(ក្រចេះ)៖ អគារទីស្នាក់ការសាខាកាកបាទក្រហមក្រុង-ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានធ្វើពិធីកាត់ខ្សែបូរសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោក វ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខេត្ត។
លោក វ៉ា ថន បានឲ្យដឹងថា អគារទីសា្នក់ការសាខាកាកបាទក្រហមកម្ពុជាដ៏ថ្មីស្រឡាង ស្ថិតនៅបរិវេនសាលាក្រុងក្រចេះនេះ គឺជាសមិទ្ធិផលទី៥ នៃសាខាកាកបាទក្រហមកម្ពុជាទាំង ៦ក្រុង-ស្រុក របស់ខេត្តក្រចេះ មានទំហំ ៥ គុណ ១០មែត្រការ៉េ ចំណាយថវិការអស់ចំនួន ១៧.២៨០ដុល្លារ។
ក្នុងនោះថវិការរបស់លោក ស្រេង ស្រស់ និងលោកស្រី ជាង សុខហួយ ចំនួន ៥.០០០ដុល្លារ ដើម្បីពន្លឿនក្នុងកិច្ចប្រតិបត្តិការមនុស្សធម៌ជួយសង្គ្រោះ និងជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ រងគ្រោះ និងងាយរងគ្រោះស្របនឹងបាវចនា «ធ្វើឲ្យកាន់តែច្រើនជាងមុន ធ្វើឲ្យកាន់តែល្អជាងមុន ធ្វើឲ្យកាន់តែស៊ីជម្រៅជាងមុន និងទៅឲ្យកាន់តែឆ្ងាយជាងមុន»។
ស្របនឹងយុទ្ធសាស្រ្តរបស់កាកបាទក្រហមកម្ពុជា ដែលក្នុងនោះ បានកំណត់ទស្សនៈវិស័យ៖ រួមចំណែកពន្លឿនការកាត់បន្ថយភាពក្រីក្រ ការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ និងការពារតម្លៃមនុស្សធម៌។
លោកអភិបាលខេត្តបន្តថា សាខាកាកបាទក្រហម បានយកចិត្តទុកដាក់បំពេញបេសកម្មមនុស្សធម៌ ស្របតាមវិស័យស្នូលទាំង៤៖ ការគ្រប់គ្រងគ្រោះមហន្តរាយ, សុខភាព និងការថែទាំសុខភាព ក្នុងសហគមន៍, លើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌របស់ចលនា និងការអភិវឌ្ឍន៍ស្ថាប័ន និងអភិវឌ្ឍន៍ធនធានមនុស្ស និងគោរពទៅតាមគោលការណ៍ទាំង ៧ចំណុចផងដែរ។
លោកក៏បានជំរុញដល់បងប្អូនយុវជនទាំងអស់ ត្រូវបន្តចូលរួមកិច្ចការសង្គម និងមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាលដើម្បីជួយសម្រួល និងសម្រាលទុក្ខលំបាកដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះនៅតាមមូលដ្ឋាន និងចូលរួមផ្សព្វផ្សាយអំពីកាកបាទក្រហមដល់ប្រជាពលរដ្ឋឲ្យបានដឹងកាន់តែច្បាស់នៅតាមគ្រប់មូលដ្ឋាន ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាគ្រប់ទីកន្លែង៕