(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា «បើគ្មានសន្តិភាព មិនអាចនិយាយពីការវិនិយោគ មិនអាចនិយាយពីការងារធ្វើ ឬការជួបជុំដូចពេលនេះឡើយ ដូច្នេះត្រូវរួមគ្នាថែរក្សាសន្តិភាពឲ្យស្ថិតស្ថេរជានិរន្ត ដែលជាការរកមកដោយលំបាករបស់ប្រមុខរាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ»។
ការថ្លែងបែបនេះ នៅក្នុងពិធីជួបជុំសំណេះសំណាលជាមួយបងប្អូន កម្មករនិយោជិត និងអបអរសាទរខួប ១០០ឆ្នាំ របស់អង្គការអន្តរជាតិខាងការងារ និងខួប៥០ឆ្នាំ នៃសមាជិកភាពកម្ពុជានៅអង្គការ អន្តជាតិខាងការងារ និងខួបអនុស្សាវរីយ៍លើកទី១៣៣ នៃទិវាពលកម្មអន្តជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩នេះ ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ក្រុងបាវិត ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
ពិធីនេះក៏មានការចូលរួមពីលោក លោកស្រី ជាអភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព និងអភិបាលក្រុង-ស្រុក និងស្ថាប័នពាក់ព័ន្ធនានាជាច្រើនរូបទៀត សរុបចំនួនប្រមាណ១៥០០នាក់។
លោក ម៉ែន វិបុល បានថ្លែងបន្តទៀតថា ក្នុងនាមអាជ្ញាធរខេត្តសូមសម្តែងនូវការកោតសសើរ និងថ្លែងអំណរគុណចំពោះមន្ទីរ អង្គភាព កងកម្លាំង ព្រមទាំងនិយោជក និងកម្មករនិយោជិតទាំងអស់ ដែលបានចូលរួមសហការធ្វើឲ្យបរិយាកាសនៅ តាមតំបន់សេដ្ឋកិច្ចពិសេស និងរោងចក្រទាំងអស់ក្នុងខេត្ត មានសន្តិសុខ សណ្តាប់ធ្នាប់ ការអនុវត្តច្បាប់ស្តីពីការងារ លក្ខខណ្ឌការងារបានល្អប្រសើរ។
លោក ម៉ែន វិបុល បានបង្ហាញអំពីកត្តាសំខាន់ៗមួយចំនួន ចំពោះរាជរដ្ឋាភិបាលដែលសម្រេចបានដូចជា៖
*ទី១៖ បើគ្មានសន្តិភាពយើងមិនអាចនិយាយពីការអភិវឌ្ឍបានឡើយ
*ទី២៖ បើគ្មានសន្តិភាព មិនអាចនិយាយពីការវិនិយោគ មិនអាចនិយាយពីការងារធ្វើ ឬការជួបជុំដូច ពេលនេះឡើយ
*ទី៣៖ កំឡុងឆ្នាំ១៩៧៩ របបប្រល័យពូជសាសន៍ប៉ុលពត ប្រទេសជាតិត្រូវខ្ទេចខ្ទាំ គ្មានសល់ទាំងធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធប្រជាជនជាង ៣លាននាក់ត្រូវបានសម្លាប់
*ទី៤៖ តែផ្ទុយទៅវិញប្រទេសជាតិយើងសព្វថ្ងៃនេះ ដោយឡែកខេត្តស្វាយរៀង កំពុងទទួលបាននូវ ផ្លែផ្កាយ៉ាង ធំធេងពីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ប្រជាជនកាន់តែមាន ជីវភាពល្អប្រសើឡើង ។
លោកបានបន្តទៀតថា វឌ្ឍនភាព នៃវិស័យឧស្សាហកម្មកាត់ដេនៅខេត្តស្វាយរៀង គឺបានរួមចំណែក យ៉ាងសំខាន់ជូនបងប្អូនប្រជាពលរដ្ឋមានការងារធ្វើមានប្រាក់ចំណូល ធ្វើអោយជីវភាពគ្រួសារកាន់តែប្រសើរឡើង ទាំងនេះគឺជាការគិតគូពីសុខទុក្ខ សុខមាលភាព និងផលប្រយោជន៍របស់បងប្អូនក្មួយៗនិយោជិកទាំង អស់ពីសំណាក់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានសម្តេចតេជោជាប្រមុខ។
លោកអភិបាលខេត្ត បានផ្តាំផ្ញើរដល់កម្មករ និយោជិក កុំជឿតាមការញុះញង់របស់ក្រុមឃោសនាមួយចំនួន អំពីការតំឡើងប្រាក់ខែជាដើម ព្រោះបញ្ហាទាំងនេះរាជរដ្ឋាភិបាល បានគិតគូប្រកបដោយចក្ខុវិស័យ ច្បាស់លាស់ ក្នុងការរក្សាឲ្យបាននូវសុខដុមបនីយកម្ម និងផលប្រយោជន៍រួមរវាងរោងចក្រ និងកម្មករ។
ម្យ៉ាងទៀត កម្មករនិយោជិតទាំងអស់ ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នា និងចូលរួមថែរក្សាអនាម័យបរិស្ថាន មិនត្រូវបោះចូលសំរាមពាស វាលពាសកាលនៅ តាមដងផ្លូវពេលធ្វើដំណើតាមរថយន្តជាដើមនោះទេ។ លោក ម៉ែន វិបុល ក៏បានឧបត្ថម្ភដល់កម្មករនិយោជិតដែលបានចូលរួមក្នុងម្នាក់ៗ ទទួលបានសារុង និងថវិកា១ម៉ឺនរៀលផងដែរ៕