(កំពត)៖ ការបើកវគ្គ «បណ្តុះបណ្តាលគ្រូបង្គោល ស្តីពីនីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ» គឺដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោល គឺដើម្បីឲ្យមន្ត្រីនៅសហគមន៍ មានភារកិច្ចសម្របសម្រួល និងប្រមូលព័ត៌មាន ស្តីពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបំពេញបញ្ជីសំណួរ និងសេវាឆ្លើយតប ជូនដល់អតីតយុទ្ធជនឲ្យចំគោលដៅ។
នេះជាការលើកឡើងរបស់ លោក តូច ចាន់នី អគ្គនាយកបច្ចេកទេស និងជាតំណាងលោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០១៩ ក្នុងសិក្ខាសាលា «បណ្តុះបណ្តាលគ្រូបង្គោល ស្តីពីនីតិវិធីប្រមូលទិន្នន័យពីស្ថានភាពជីវភាព និងតម្រូវការរបស់អតីតយុទ្ធជន និងគ្រួសារ» នៅខេត្តកំពត។
សិក្ខាសាលាខាងលើនេះ ក៏មានការអញ្ជើញចូលពី លោក ជឹង ផល្លា អភិបាលរងខេត្តកំពត តំណាងអភិបាលខេត្ត លោក គង់ កន្នារិទ្ធ តំណាងនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ អតីតយុទ្ធជន និងជនពិការ និងប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានគណៈកម្មការអភិវឌ្ឍន៍សហគមន៍ អតីតយុទ្ធជនឃុំ សង្កាត់ និងអតីតយុទ្ធជន សរុបប្រមាណ ១៥០នាក់។
ជាមួយគ្នានោះ លោក តូច ចាន់នី ក៏បានផ្តាំផ្ញើជូនដល់សិក្ខាកាមទាំងអស់ សូមចូលរួមអនុវត្តការងារប្រមូលទិន្នន័យនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីជាធាតុចូលយ៉ាងសំខាន់ សម្រាប់រៀបចំគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍នានា ដើម្បីជួយដល់ពួកគាត់ និងជាការគោរពដឹងគុណ ជូនអតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិយើង៕