(ភ្នំពេញ)៖ តាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា លោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋ សហភាពមីយ៉ាន់មា (ភូមា) កំពុងតែស្ថិតក្នុងប្រទេសកម្ពុជាសម្រាប់ដំណើរទស្សនកិច្ចផ្លូវការលើកទី១ រយៈពេល ៣ថ្ងៃ ចាប់តាំងពីលោកស្រីបានឡើងកាន់អំណាចនៅឆ្នាំ២០១៦។

វត្តមានរបស់ម្ចាស់ពានរង្វាន់ណូបែលសន្តិភាពនៅកម្ពុជា បង្កប់ដោយអត្ថន័យរាប់ពាន់ ហើយនេះជាការពិត មិនមែនជាការយល់សប្តិដូចដែល សម រង្ស៉ី និងបក្ខពួកប្រឆាំងរបស់ខ្លួនតែងតែមាននោះឡើយ។ ក្រុមប្រឆាំងជាពិសេស សម រង្ស៉ី និង មូរ សុខហួរ បានទាញយកផលចំណេញនយោបាយពីលោកស្រី អោង សានស៊ូជី និងពេលខ្លះ សម រង្ស៉ី បានប្រៀបធៀបខ្លួនដែលជាអ្នកប្រជាធិបតេយ្យក្លែងក្លាយទៅនឹងតួអង្គលោកស្រី អោង សានស៊ូជី ដែលអន្តរជាតិបានទទួលស្គាល់ថាជាអ្នកប្រជាធិបតេយ្យពិត។

វត្តមានរបស់លោកស្រីទីប្រឹក្សារដ្ឋរបស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ានៅកម្ពុជាប្រៀបទៅនឹងដាវមួយយ៉ាងមុតស្រួចចាក់ចំបេះដូងទណ្ឌិត សម រង្ស៉ី មូរ សុខហួរ និងក្រុមប្រឆាំងឱ្យក្អួតឈាម ក៏ដូចសម្លាប់ចោលនូវពុតត្បុតដ៏អាក្រក់ដែលក្រុមប្រឆាំងតែងតែគេងចំណេញពីកេរ្តិ៍ឈ្មោះតួអង្គនយោបាយបរទេសផ្សេងៗ។

តើអ្វីជាអត្ថន័យនៃដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី នៅកម្ពុជា?

ទី១- ពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងមីយ៉ាន់ម៉ា៖ លោកស្រី អោង ស៊ានស៊ូជី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសកម្ពុជា ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទាំងនយោបាយ ការទូត សេដ្ឋកិច្ច។ នេះបានធ្វើឱ្យប្រទេសទាំងពីរដែលជាសមាជិកអាស៊ានកាន់តែមានទំនាក់ទំនងស្អិតល្មួតជិតស្និទ្ធក្នុងនាមជាមិត្តភ័ក្តិក្នុងសហគមន៍តែមួយ។

ដំណើរទស្សនកិច្ចរបស់លោកស្រី អោង សានស៊ូជី ធ្វើឡើងអំឡុងពេលកម្ពុជារំឭកខួប២០ឆ្នាំនៃការចូលសមាជិកភាពរបស់កម្ពុជា ក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ផងដែរ។ នៅក្នុងជំនួបជាមួយលោកស្រី អោង សានស៊ូជី សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលនៅមានទំហំតូចនៅឡើយ។ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នាក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីពិសេសក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ទី២- សម រង្ស៉ី និងក្រុមបក្សប្រឆាំងគ្មានវាចានឹងថ្លែង៖ នៅអំឡុងពេលដែលលោកស្រី អោង សានស៊ូជី ប្រធានគណបក្សប្រឆាំងភូមាជាប់ឃុំនៅក្នុងផ្ទះ សម រង្ស៉ី និង មូរ សុខហួរព្រមទាំងក្រុមបក្សប្រឆាំងដទៃទៀត បានប្រៀបខ្លួនទៅនឹងលោកស្រី និងបានធ្វើអាជីវកម្មនយោបាយលើកេរ្តិ៍ឈ្មោះរបស់លោកស្រី និងបានបន្ទោសបង្អាប់ និងចោទប្រកាន់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ថាជាជនផ្តាច់ការ។

ប៉ុន្តែនៅពេលនេះ អ្នកដែលត្រូវបានទណ្ឌិត សម រង្ស៉ី និងបក្ខពួកមួលបង្កាច់លាបពណ៌ថា ជនផ្តាច់ការបាន និងកំពុងដឹកនាំប្រទេស និងកំពុងអង្គុយធ្វើការជាមួយលោកស្រី អោង សានស៊ូជី និងមេដឹកនាំនៃប្រទេសផ្សេងៗទៀតនៅលើពិភពលោកតំណាងឱ្យប្រជាជាតិខ្មែរទាំងមូល។ អ្នកដែលដើរលាបពណ៌ និងញុះញង់ឱ្យមានការស្អប់ខ្ពើមដូច សម រង្ស៉ី មូរ សុខហួរ និងក្រុមបក្សប្រឆាំងដទៃទៀតបានត្រឹមរត់ចោលស្រុក និងជាប់ជំពាក់នឹងច្បាប់ក្រោយខ្លួនបានប្រព្រឹត្តកំហុសម្តងហើយម្តងទៀត។

វត្តមានរបស់លោកស្រី អោង ស៊ានស៊ូជី នៅកម្ពុជាធ្វើឱ្យក្តីស្រម៉ៃរបស់ សម រង្ស៉ី រលាយ និងធ្វើឱ្យសម រង្ស៉ី អស់ក្រឡាលោតក្នុងការប្រើប្រាស់រូបភាព កេរ្តិ៍ឈ្មោះលោកស្រីមកធ្វើជាផលប្រយោជន៍នយោបាយ។ ក្រុមប្រឆាំងអស់អ្វីនឹងថ្លែង មានតែដកដង្ហើមធំក្នុងន័យអស់សង្ឃឹមប៉ុណ្ណោះ។

ទី៣- សម រង្ស៉ី មិនស្មើនឹងសសៃសក់លោកស្រី អោង សានស៊ូជី៖ កាលពីជាប្រធានគណបក្សនយោបាយ សម រង្ស៉ី មូរ សុខហួរ និងមន្ត្រីបក្សប្រឆាំងផ្សេងទៀតបានព្យាយាមតោងកាលីបរបស់លោកស្រី អោង សានស៊ូជី ដោយចូលកៀកនឹងលោកស្រី ហើយថតរូបបង្ហាញអ្នកគាំទ្ររបស់ខ្លួន។ ប៉ុន្តែតាមពិតតម្លៃ សម រង្ស៉ី មូរ សុខហួរ និងក្រុមប្រឆាំងដទៃទៀតមិនស្មើនឹងសសៃសក់របស់លោកស្រី អោង សានស៊ូជី ឡើយហើយក៏មិនអាចប្រៀបធៀបវិរភាពរបស់លោកស្រីបានឡើយ។

ជាតិជាប្រធានគណបក្សប្រឆាំងភូមា គេមិនដែលឮលោកស្រី អោង សានស៊ូជី ធ្វើនយោបាយដុតផ្ទះខ្លួនឯងឡើយ ឬមិនដែលឮលោកស្រីអំពាវនាវឱ្យសហគមន៍អន្តរជាតិដាក់សម្ពាធនយោបាយ ឬទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងប្រទេសខ្លួន ហើយក៏មិនដែលឮទេថាលោកស្រី អោង សានស៊ូជី អំពាវនាវឱ្យបរទេសឈប់ផ្តល់ជំនួយ ឈប់វិនិយោគ និងឈប់ទិញទំនិញពីប្រទេសមីយ៉ាន់ម៉ាទេ។ គឺខុសពី សម រង្ស៉ី និងគូកននៃក្រុមប្រឆាំងដែលតែងតែដើរបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជានៅក្រៅប្រទេស ព្រមទាំងលត់ជង្គង់អង្វរបរទេសឱ្យឈប់វិនិយោគ ឈប់ទិញទំនិញ និងឈប់ផ្តល់ជំនួយដល់កម្ពុជា។

កម្ពុជាពិតជាត្រូវការបក្សប្រឆាំងដែលខ្លាំងដែលចូលរួមរិះគន់ដើម្បីស្ថាបនាក្នុងចេតនាធ្វើឱ្យសង្គមជាតិរីកចម្រើនខ្លាំងក្លា ប៉ុន្តែមិនមែនជាការរិះគន់បែបបំផ្លិចបំផ្លាញ ញុះញង់ និងជាន់ពន្លិចដូចដែល សម រង្ស៉ី និងបក្ខពួកក្រុមប្រឆាំងផ្កាប់មុខរបស់គាត់បាននិងកំពុងធ្វើនោះទេ។

ជារួមវត្តមានរបស់លោកស្រី អោង សានស៊ូជី នៅកម្ពុជាក្នុងដំណើរទស្សនកិច្ចផ្លូវការបានបញ្ចប់ទាំងស្រុងនូវវប្បធម៌តោងកាលីបអ្នកនយោបាយល្បីល្បាញរបស់ក្រុមប្រឆាំងហើយជាពិសេស សម រង្ស៉ី ដែលតែងតែភ្ជាប់ខ្លួននឹងអ្នកនយោបាយល្បីផ្សេងទៀត និងក៏ជាការបញ្ចប់ក្តីសុបិន្តអំណាចរបស់ សម រង្ស៉ី ផងដែរ។

តើក្នុងក្រសែភ្នែក និងចិត្តអារម្មណ៍ សម រង្ស៉ី ឈឺចាប់យ៉ាងណាទៅ? ក្តីច្រណែនរបស់ សម រង្ស៉ី នឹងពុះកញ្ជ្រោលយ៉ាងណាទៅ ហើយតើ សម រង្ស៉ី គិតថាលោកស្រី អោង សានស៊ូជី ជាមនុស្សប្រែប្រួលយ៉ាងណាទៅ ហើយតើ សម រង្ស៉ី នឹងដៀលត្មិះលោកស្រី អោង សានស៊ូជីយ៉ាងណាទៅ? ព្រោះលោកស្រី បាននិងកំពុងមានទំនាក់ទំនងល្អប្រកបដោយមិត្តភាពជាមួយសម្តេចតេជោ ហ៊ុន សែន និងបានធ្វើឱ្យទំនាក់ទំនងនយោបាយ ការទូត សេដ្ឋកិច្ចរវាងកម្ពុជានិងភូមាកាន់តែរឹងមាំ និងរីកចម្រើនដូច្នេះ?

គេសង្ឃឹមថា សម រង្ស៉ី នឹងមិនប្រមាថលោកស្រី អោង សានស៊ូជី ដូចដែល សម រង្ស៉ី បានប្រមាថលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ថាជាមនុស្សផ្តាច់ការ និងចូលចិត្តប្រើប្រាស់ទឹកប្រាក់នោះទេ៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០១៩