(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការបង្ការ និងបង្ក្រាបអំពើលួច ឆក់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ តាមបង្ក្រាបបានក្រុមចោរកាច់កម៉ូតូចំនួន២នាក់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ក្រោយពួកគេធ្វើសកម្មភាពសម្រេចបានមួយថ្ងៃ នៅសង្កាត់បឹងសាឡង ខណ្ឌទួលគោក ដោយម៉ូតូ ZoomerX មួយគ្រឿង។
លោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងជាប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងដោយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលខណ្ឌទួលគោក។
បើតាមលោកឧត្តមសេនីយ៍ទោ ហួម តាំងហឿត ជនសង្ស័យទាំងពីរនាក់ដែលកម្លាំងជំនាញបង្ក្រាបនេះ បានធ្វើសកម្មភាពកាច់កម៉ូតូមួយគ្រឿង ម៉ាក Zoomer-X ពាក់ស្លាកលេខភ្នំពេញ1GG-1299 បានសម្រេចនៅទាបភ្លឺថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅចំណុចភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
ក្រោយទទួលបានព័ត៌មាននេះ និងមានរូបភាពដែលបង្ហាញដោយកាមេរ៉ាសុវត្ថិភាពទៀតនោះ កម្លាំងនគរបាលជំនាញបានបើកការស្រាវជ្រាវភ្លាមៗ រហូតដល់កំណត់មុខសញ្ញាបាន និងឈានដល់ការបង្ក្រាបជាក់ស្ដែងតែម្ដង។
លោកបានបញ្ជាក់ថា ជនសង្ស័យទី១៖ឈ្មោះ មាន កក្កដា ហៅទី មុខរបរ និងទីលំនៅមិនពិតប្រាដក មានស្រុកកំណើតនៅស្រុកកៀនស្វាយ ខេត្តកណ្ដាល និងជនសង្ស័យទី២៖ឈ្មោះ ជា ធា ហៅធា មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ពួកគេត្រូវបានចាប់ខ្លួននៅម្ដុំផ្សារសំណង់១២ ផ្លូវ២៥៦ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
បច្ចុប្បន្នជនសង្ស័យកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់។ ដោយឡែក ម៉ូតូត្រូវបានប្រគល់ឲ្យជនរងគ្រោះ ដែលជាម្ចាស់ដើមវិញ៕