(ព្រះសីហនុ)៖ ឈ្មោះ ឈិន សុក ដែលតំណាងអោយពលរដ្ឋចំនួន១៥០គ្រួសារ ស្នើសុំគ្រប់គ្រងដីរដ្ឋជាង៣០០ហិកតា នៅចំណុចភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានព្រះរាជអាជ្ញាសំរេចធ្វើការចោទប្រកាន់ ហើយចៅក្រមស៊ើបសួរសំរេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន ពីបទអ្នកសមគំនិតប្រើអំពើលើអ្នកកាន់កាប់អចលនវត្ថុស្របច្បាប់ ដោយសុច្ចរិត, លួចលក់អចលនវត្ថុអ្នកដ៏ទៃ, ក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។

ការសំរេចចោទ និងឃុំខ្លួនឈ្មោះឈិន សុក ខាងលើ បានធ្វើឡើង បន្ទាប់ពីព្រះរាជអាជ្ញាបានចេញដីកាកោះហៅ អោយចូលខ្លួនទៅឆ្លើយបំភ្លឺលើកទី២កាលពី ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ម្សិលមិញនេះ។ក្នុងនោះ ក្រោយពីព្រះរាជអាជ្ញា សំរេចធ្វើការចោទប្រកាន់បញ្ជូនទៅអោយលោកចៅក្រម សុខ សឿន ធ្វើការសួរនាំអស់ពេលជាង១ម៉ោង ក្រោយមកក៏សំរេចឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរងចាំការស៊ើបអង្កេតបន្ត ធ្វើអោយប្រជាពលរដ្ឋមួយចំនួន ដែលទៅតាមការពារ លោក ឈិន សុក ដល់មុខតុលាការនាំគ្នាផ្ទុះការតវ៉ារារាំង មិនអោយនាំខ្លួនយកទៅឃុំរហូតដល់សមត្ថកិច្ចអាវុធហត្ថ និងនគរបាលចុះទៅអន្តរាគមន៍ ទើបអាចនាំខ្លួនលោក ឈិន សុក យកទៅឃុំខ្លួននៅពន្ធនាគារបាន។

សូមបញ្ជាក់ថា នៅក្នុងជំលោះដីធ្លីនៅតំបន់អូតារសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុនេះ ដែលគេអះអាងថាមានក្រុមមេខ្យល់បានបំផុសបំផុល អោយប្រជាពលរដ្ឋក្រីក្រទៅចាប់យកដីឯកជន និងដីសាធារណៈរបស់រដ្ឋក្រោមរូបភាព «ផ្ទះហោះ, ឈ្នះបានដី ចាញ់បានលុយ» បន្ទាប់ពីដីនៅខេត្តព្រះសីហនុ ឡើងថ្លៃ មកនោះ រហូតមកដល់ពេលនេះ មានមនុស្សចំនួន២នាក់ ហើយត្រូវបានតុលាការសំរេចធ្វើការចោទប្រកាន់ និងចេញដីកាឃុំខ្លួន។

​ក្នុងនោះ ទី១៖ ឈ្មោះសុខ ចាន់ណារិទ្ធ និងទី២៖ ឈ្មោះ ឈិន សុក នេះតែម្ដង។ ប៉ុន្តែកន្លងមក ក្រោយមានការចុះផ្សាយចោទប្រកាន់ថាជាក្រុមអនាធិបតេយ្យទៅចាប់ទន្ទ្រានយកដីឯកជន និងដីសាធារណៈ របស់រដ្ឋរួចមក លោក ឈិន សុក បានចេញមុខមកធ្វើការបំភ្លឺជាមួយអង្គភាពព័ត៌មាន Fresh News ថា រូបលោកមិនមែនជាក្រុមអនាធិបតេយ្យដូចគេចោទប្រកាន់ នោះទេ។ ក្នុងនោះលោក ឈិន សុក បានអះអាងថា លោកមិនមែនជាមេក្លោង ឬជាបក្ខពួកនៅពីក្រោយខ្នងញុះញង់ ឲ្យប្រជាពលរដ្ឋក្រីក្រផ្ដិតមេដៃតវ៉ាឬទៅទន្ទ្រាន ចាប់យកដីរដ្ឋ និង ដីឯកជនក្រោមរូបភាព «ផ្ទះហោះ ឈ្នះបានដី ចាញ់បានលុយ» ដូចគេចោទប្រកាន់នោះឡើយ គឺរូបលោក និងលោក សុខ ចាន់ណារិទ្ធ រួមទាំង ប្រជាពលរដ្ឋមួយចំនួនទៀតពិតជាបានកាន់កាប់ និងគ្រប់គ្រងដីជាក់ស្ដែងនៅតំបន់អូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមរយៈទិញពីប្រជាពលរដ្ឋជាយូរមកហើយប្រាកដមែន តែក្រោយមកនៅឆ្នាំ២០០២ រដ្ឋបានចេញអនុក្រឹត្យដកហូតយកដីទាំងអស់នោះ ដាក់ចូលទៅក្នុងដីគម្របព្រៃឈើ តែពួក គាត់នៅតែរស់នៅ និងកាន់កាប់នៅលើដីទាំងអស់នោះដដែល។

អ្នកដឹងរឿងបានបង្ហើបអោយដឹងថា ក្រុមលោក សុខ ចាន់ណារិទ្ធិ និងលោក ឈិន សុក ពីមុនមក ពួកគាត់បានកាន់កាប់ដី នៅតំបន់អូរតាសេកមែន តែពួកគាត់បាន លក់ទៅអោយអ្នកផ្សេងៗអស់ទៅហើយ ទើបបន្តរុករានកាន់ទៅលើដីនៅកន្លែងផ្សេងៗទៀត ដែលមានដីឯកជន និងដីសាធារណៈរបស់រដ្ឋជាដើមហើយចេះតែកេណ្ឌ ប្រជាពលរដ្ឋអោយមករស់នៅបង្កើនឈ្មោះគ្រួសារ អោយបានច្រើនដើម្បីមានសំលេងធ្វើការតវ៉ាទៅអាជ្ញាធរតែប៉ុណ្ណោះ។

សូមបញ្ជាក់ថា នៅខេត្តព្រះសីហនុ មានក្រុមមេខ្យល់ជាច្រើនក្រុមបានដើរបំផុសញុះញង់ អោយប្រជាពលរដ្ឋក្រីក្រមកពីតំបន់ផ្សេងៗ ដើរចាប់ដីឯកជន និងដីសាធារណៈ របស់រដ្ឋយ៉ាងអនាធិបតេយ្យ ដោយក្រុមមេខ្យល់ទាំងអស់នោះ ខ្លះក៏ប្រើរូបភាពអង្គការឬសមាគមជួយជនក្រីក្រ ខ្លះប្រើរូបភាពជាសមាគមអ្នកកាសែត ខ្លះក៏មានអ្នកមាន បុណ្យស័ក្ដិ មន្ត្រីអាជ្ញាធរខិលខូចឈរពីក្រោយខ្នងចាំកាង ចាំអន្តរាគមន៏ ដើម្បីអោយបានជាសំណងឬជាដីគោលនយោបាយ ពីម្ចាស់ដីឬពីរដ្ឋដើម្បីយកមកចែកគ្នាផងដែរ។

រហូតដល់នៅខេត្តព្រះសីហនុបច្ចុប្បន្ននេះ គេនាំគ្នានិយាយលេងសើចថា ក្រៅពីស្រួលលក់ដីឆាប់ដាច់ ហើយអ្វីដែលស្រួលលក់បំផុតគឺបង្គោលរបង និងសង្កសី ព្រោះសំបូរក្រុមមេខ្យល់មកទិញយកទៅបោះបង្គោល ធ្វើផ្ទះហោះចាប់យកដីរដ្ឋ និងដីឯកជនដែលគេទិញទុកចោលច្រើនណាស់៕