(ភ្នំពេញ)៖ លោកស្រី រ៉ូ ណាស្មីត អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានកោតសរសើរនៅចំពោះមុខ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាថា គណៈកម្មាធិការនេះ សរសេររបាយការណ៍បានល្អ និងលឿនជាងប្រទេសខ្លះទៅទៀត។

លោក ជិន ម៉ាលីន អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានប្រាប់អ្នកសារព័ត៌មាន ក្រោយជំនួបរវាងលោកស្រី រ៉ូ ណាស្មីត និងលោក កែវ រ៉េមី នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះថា លោកស្រី រ៉ូ ណាស្មីត បន្តតាមដាននូវអនុសាសន៍ ដែលលោកស្រីបានផ្តល់មកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា កាលពីជំនួបលើកទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះថាតើអនុសាសន៍ដែលលោកស្រីបានផ្តល់ឲ្យអនុវត្តន៍ មានការរីកចម្រើនយ៉ាងណា ហើយមានបញ្ហាប្រឈម ដោះស្រាយបញ្ហាប្រឈមនោះយ៉ាងម៉េចខ្លះ។ លោក ជិន ម៉ាលីន បញ្ជាក់ថា អនុសាសន៍ដែលលោកស្រី រ៉ូ ណាស្មីត បានផ្តល់កាលពីជំនួបលើកទី៦ គឺទាក់ទងនឹងការសរសេររបាយការណ៍ ដែលកម្ពុជាគឺជាសមាជិករបស់អង្គការសហប្រជាជាតិ មានកាតព្វកិច្ចសរសេររបាយការណ៍ ពាក់ព័ន្ធនឹងអនុសញ្ញាដែលខ្លួនទទួលស្គាល់ យកទៅឲ្យគណៈកម្មការអង្គការសហប្រជាជាតិពិនិត្យ។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានបន្តថា ចំណុចដែលលោកស្រី រ៉ូ ណាស្មីត ចាប់អារម្មណ៍មួយទៀត ដែលគាត់បានផ្តល់អនុសាសន៍ក្នុងដំណើរទស្សនកិច្ចកាលពីលើកទី៦កន្លងមក គឺឲ្យគណៈកម្មាធិការសិទ្ធិមនុស្ស បន្តចុះត្រួតពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ ដោយត្រូវពង្រីកទៅកាន់មណ្ឌលឃុំឃាំងផ្សេងៗទៀត ដែលឃុំខ្លួនមនុស្ស ដូចជាមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនជាដើម។ ជាការឆ្លើយតប លោក កែវ រ៉េមី បានបកស្រាយទៅនឹងវឌ្ឍនភាពនឹងអនុសាសន៍ ដែលលោកស្រី រ៉ូ ណាស្មីត បានផ្តល់ឲ្យ។

លោក ជិន ម៉ាលីន បានបន្ថែមថា៖ «ពាក់ព័ន្ធនឹងរបាយការណ៍នេះ យើងបានរៀបរាប់ថា យើងបានបញ្ចប់នូវរបាយការណ៍ជាច្រើនក្នុងការដាក់ជូនទៅអង្គការសហប្រជាជាតិនេះ ដូចជាពីពេលថ្មីៗនេះ យើងបានបញ្ចប់នូវរបាយការណ៍មួយ ទាក់ទងនឹងកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។ យើងបានដាក់ជូនទៅអង្គការសហប្រជាជាតិ ហើយសប្តាហ៍ក្រោយនេះ យើងនឹងប្រជុំសម្រេចជាមួយនឹងក្រសួងស្ថានប័ន និងភាគីផ្សេងៗទៀត ក្នុងការបញ្ចប់សេចក្តីព្រាងរបាយការណ៍សន្ធិសញ្ញាអន្តរជាតិមួយសំខាន់ដែរ ទាក់ទងនឹងសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌»

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានថ្លែងប្រាប់ លោកស្រី រ៉ូ ណាស្មីត ឲ្យដឹងទៀតថា របាយការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សមានកាតព្វកិច្ចត្រូវធ្វើ និងដាក់ជូនលែងយឺតហើយ តែកាលពីពេលកន្លងមកតែងមានការយឺតយ៉ាវក្នុងការដាក់របាយការណ៍ទាំងអស់នោះ។ លោក កែវ រ៉េមី បានប្រាប់ថា របាយការណ៍មិនយឺតទៀតទេ ពោលលោកតែងតែធ្វើបញ្ចប់ ហើយដាក់ជូនទៅអង្គការសហប្រជាជាតិទាន់ពេលវេលា ហើយនឹងបន្តធ្វើរបាយការណ៍ផ្សេងៗទៀត។

លោកស្រី រ៉ូ ណាស្មីត ក៏បានចាប់អារម្មណ៍ទៅនឹងរបាយការណ៍ UPR ស្តីពីការត្រួតពិនិត្យជាសាកលតាមការកំណត់ ដែលជារបាយការណ៍ធំ គ្រប់ដណ្តប់ស្ថានភាពសិទ្ធិមនុស្សរួមគ្រប់ផ្នែក គ្រប់វិស័យទាំងអស់របស់កម្ពុជា។ នេះបើតាមលោក ជិន ម៉ាលីន។

អ្នកនាំពាក្យ បានថ្លែងថា លោកស្រី រ៉ូ ណាស្មីត ចាប់អារម្មណ៍ថា «តើពេលយើងទទួលអនុសាសន៍ពីអង្គការសហប្រជាជាតិ យើងទទួលយកអនុសាសន៍នោះដោយរបៀបណា ហើយយើងអនុវត្តន៍អនុសាសន៍នោះយ៉ាងណា? កម្ពុជាបានទៅការពាររបាយការណ៍ ត្រួតពិនិត្យតាមកាលកំណត់ជាសាកលលើកទី៣ នៅអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៣០ ខែមករា»

លោកបន្តថា «ក្រោយពេលការការពារនេះ យើងទទួលបានពីអង្គការសហប្រជាជាតិចំនួន ១៩៨អនុសាសន៍ ពីរដ្ឋជាសមាជិកចំនួន៧៣។ អញ្ចឹងគាត់ចង់ដឹងថា ពេលទទួលបានអនុសាសន៍នេះហើយ យើងធ្វើអ្វីបានខ្លះមកដល់ពេលនេះក្នុងការអនុវត្តន៍។ យើងបានរាយការណ៍ប្រាប់គាត់ពីវឌ្ឍនភាព ដោយពេលមកវិញ យើងបានប្រជុំជាមួយអន្តរក្រសួងដែលពាក់ព័ន្ធ ហើយយើងបានសម្រេចទទួលយកអនុសាសន៍ចំនួន ១៧៣ ក្នុងចំណោមអនុសាសន៍សរុប ១៩៨ ហើយកត់សម្គាល់ចំនួន២៥»

លោក ជិន ម៉ាលីន បានឲ្យដឹងថា គណៈកម្មាធិការសិទ្ធិមនុស្សបានសុំគោលការណ៍ទៅ សម្តេចតេជោ ហ៊ុន សែន ដើម្បីបែងចែកអនុសាសន៍នោះទៅគ្រប់ស្ថាប័នដែលពាក់ព័ន្ធផ្សព្វផ្សាយ ហើយគ្រប់ភាគីពាក់ព័ន្ធនោះអនុវត្តន៍។ គណៈកម្មាធិការសិទ្ធិមនុស្សមានសិទ្ធិតាមដាន ត្រួតពិនិត្យការអនុវត្ត បានន័យថា មានការប្រជុំជាទៀងទាត់ដើម្បីត្រួតពិនិត្យមើលថា អនុវត្តន៍បែបណា អ្វីដែលបានអនុវត្តន៍ អ្វីដែលមិនបានអនុវត្តន៍ ហេតុអ្វីមិនបានអនុវត្តន៍ មានបញ្ហាប្រឈមអ្វីត្រូវដោះស្រាយយ៉ាងដូចម្តេច ព្រោះថា ៤ឆ្នាំក្រោយគណៈកម្មាធិការសិទ្ធិមនុស្ស ការពាររបាយការណ៍នោះម្តងទៀត។

ចំណុចមួយទៀត ដែលលោកស្រី រ៉ូ ណាស្មីត ផ្តល់ឲ្យគណៈកម្មាធិការសិទ្ធិមនុស្ស តែងតែមានការតាមដានសិទ្ធិមនុស្សនៅក្នុងពន្ធធាគារ គ្រប់រាធានីខេត្ត ត្រូវចុះជាប្រក្រតី ដែលកាលពីលើកទី៦ លោកស្រីផ្តល់បន្ថែមទៀតឲ្យទៅពិនិត្យតាមមណ្ឌល ដែលមានផ្ទុកមនុស្ស ដូចជាមណ្ឌលសំចត និងមណ្ឌលស្តារនីតិសម្បទាផងដែរ។ នេះជាការលើកឡើងរបស់លោក ជិន ម៉ាលីន។

លោកបន្តទៀតថា «អញ្ចឹងយើងបានប្រាប់គាត់ថា ក្រោយពីពិនិត្យស្ថានភាពសិទ្ធិមនុស្សនៅតាមពន្ធនាគារ យើងមានផែនការចុះទៅមណ្ឌលផ្សេងទៀតក្រៅពីពន្ធនាគារ សម្រាប់ឆ្នាំ២០១៩នេះ។ ជាក់ស្តែង កាលពីសប្តាហ៍មុន ក្រុមការងារគណៈកម្មាធិការសិទ្ធិមនុស្ស បានចុះទៅពិនិត្យជនរងគ្រោះដោយសារគ្រោះថ្នាក់គ្រឿងញៀន នៅមណ្ឌលរាជធានីភ្នំពេញ ហើយទៅថ្ងៃខាងមុខ យើងនឹងចុះទៅតាមមណ្ឌលផ្សេងៗទៀត របស់ក្រសួងសង្គមកិច្ច ទូទាំងប្រទេសកម្ពុជា»។

លោក ជិន ម៉ាលីន បានអះអាងថា «ជាការឆ្លើយតបវិញ គាត់វាយតម្លៃខ្ពស់ទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ពីមុនមកធ្លាប់តែដាក់របាយការណ៍យឺត ក៏ប៉ុន្តែពេលនេះបានបញ្ចប់នូវការសរសេររបាយការណ៍ ដាក់ទៅតាមពេលវេលាកំណត់ មិនយឺតទៀតទេ ហើយគាត់ស្វាគមន៍នូវការពង្រីកស្ថានភាពត្រួតពិនិត្យសិទ្ធិមនុស្សនៅកម្ពុជា នៅតាមមណ្ឌលឃុំឃាំង និងតាមមណ្ឌលឃាត់ខ្លួនផ្សេងៗទៀត ហើយគាត់លើកទឹកចិត្តឲ្យបន្តអនុវត្តន៍ការងារនេះទៅមុខទៀត។ ក៏ប៉ុន្តែគាត់គ្រាន់តែផ្តល់អនុសាសន៍ថា ការធ្វើរបាយការណ៍នេះ គឺឲ្យយើងមានជាកម្មវិធីច្បាស់លាស់ ជាពិសេសការអនុវត្តរបស់បណ្តាក្រសួងដទៃទៀតនោះ ដែលត្រូវតែមានយន្តការតាមដាន ពិនិត្យ និងដាក់កាលវិភាគឲ្យ ថាតើអ្វីខ្លះដែលត្រូវធ្វើនៅក្នុងរយៈពេលនេះ ធ្វើបានប៉ុណ្ណា មិនបានប៉ុណ្ណា ត្រូវរាយការណ៍ និងពិភាក្សាគ្នា»

បើតាមអ្នកនាំពាក្យរូបនេះ លោកលោកស្រី រ៉ូ ណាស្មីត ផ្តល់អនុសាសន៍មួយទៀត ដោយស្នើឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ រាល់ការធ្វើរបាយការណ៍ ការចុះពិនិត្យធ្វើអ្វីផ្សេងៗ ជាពិសេសគឺការចូលរួមពីអង្គការសង្គមស៉ីវិល និងការិយាល័យឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងផ្សព្វផ្សាយឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងពីសមិទ្ធិផល។ ជាមួយគ្នានេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា គូសបញ្ជាក់ថា ខ្លួនតែងតែសហការយ៉ាងល្អ ជាមួយដៃគូពាក់ព័ន្ធជានិច្ច៕