(ភ្នំពេញ)៖ ធ្វើដំណើរកម្សាន្តរយៈពេលខ្លី ដើម្បីទទួលបាននូវបទពិសោធន៍ថ្មី ជាមួយតម្លៃត្រឹមតែ ៣៥ដុល្លារ /ធ្វើដំណើរមួយដង ក្រុមហ៊ុនអាកាសចរណ៍ AirAsia សូមណែនាំនូវជើងហោះហើរពី «ខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងបាងកក (ដនមឿង)» ៤ដង ក្នុងមួយសប្ដាហ៍ (ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ) ដែលអនុញ្ញាតឲ្យប្រជាជនកម្ពុជា ធ្វើដំណើរទៅទស្សនាទីក្រុងបាងកកដ៏អស្ចារ្យ ជាទីក្រុងពោរពេញទៅដោយកន្លែងដើរទិញទំនិញដ៏សម្បូរបែប និងមានអាហារឆ្ងាញ់ៗជាច្រើនប្រភេទ។
ជើងហោះហើរនេះ ចាប់ផ្ដើមពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជាមួយនឹងប្រូម៉ូសិនពិសេសស ម្រាប់អតិថិជន BIG Members តម្លៃត្រឹមតែ ៣៥ដុល្លារប៉ុណ្ណោះ សម្រាប់ការហោះហើរមួយដង។ កក់សំបុត្រចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ការធ្វើដំណើរចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩។
លោក Santisuk Klongchaiya នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ AirAsia ប្រចាំព្រះរាជាណាចក្រថៃ បានឱ្យដឹងថា ក្នុងឆ្នាំ២០១៩ ក្រុមហ៊ុនអាកាសចរណ៍នេះ នឹងបន្តពង្រីកបន្ថែមនូវបណ្តាញនៃជើងហោះហើររបស់ខ្លួន ដើម្បីទទួលបានឱកាសថ្មីៗសម្រាប់វិស័យទេសចរណ៍ និងវិស័យវិនិយោគទុន ដែលផ្តោតសំខាន់ទៅលើប្រទេសឥណ្ឌា និងតំបន់ឥណ្ឌូចិន (កម្ពុជាឡាវ មីយ៉ាន់ម៉ា និងវៀតណាម) ដែលជាតំបន់មានការរីកចម្រើនជាលំដាប់។
ជើងហោះហើរថ្មីពី «ខេត្តព្រះសីហនុ ឆ្ពោះទៅទីក្រុងបាងកក» បានផ្ដល់ជូននូវផ្លូវធ្វើដំណើរថ្មីមួយទៀត ទៅកាន់ប្រទេសថៃ ក៏ដូចជាបម្រើសេវាកម្ម ជូនអ្នកដំណើរបរទេស ដោយចាត់ទុកប្រទេសថៃ ជាចំណុចកណ្តាលនៃការធ្វើដំណើរ ដូច្នេះពួកគេអាចបន្តការហោះហើរមកកាន់ ខេត្តព្រះសីហនុ ដែលជាតំបន់មាត់សមុទ្រដ៏ពេញនិយមបំផុតរបស់កម្ពុជា។
លោក Santisuk បានថ្លែងថា «សម្រាប់អ្នកទេសចរជនជាតិថៃ ខេត្តព្រះសីហនុ គឺជាគោលដៅធ្វើដំណើរដ៏គួឱ្យចាប់អារម្មណ៍បំផុត ពិសេសសម្រាប់ភ្ញៀវទេសចរណ៍ ដែលចង់ទទួលបាននូវបទពិសោធន៍ថ្មីៗ ការសម្រាកលំហែនៅមាត់សមុទ្រជាមួយតម្លៃដ៏សមរម្យ និងដើម្បីសិក្សាស្វែងយល់ពីវប្បធម៌ថ្មីៗ ព្រមទាំងរបៀបនៃការរស់នៅក្នុងតំបន់នេះផងដែរ។ លើសពីនោះ ទីក្រុងបាងកក គឺជាកន្លែងដ៏ពេញនិយម សម្រាប់ប្រជាជនកម្ពុជារួចជាស្រេចទៅហើយ ហើយសម្រាប់ជើងហោះហើរនេះ នឹងផ្ដល់នូវទំនាក់ទំនងប្រកបដោយភាពងាយស្រួល សម្រាប់អ្នកដំណើរទាំងនោះ ក៏ដូចជាអ្នកធ្វើដំណើរធុរៈកិច្ចផងដែរ»។
ទោះបីជា ទីក្រុងបាងកក មានភាពល្បីល្បាញសម្រាប់ប្រជាជនកម្ពុជាថា ជាទីកន្លែងនៃការដើរទិញទំនិញដ៏សម្បូរបែប និងរស់រវើក សម្បូរដោយអគារទំនើបៗ និងអាហារដ៏ឈ្ងុយឆ្ងាញ់ជាច្រើនប្រភេទក៏ដោយ ក៏ប៉ុន្តែនៅមានអ្វីៗគួឱ្យរំភើបរីករាយ និងគួរឱ្យចង់ស្វែងយល់ជាច្រើនទៀត នៅក្នុងទីក្រុងមួយនេះ។ សម្រាប់អ្នកដំណើរទេសចរណ៍ ទីក្រុងបាងកក បានផ្ដល់ជូននូវសេវាកម្មស្ប៉ា ម៉ាស្សាបែបប្រពៃណី សេវាកម្មថែរក្សាសុខភាព និងសម្រស់ ព្រមទាំងផ្តល់ជូននូវភាពទាក់ទាញជាច្រើនផ្សេងទៀត ដើម្បីបំពេញសេចក្ដីត្រូវការរបស់ភ្ញៀវទេសចរ មិនឱ្យខុសបំណងឡើយ។
ការបន្ថែមជើងហោះហើរថ្មីចុងក្រោយ ក្រុមហ៊ុនអាកាសចរណ៍ AirAsia នៃប្រទេសថៃ អាចធ្វើការហោះហើររវាងប្រទេសថៃ និងកម្ពុជា ចំនួន៣ទិសដៅ គឺពីទីក្រុងបាងកក (ដនមឿង) ទៅកាន់រាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ក្រុមហ៊ុនអាកាសចរណ៍មួយនេះ ក៏ផ្ដល់ជូននូវជើងហោះហើរពីខេត្តភូកេត ទៅខេត្តសៀមរាប និងពីខេត្តភូកេត ទៅរាជធានីភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនង និងបង្កើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ ។
«ជើងហោះហើរ ពីខេត្តព្រះសីហនុ ទៅទីក្រុងបាងកក» នឹងចាប់ផ្ដើមដំណើរការដោយក្រុមហ៊ុន AirAsia របស់ថៃ៤ដង ក្នុងមួយសប្ដាហ៍ គឺរៀងរាល់ថ្ងៃចន្ទ ថ្ងៃពុធ ថ្ងៃសុក្រ និងថ្ងៃអាទិត្យ ដែលផ្តល់ជូននូវប្រូម៉ូសិនពិសេសត្រឹមតែ៣៥ដុល្លារប៉ុណ្ណោះ សម្រាប់ការហោះហើរមួយដង។ កក់សំបុត្រចាប់ពីថ្ងៃទី២២ ខែមេសា ដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៩ សម្រាប់ការហោះហើរ ចាប់ពីថ្ងៃទី០១ ខែកក្កដា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ៕