(ភ្នំពេញ)៖ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ និងចោរលួចសរុប២នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ករណីចោរឆក់មានជនសង្ស័យមានឈ្មោះ យ៉េន មករា អាយុ៣៣ឆ្នាំ ជាចោរឆក់ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក ប្រដេញឃាត់ខ្លួនបាន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៨:០០នាទីព្រឹក ដែលរូបគេជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់។
ខណៈដែលរូបគេកំពុងជិះម៉ូតូ ០១គ្រឿង ម៉ាក ZOOMER X ពណ៌ក្រហមលាយស ស្លាកលេខ ភ្នំពេញ 1GY-9555 ធ្វើដំណើរលើដងផ្លូវជួប និងកម្លាំងល្បាតអាវុធហត្ថខណ្ឌទួលគោកឃើញ ស្គាល់ថារូបគេជាមុខសញ្ញាធ្លាប់ធ្វើសកម្មភាពឆក់ បានហៅឲ្យឈប់ដើម្បីត្រួតពិនិត្យ តែរូបគេ បានផ្តួលម៉ូតូរត់គេចខ្លួន រហូតដល់ចំណុច មុខសាលាវេស្ទើនអន្តរជាតិ ផ្លូវ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោករាជធានីភ្នំពេញ ទើបសមត្ថកិច្ចអាវុធហត្ថស្ទាក់ឃាត់ខ្លួនបានតែម្តង។
ក្រោមវិធានការជំនាញ របស់សមត្ថកិច្ចនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ រូបគេបានប្រាប់ឲ្យដឹងថា រូបគេ និងបក្សពួកឈ្មោះ នីត ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ បានជិះម៉ូតូ ០២គ្រឿងផ្សេងគ្នា ក្នុងគោលបំណងដើររកធ្វើសកម្មភាពឆក់សម្ភារៈមានតម្លៃពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ ដោយឈ្មោះ យ៉េន មករា (ឃាត់ខ្លួន) ជិះម៉ូតូ ម៉ាក ZOOMER X ពណ៌ក្រហមលាយស ស្លាកលេខ ភ្នំពេញ 1GY-9555 រីឯឈ្មោះ នីត(គេចខ្លួន) ជិះម៉ូតូ ម៉ាក Let ពណ៌ស ស៊េរីឆ្នាំ២០១៨ មិនចាំស្លាកលេខ។
បន្ទាប់ពីពួកខ្លួន ជិះដល់មុខផ្សារយ័ន សង្កាត់បឹងកក១ ខណ្ឌទួលគោក បានឃើញស្រ្តីម្នាក់ជិះម៉ូតូ មានស្ពាយកាបូបផងនោះ ឈ្មោះ នីត(គេចខ្លួន) បានជិះម៉ូតូទៅក្បែរជនរងគ្រោះ ហើយបានឆក់យកកាបូបស្ពាយរបស់ជនរងគ្រោះបានសម្រេច និងជិះរត់គេចខ្លួនដល់ចំណុច ស្ថានីយ៍ប្រេងដីក្រហម សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ទើបឈ្មោះ នីត បានឲ្យកាបូបដែលឆក់បាន មករូបខ្លួន ក៏បែកផ្លូវគ្នារៀងៗខ្លួន។ លុះពេលពេលរូបខ្លួនកំពុងជិះម៉ូតូ ដល់ផ្លូវមុខសាលាទួលគោក ស្រាប់តែមានសមត្ថកិច្ចអាវុធហត្ថហៅខ្លួនឲ្យឈប់ តែរូបគេបានផ្តួលម៉ូតូរត់ ក៏ត្រូវសមត្ថកិច្ចអាវុធហត្ថស្ទាក់ឃាត់ខ្លួនបាន។
រូបគេបានប្រាប់ឲ្យដឹងទៀតថា កន្លងមករូបគេធ្លាប់ប្រើប្រាស់គ្រឿងញៀន ប្រភេទម៉ាទឹកកក ០២ឆ្នាំមកហើយ ដោយទិញនៅម្តុំក្តាន់ពីរ ហើយនិងធ្លាប់បានជាប់នៅមណ្ឌលកែប្រែឳកាសខ្ញុំ ម្តងដែរ ទើបតែចេញមកវិញនៅដើមឆ្នាំ ២០១៩នេះទេ។
ដោយឡែក នៅថ្ងៃដដែលនេះ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនចោរលួចកាច់ ក ម៉ូតូ០១នាក់ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់។
ជនសង្ស័យឈ្មោះ រឿន សីហា ភេទប្រុស អាយុ ២៨ឆ្នាំ ត្រូវកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌដូនពេញ ឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៩:០០នាទី នៅចំណុច តូបលក់កាហ្វេ ផ្លូវលេខ១៧២ កែងផ្លូវនរោត្តម សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ បន្ទាប់ពីរូបគេ រួម និងបក្សពួក ឈ្មោះ ភ័ក្រ្ត(គេចខ្លួន) បានធ្វើសកម្មភាពលួចម៉ូតូ ០១គ្រឿង ម៉ាក និច ពណ៍ក្រហមលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1CA-3981 របស់ប្រជាពលរដ្ឋ តែត្រូវបានកម្លាំងល្បាតអាវុធហត្ថឃើញឃាត់ខ្លួនតែម្តង។
ក្រោមវិធានការជំនាញរបស់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យ ខាងលើ សារភាពឲ្យដឹងថា ខ្លួន និងឈ្មោះ ភ័ក្រ្ត (គេចខ្លួន) បានជិះម៉ូតូ ម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៨ មិនចាំស្លាកលេខ ដើម្បីដើររកលួចកាច់ ក ម៉ូតូ របស់ប្រជាពលរដ្ឋ លុះពេលជិះដល់ហាងកាហ្វេ មួយកន្លែង ក្បែររបង អង្គភាពប្រឆាំងអំពើពុករលួយ ផ្លូវ១៧២ កែងផ្លូវនរោត្តម ហើយមានម៉ូតូចតនៅទីនោះជាច្រើន បន្ទាប់មកពួកគេបានចូលទៅលួចកាច់ ក ម៉ូតូ ម៉ាកនិច ពណ៍ក្រហមលាយខ្មៅ ស្លាកលេខ ភ្នំពេញ 1CA-3981 តែត្រូវបានម្ចាស់ម៉ូតូឃើញស្រែកឆោរឡោ លឺដល់សមត្ថកិច្ចអាវុធហត្ថកំពុងល្បាតឃើញ បានចូលទៅ ឃាត់ខ្លួនរូបគេ ចំណែកបក្សពួកគេ ម្នាក់ទៀតឈ្មោះ ភ័ក្រ្ត បានរត់គេចខ្លួនបាត់។
រូបគេបានប្រាប់បន្ថែមទៀតថា កាលអំឡុងខែមេសា ឆ្នាំ២០១៩ នេះ រូបគេ និងឈ្មោះ ភ័ក្រ្ត(គេចខ្លួន) ធ្លាប់បាន លួចកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៍ខ្មៅ ស៊េរី២០១៨ មិនចាំស្លាកលេខ បានសម្រេច នៅចំណុច ក្បែរវត្តកោះ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ហើយរូបគេថែមទាំងបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល ០៥ឆ្នាំមកហើយ និងត្រូវបានកម្លាំងសង្គមកិច្ចឃាត់ខ្លួន បញ្ជូនទៅមណ្ឌលកែប្រែឳកាសខ្ញុំ ០៦ខែ ក្រោយពេលចេញពីមណ្ឌលកែប្រែមកវិញ រូបគេបានទៅដេកតាមមាត់ទន្លេ និងដើរលួចកាបូប ,ទូរស័ព្ទ ,សម្ភាៈមានតម្លៃផ្សេងទៀតរបស់ភ្ញៀវដែលមកអង្គុយលេងនៅតាមមាត់ទន្លេ ហើយយកទៅលក់នៅម្តុំផ្សារកណ្តាល៕