(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានថ្លែងបញ្ជាក់ពីការដាក់ចេញយន្តការសំខាន់ៗចំនួន៤ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ឲ្យកាន់តែរីកចម្រើន។
យន្តការសំខាន់ៗ សម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ដែលដាក់ចេញរួមមាន៖
១៖ ជំរុញកំណើនផលិតកម្មគ្រប់មុខដំណាំ តាមរយៈការធ្វើពិពិធកម្មដំណាំដែលមានសក្តានុពល និងបង្កើនការនាំចេញផលិតផលដំណាំកសិកម្ម ដោយពង្រីកទំនើបកម្មកសិកម្ម ដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែងទីផ្សារខ្ពស់ ដោយអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃ និងការបន្ស៉ាំទៅនឹងបម្រែបម្រួលអាកាសធាតុ។
២៖ ជំរុញកំណើនផលិតកម្មសត្វ ដោយត្រូវបង្កើនផលិតផលសាច់ និងការចិញ្ចឹមជាលក្ខណៈពាណិជ្ជកម្ម ព្រមទាំងជំរុញការចិញ្ចឹមគោពូជកូនកាត់ល្អៗ និងកំពុងមានទីផ្សារ។
៣៖ បង្កើនការគ្រប់គ្រងធនធានជលផល ឱ្យមានប្រសិទ្ធភាព និងនិរន្តរភាព ដោយពង្រឹងការអនុវត្តច្បាប់ ស្តីពីជលផលរក្សាស្ថិរភាពនៃការចាប់ផលនេសាទពីធម្មជាតិ ក្នុងរង្វង់៦០០ពាន់តោនក្នុងមួយឆ្នាំ បង្កើនផលវារីវប្បកម្មឱ្យបាន២០%ក្នុងមួយឆ្នាំៗ នឹងធ្វើឱ្យសហគមន៍នេសាទ មានកម្រិតជីវភាពកាន់តែប្រសើរឡើង។
៤៖ បន្តគ្រប់គ្រងធនធានព្រៃឈើ និងសត្វព្រៃប្រកបដោយចីរភាព ចូលរួមជំរុញការថែរក្សាគម្របព្រៃឈើឱ្យបានល្អប្រសើរ ព្រមទាំងបង្កើនចំណូលរបស់សហគមន៍ព្រៃឈើឱ្យកើន២០%ក្នុងមួយឆ្នាំ តាមរយៈការធ្វើពិពិធកម្មកសិកម្ម និងជំរុញការស្តារព្រៃឈើឡើងវិញ ព្រមទាំងបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីចូលរួមចំណែកធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីមានចីរភាព។
ការបញ្ជាក់យ៉ាងដូច្នេះរបស់លោក វេង សាខុន ធ្វើឡើងក្នុងឱកាសលោកអញ្ជើញជាអធិបតីក្នុងពិធីប្រារព្វខួបលើកទី២០ របស់អង្គការហេហ្វឺអន្តរជាតិប្រចាំនៅកម្ពុជា នាសណ្ឋាគារកាំបូឌីយ៉ាណា នៅរសៀលថ្ងៃអង្គារ នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
លោកបានលើកឡើងថា ចក្ខុវិស័យនិងទិសដៅរបស់ក្រសួង សម្រាប់អភិវឌ្ឍវិស័យកសិកម្ម គឺត្រូវធ្វើយ៉ាងណាចួលរួមប្រែក្លាយ «កសិកម្មកម្ពុជាឱ្យទៅជាកសិកម្មទំនើប មានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ប្រកបដោយវិបុលភាព និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា» ក្នុងក្របខណ្ឌកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជា ឱ្យសម្រេចបាននូវគោលដៅរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់នៅឆ្នាំ២០៥០។
លោករដ្ឋមន្រ្តីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍ ដ៏មានអត្ថន័យដែលអង្គការហេហ្វឺកម្ពុជា កំពុងប្រារព្វនាពេលនេះ ជាពិសេសព្រឹត្តិការណ៍នេះនឹងនាំឱ្យយើងកាន់តែបង្កើនកិច្ចសហការ ដើម្បីរួមគ្នាបម្រើ និងការពារនូវឧត្តមប្រយោជន៍ជាតិ ចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យមានការរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ របស់ប្រជាជនក្នុងបរិបទបច្ចុប្បន្ននេះ។
លោកបានថ្លែងអំណរគុណចំពោះគ្រប់បណ្តាអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ ដែលកំពុងមានសកម្មភាពក្នុងសុឆន្ទៈជួយឧបត្ថម្ភគាំទ្រដល់ដំណើរការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ចាប់តាំងពីគ្រាក្រលំបាករហូតដល់បច្ចុប្បន្ន ក្នុងនោះអង្គការហេហ្វឺ ក៏បានចូលរួមបំពេញភារកិច្ចរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៨៤ រហូតមកទល់បច្ចុប្បន្ន ក្នុងគោលដៅលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនប្រាក់ចំណូល និងអាហារូបត្ថម្ភតាមរយៈការផ្តល់សិទ្ធិអំណាចដល់ សហគមន៍ ជាពិសេសការចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនរស់នៅតំបន់ជនបទ ដែលប្រកបមុខរបរកសិកម្មជាចម្បង។
ក្រសួងរំពឹងយ៉ាងមុតមាំទៅលើស្មារតីមនុស្សធម៌ ជាប្រពៃណីរបស់អង្គការមិនមែនរដ្ឋាភិបាល ដែលជាដៃគូដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព ជាមួយអន្តរស្ថាប័នពាក់ព័ន្ធទាំងអស់ ក្នុងការរួមគ្នាកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន និងជំរុញការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយចីរភាព ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤.០ ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេស ដែលរៀបចំខ្លួនបានទាន់ពេលវេលា និងសមស្របដើម្បីទទួលបានផ្លែផ្កា ពីយុគសម័យឌីជីថល ឆ្លើយតបទៅនឹងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕