៨ម៉ឺនម៉ែត្រគូប ខណៈ២ម៉ឺនម៉ែត្រគូបទៀតនឹងធ្វើនៅក្រោមដី នៅបឹងព្រៃនប់ ដែលអាចធ្វើបាននៅឆ្នាំ២០៣០ ដោយយើងនឹងចាប់ផ្តើមពីពេលនេះទៅ បើមិនដូចនេះទេ គឺមិនបាននោះទេ ដោយសារមានសុទ្ធតែអគារធំៗតែម្តង ខុនដូរ រមណីយដ្ឋាន និងអគារពាណិជ្ជកម្ម ព្រមទាំងរោងចក្រកាត់ដេរជាច្រើន និងកំពុងអភិវឌ្ឍយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយទន្ទឹមនឹងការអភិវឌ្ឍនេះ បរិមាណទឹកកខ្វក់ក៏មានការកើនឡើងលើសពីការរំពឹងទុក ទើបធ្វើឱ្យមានការចម្រោះទឹកកខ្វក់មិនទាន់ដូចនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបញ្ជាក់ទៀតថា ក្រសួងសារធារណការ ក៏ព្រមទទួលខុសដែរ ដែលមិនបានរៀបចំផែនការមេឱ្យបានដិតដល់ត្រៀមទុកជាមុន ដោយគិតថា ៥,៧០០ម៉ែត្រគូបនេះអាចទ្រទ្រង់បាន តែដោយសារប្រទេសកម្ពុជា មានសុខសន្តិភាព មានស្ថេរភាពនយោបាយ ទើបធ្វើឱ្យមានគេមកវិនិយោគច្រើន និងមានភ្ញៀវទេសចរច្រើន ទើបធ្វើឱ្យតម្រូវការប្រើប្រាស់ទឹក មានការកើនឡើងយ៉ាងខ្លាំងហួសពីការរំពឹកទុកយ៉ាងដូចនេះ ទើបធ្វើឱ្យការចម្រោះទឹកកខ្វក់នេះ វាមិនទាន់យ៉ាងដូចនេះ។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា លោកនឹងយកគំរូនៃគម្រោងផែនការមេខេត្តព្រះសីហនុនេះទៅអនុវត្តន៍ នៅខេត្តផ្សេងៗទៀត ដើម្បីបង្ការកុំឱ្យមានការខូតខាតបរិស្ថាន ដោយសារយើងមិនបានគិតគួរពីការចម្រោះទឹកកខ្វក់នេះឯង ដោយតែប្រទេសជាតិមានការីកចម្រើន ហើយអត្រានៃការប្រើទឹកនៃក៏ច្រើន ដូចនេះយើងត្រូវតែគិតគួរពីការចម្រោះទឹកកខ្វក់នេះ ដើម្បីកុំឱ្យមានការខូចខាតដល់បរិស្ថានផងដែរ។
តាមសំដីរបស់ប្រជាពលរដ្ឋរស់នៅខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងរយៈពេលជិត៣ឆ្នាំចុងក្រោយនេះ ទឹកដែលប្រើប្រាស់រួចនៅតាមផ្ទះសំណាក់ សណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវគេបង្ហូរចូលទៅក្នុងសមុទ្រ តាមរយៈអូរធម្មជាតិមួយចំនួនក្នុងក្រុងព្រះសីហនុ ហើយករណីនេះវាបានបង្ករផលប៉ះពាល់ធ្ងន់ធ្ងរទាំងបរិស្ថាន និងជីវចម្រុះនៅជុំវិញនោះ។ ទឹកសមុទ្របានប្រែក្លាយជាមានពណ៌ខ្មៅ ក្រោយពីកាកសំណល់ និងទឹកស្អុយដែលត្រូវគេប្រើប្រាស់រួចហើយ បង្ហូរចូលក្នុងសមុទ្រ៕