(ភ្នំពេញ)៖ ស្របពេលមានការអុជអាលពីសំណាក់ស្ថានទូតអាមេរិកប្រចាំកម្ពុជា ទៅលើទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា-ចិន ក្រុមបណ្ឌិតផ្នែកប្រវត្តិសាស្ត្រ វិទ្យាសាស្ត្រនយោបាយ និងច្បាប់របស់កម្ពុជា បានចេញមុខអះអាងថា ការលើកឡើងនេះគឺជាចេតនាញុះញង់ឱ្យសាធារណជនស្អប់ខ្ពើមមកលើរាជរដ្ឋាភិបាលកម្ពុជា។
ការបញ្ជាក់បែបនេះរបស់ក្រុមអ្នកជំនាញប្រវត្តិសាស្ត្រ នយោបាយ និងច្បាប់ បានធ្វើឡើងនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលរាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំវេទិកាតុមូលមួយក្រោមប្រធានបទ «ការឆ្លងឆ្លើយគ្នារវាងស្ថានទូត សហរដ្ឋអាមេរិក និងស្ថានទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា» នៅរាជបណ្ឌិត្យសភាកម្ពុជា។
លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ការអុជអាលរបស់ស្ថានទូតអាមេរិក ប្រចាំកម្ពុជា លើទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-ចិន ដើម្បីឱ្យអ្នកវិនិយោគរបស់ចិន ឱ្យមានការធ្លាក់ចុះ ដែលជាចេតនាជំរុញឱ្យអ្នកវិនិយោគិនខ្មែរ ឈប់សហការពាណិជ្ជកម្ម ជាមួយអ្នកវិនិយោគចិន ក្នុងន័យចោទប្រកាន់ថាអ្នកវិនិយោគចិន ទាញយកតែផលប្រយោជន៍ផ្ទាល់ខ្លួនដែលប៉ុណ្ណោះ។ ដូច្នេះ បន្ទាប់ពីសម្លឹងមើលឃើញថាកម្ពុជា-ចិន មានទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងនយោបាយការបរទេស កាន់តែស្អិតរមួតនោះអាមេរិក មានចេតនាបំបែកដៃគូរ ទាំងពីនេះ តាមរយៈចំណុចផលចំណេញពាណិជ្ជកម្មនេះតែម្តង។
លោកបណ្ឌិត សុខ ទូច បានបន្តថា សម្រាប់ការរៀបចំឱ្យមានវេទិកានេះ គឺចង់បង្ហាញឱ្យប្រជាជនកម្ពុជា ដែលមាននិន្នាការគាំទ្រទៅលើប្រទេសចិន និងអាមេរិក ឱ្យយល់កាន់តែច្បាស់ថា រាជរដ្ឋាភិបាលកម្ពុជា បច្ចុប្បន្ន បានប្រើប្រាស់នយោបាយចម្រុះពណ៌ ដោយរកស៊ីជាមួយប្រទេសណា ផ្តល់ផលប្រយោជន៍ឱ្យកម្ពុជា កម្ពុជាត្រូវចាប់យកប្រទេសនោះដៃគូរពាណិជ្ជកម្ម។ ដូច្នេះ រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែការពារដល់អ្នកវិនិយោគិន បរទេសទាំងអស់នៅកម្ពុជា តាមរយៈប្រព័ន្ធច្បាប់ និងមែនការពារតែអ្នកវិនិយោគជនជាតិចិននោះទេ។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់យ៉ាងដូច្នេះ៖ «អត់មានផលប៉ះពាល់អីទេ កាលនិយាយនេះគ្រាន់តែជាភាសាការទូត ប៉ុន្តែកាយវិការលោកខុសពីមុន មុនចិនយកមនោគមមកដាក់ អីឡូវយក៤២ជាន់មកដាក់ ៤៥ជាន់ ១៦ជាន់ លើទៅវិញរួចទេ លើកអត់រួចទេផ្លូវ ស្ពាន បើលើកអត់រួចចិន ត្រូវតែក្រៀកដៃគ្នា ដើម្បីគាំទ្រទៅលើសេដ្ឋកិច្ចនឹងបើមានវិបត្តិអ្នកវិនិយោគរបស់គេ អឹចឹងគេត្រូវការពារអ្នកវិនិយោគរបស់គេ បើយើងចេះតែច្រានចោល ច្រានចោល តើមានវិនិយោគណាមកទៀត»។
ចំណែក លោក ស៊ាវ ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់កម្ពុជា បានថ្លែងថា ការលើកឡើងបែបនេះរបស់ស្ថានទូតអាម៉េរិក គឺដើម្បីញុះញង់ឱ្យសាធារណមតិជាតិ និងអន្តរជាតិ ឱ្យយល់ច្រឡំពីឱនភាពទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ចិន ក្នុងគោលបំណងញុះញង់ ដើម្បីឱ្យសាធារណៈមតិស្អប់ខ្ពើម រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្ននេះ។
លោក ស៊ាវ ម៉ៅ បានថ្លែងយ៉ាងដូច្នេះថា៖ «ដើម្បីអី ដើម្បីជួយដល់ដៃគូររបស់ខ្លួនដែលបានរៀបចំនូវវេទិកាមួយ ដើម្បីរិះគន់ ឬដាក់សម្ពាធដល់រាជរដ្ឋាភិបាល ដើម្បីឱ្យមានការចរចា ជាមួយនឹងគណបក្សប្រឆាំង នេះជាគោលបំណងដែលគេធ្វើ គណបក្សកាន់អំណាច កំពុងដឹកនាំការងារ ដើម្បីចរចាជាមួយនឹងប្រទេសចិន អីចឹងរីឯខាងប្រឆាំងគេកំពុងធ្វើនយោបាយមួយរៀបចំវេទិកាមួយនៅកូរ៉េ ដើម្បីគាបសង្កត់ប្រឆាំងនឹងរាជរដ្ឋាភិបាល នេះហើយជាគោលបំណងដែលគេចង់បាន»។
លោក ស៊ាវ ម៉ៅ បានបន្ថែមទៀតថា ចំណុចនេះជាចេតនាបង្កឱ្យប្រជាពលរដ្ឋខ្មែរ ស្អប់ខ្ពើមរាជរដ្ឋាភិបាលដោយសម្លឹងថា រដ្ឋាភិបាលមិនបានបំពេញទំនាក់ទំនងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន ឱ្យបានត្រឹមត្រូវតាមច្បាប់ ព្រមទាំងបន្ទោសមកលើរាជរដ្ឋាភិបាលថា មិនបានតម្កល់ផលប្រយោជន៍ដល់ជាតិជាធំជាដើម។ នេះជាគោលនយោបាយបំបែកបំបាកទំនាក់ទំនងកម្ពុជា-ចិន ដើម្បីឱ្យប្រជាជនយើងឃើញថា ការធ្វើទំនាក់ទំនងជាមួយចិន មិនផ្តល់ផលប្រយោជន៍ដូចជាកម្ពុជា ធ្វើទំនាក់ទំនងជាមួយសហភាពអឺរ៉ុប ឬជាមួយនឹងសហរដ្ឋអាម៉េរិក ដែលផ្តល់ជំនួយភាគច្រើនមិនសម្លឹងឃើញអ្វីក្រៅពីការផ្តល់ផលប្រយោជន៍ឱ្យកម្ពុជានោះទេ។
លោក ស៊ាវ ម៉ៅ បានបញ្ជាក់ថា នៅក្នុងទំនាក់ទំនងការទូត គឺគិតពីការតម្កល់ផលប្រយោជន៍របស់ជាតិជាធំ ដែលយើងហៅថា «សន្តិសហវិជ្ជមាន» ដែលប្រើប្រាស់គោលនយោបាយចម្រុះពណ៌ គឺថាប្រទេសណាក៏ដោយឱ្យតែផ្តល់ផលប្រយោជន៍ដល់កម្ពុជា គឺកម្ពុជា ស្វាគមន៍ធ្វើកិច្ចសហប្រតិបត្តិការ ទាំងអស់។ កន្លងមកនេះ មហាអំណាចអាមេរិក បានចេញសេចក្តីថ្លែងការណ៍ បង្គាប់បញ្ជាក្នុងន័យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជាច្រើនណាស់ ដែលផ្ទុយនឹងការអនុវត្តវិធានផ្ទៃក្នុងរបស់កម្ពុជា ក្នុងនាមកម្ពុជា ជាប្រទេសមានអធិបតេយ្យភាពពេញលេញ។
លោកបណ្ឌិត ឌៀប សុផល សាស្ត្រចារ្យប្រវត្តិសាស្ត្រ និងទំនាក់ទំនងអន្តរជាតិ បានថ្លែងថា កម្ពុជា ត្រូវការលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែកម្ពុជា មិនត្រូវការលទ្ធិប្រជាធិបតេយ្យដែលអាម៉េរិក តម្រង់ទិសនោះទេ គឺកម្ពុជា ត្រូវការលទ្ធិប្រជាធិបតេយ្យមួយដែលឆ្លើយតបទៅនឹងបរិបទសង្គមកម្ពុជា ដែលឆ្លើយតបទៅនឹងលក្ខខណ្ឌ ប្រពៃណី ទំនៀមទំលាប់របស់ជនជាតិខ្មែរ៕