(ភ្នំពេញ)៖ ក្នុងឱកាសអបអរសាទរខួប១៣៣ឆ្នាំ នៃទិវាពលកម្មអន្តរជាតិ១ឧសភា ស្អែកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅស្រស់ស្រូបអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ និយោជិតនៅរោងចក្រយីដាប្រមាណ ៣,៧០០នាក់ ស្ថិតនៅភូមិឫស្សីស្រុក ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រៅពីការស្រស់ស្រូបអាហារ និងរាំលេងកម្សាន្ត សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានការឧបត្ថម្ភថវិកាដល់កម្មការិនីដែលមានផ្ទៃពោះផងដែរ។
រោងចក្រយីដា បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០១៥ និងមានកម្មករ និយោជិតសរុប ៣,៧០០នាក់ ក្នុងនោះស្រី ២,៨០៣នាក់។ ផលិតផលដែលផលិតនៅរោងចក្រយីដា ត្រូវបាននាំចេញទៅលក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិក។
រោងចក្រនេះ បានផ្តល់ប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំជូនកម្មករ និយោជិតប្រមាណ ៨៦៦,៥៧០ដុល្លារសហរដ្ឋអាមេរិកក្នុងមួយខែ។ ប្រាក់ឈ្នួលជាមធ្យមសម្រាប់កម្មករ និយោជិតម្នាក់ៗមានចន្លោះពី ២២០ដុល្លារអាមេរិក ដល់ ២៨០ដុល្លារអាមេរិកក្នុងមួយខែ។
ក្រៅពីអត្ថប្រយោជន៍ដែលកំណត់ដោយច្បាប់ហើយនោះ រោងចក្រ ក៏បានផ្តល់នូវអត្ថប្រយោជន៍ផ្សេងៗមួយចំនួនទៀតផងដែរ។ អត្ថប្រយោជន៍ទាំងនោះរួមមាន៖
- ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់អ្នកដេរបានលឿន ចំពោះអ្នកដែលមានភាគរយចាប់ពី ៧០% ទៅ ៨៤% នឹងទទួលបាន ១០ដុល្លារអាមេរិក ហើយសម្រាប់អ្នកដែលមានភាគរយចាប់ពី ៨៥%ឡើងទៅទទួលបាន ៣០ដុល្លារអាមេរិក។
- ប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់កម្មករដែលចេះជំនាញច្រើនម៉ាស៊ីន សម្រាប់ប្រធានក្រុមដេរ ជាងម៉ាស៊ីន អ្នកដេរគំរូ អ្នកពិនិត្យគុណភាព និងផ្នែកផ្សេងៗទៀត ដោយការគណនាអាស្រ័យទៅលើភាគរយសរុបប្រចាំខែ ប្រាក់តួនាទី ពេលវេលាធ្វើការ និងកត្តាផ្សេងៗ។
- បន្ថែម ១.៥ដុល្លារអាមេរិក សម្រាប់អ្នកធ្វើការថែមម៉ោងចាប់ពី១០ ទៅ ១៤ថ្ងៃ នឹងចាប់ពី ២០ថ្ងៃឡើងទៅ បន្ថែម ៣ដុល្លារអាមេរិក ទៅលើសោហ៊ុយធ្វើដំណើរ។
- ប្រាក់ថ្លៃមើលថែទារក និងទឹកដោះគោ ១០ដុល្លារអាមេរិក សម្រាប់កូន១ ក្នុងរយៈពេល ៣៦ខែ។
សូមបញ្ជាក់ថា ទិវាពលកម្មអន្ដរជាតិ គឺជាទិវាថ្ងៃឈប់សម្រាកមួយ ដែលបណ្ដាប្រទេសច្រើនជាង ៨០ប្រទេសនៅលើពិភពលោកប្រារព្វឡើងក្នុងគោលបំណងរំឭក និងឧទ្ទិសដឹងគុណដល់វីរៈភាពដ៏អង់អាចក្លាហាននៃកម្មករ កម្មការិនី ដែលបានប្រឹងប្រែងតស៊ូពុះពារ និងប្ដូរជីវិត ដើម្បីការងារសិទ្ធិកម្មករទាំងមូល។
កម្ពុជាបន្ទាប់ពីត្រូវបានរំដោះចេញពីរបបប្រល័យពូជសាសន៍ និងស្វែងរកបានសុខសន្តិភាពពេញនាចុងឆ្នាំ១៩៩៨ ក៏តែងតែបានប្រារព្ធទិវាពលកម្មអន្ដរជាតិ១ឧសភានេះ ដើម្បីលើកកម្ពស់សិទ្ធិពលកម្មរបស់កម្មករ និយោជិតផងដែរ។
ដើម្បីជាការលើកទឹកចិត្តដល់កម្មករ កម្មការិនី ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញវិស័យឧស្សាហកម្មរបស់កម្ពុជានោះ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេលជិតពីរឆ្នាំចុងក្រោយនេះ ពោលចាប់ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ មកទល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩ បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតចំនួន ៦៦លើក មានកម្មករ និយោជិតសរុបជិត ៩៥ម៉ឺននាក់ បានចូលរួមក្នុងកិច្ចសំណេះសំណាលនេះ។
តាមរយៈដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដោះស្រាយបញ្ហាប្រឈមជាច្រើនរបស់កម្មករ និយោជិត ហើយបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនទៀត ធានាដល់សិទ្ធិពលកម្ម និងលើកកម្ពស់ជីវភាពរបស់ពួកគេឱ្យកាន់តែប្រសើរ។
តាមរយៈសកម្មភាពខាងលើនេះ ត្រូវបានគេមើលឃើញថា ជាការយកចិត្តទុកដាក់ខ្ពស់មួយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ទៅលើសិទ្ធិពលកម្ម និងជីវភាពរបស់កម្មករ និយោជិត ហើយក៏ជាការលើកកម្ពស់វិស័យឧស្សាហកម្មដែលជាកម្លាំងជំរុញសេដ្ឋកិច្ចរបស់កម្ពុជាដ៏សំខាន់។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅក្នុងថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ១ឧសភា សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញផ្តល់កម្លាំងចិត្តកម្មករ និយោជិត ដោយបានអញ្ជើញទៅហូបអាហារសាមគ្គី និងរាំលេងកម្សាន្តជាមួយកម្មករ និយោជិតនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ៕