(ភ្នំពេញ)៖ បន្ទាប់ពីបានបំពេញទស្សនកិច្ចពេញមួយថ្ងៃនៅប្រទេសកម្ពុជា នៅរាត្រីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរៀបចំពិធីលាងសាយភោជន៍ជាមួយអាហារដ៏មានឱជារសជាច្រើនមុខជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសហភាពមីយ៉ាន់ម៉ា និងគណៈប្រតិភូ។
ពិធីលាងសាយភោជន៍នេះ ក៏មានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបក្រោមបរិយាកាសដ៏សែនមនោរម្យ និងរីករាយ។
សូមបញ្ជាក់ថា លោកស្រី អោង សានស៊ូជី បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការលើកដំបូងនៅកម្ពុជាតបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន។
ពេញមួយថ្ងៃទី៣០ ខែមេសា នេះ លោកស្រីបានអញ្ជើញទៅដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។
បន្ទាប់មកអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន, អញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា, អញ្ជើញជួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, អញ្ជើញចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហនុ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។
ប្រាសាទអង្គរវត្តដែលជារតនសម្បត្តិដ៏ល្បាញល្បីរបស់កម្ពុជា ក៏ជាទីកន្លែងដែលអន្ទងដួងចិត្តលោកស្រី អោង សានស៊ូជី នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងនៅកម្ពុជានេះផងដែរ។ លោកស្រី អោង សានស៊ូជី នឹងអញ្ជើញទៅទស្សនាប្រាង្គប្រាសាទអង្គរក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។ ក្រោយទស្សនាប្រាសាទអង្គរលោកស្រី នឹងហោះចាកចេញពីកម្ពុជាទៅកាន់ប្រទេសរបស់លោកស្រីវិញក្នុងថ្ងៃដដែលនោះផងដែរ។
ដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី នៅក្នុងប្រទេសកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកធ្វើឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងមីយ៉ាន់ម៉ាកាន់តែល្អប្រសើរមួយកម្រិតថែមទៀត៕