(បាត់ដំបង)៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានដឹកនាំកម្លាំងចម្រុះចុះជួយជួសជុលផ្ទះប្រជាពលរដ្ឋ ១២គ្រួសារ ដោយសារខ្យល់កន្រ្តាក់នៅភូមិចំនួន៣ ក្នុងសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ព្រមទាំងមានចែកអំណោយមួយចំនួនផងដែរ។
លោក ងួន រតនៈ បានថ្លែងថា ថ្ងៃនេះរដ្ឋបាលខេត្តបានដឹកនាំកម្លាំងចម្រុះមានមន្រ្តីរាជការ កងកម្លាំង អាជ្ញាធរមូលដ្ឋាន បាននាំអំណោយចុះសួរសុខទុក្ខ អ្នករងគ្រោះដោយសារខ្យល់កន្ត្រាក់កន្លងទៅថ្មីៗនេះ ដោយចែកអំណោយជូនប្រជាពលរដ្ឋទាំង ១២គ្រួសារ ក្នុងនោះអ្នកខូចខាតធ្ងន់ធ្ងរចំនួន ៥គ្រួសារ ក្នុង១គ្រួសារ ទទួលបានស័ង្កសី ២០សន្លឹក អង្ករ២៥គីក្រាម មី២កែស ទឹកសុទ្ធ១កែស ថវិកា២០ម៉ឺនរៀល និងអ្នករងគ្រោះស្រាល ៧គ្រួសារទទួលបានស័ង្កសី ១០សន្លឹក អង្ករ២៥គីក្រាម មី២កែស ទឹកសុទ្ធ១កែស ថវិកា៥ម៉ឺនរៀល។
លោកអភិបាលខេត្ត បានជម្រាបថា អំណោយដែលបានចែកជូននាពេលនេះ ថ្មីត្បិតតែបន្តិចបន្តួចមិនបានតាមតម្រូវការរបស់បងប្អូនមែន តែនេះជាកាចែករំលែកជួយគ្នា ក្នុងគ្រាជួបការលំបាក ដោយសារគ្រោះធម្មជាតិ និងសូមបងប្អូនមានការយោគយល់ចំពោះអំណោយនេះ។
លោកបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលមានភ្លៀងធ្លាក់ម្តងៗ ដែលតែងតែនាំខ្យល់កន្រ្តាក់មកជាមួយផងនោះ សូមរត់រកទីកន្លែងមានសុវត្ថិភាព ជៀសវាងមានគ្រោះថ្នាក់ផ្សេងៗ ដល់អាយុជីវិតយើង។ បន្ទាប់ពីសំណេះសំណេះហើយ លោកអភិបាលបាននាំកម្លាំងជួយជុលជួសសជុល ផ្ទះប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ៕