(បាត់ដំបង)៖ សាលាដំបូងខេត្តបាត់ដំបង បានចេញដីកាកោះហៅ កញ្ញា ស៉ិន ចាន់ពៅរ៉ូហ្សេត អតីតចៅសង្កាត់នៃអតីតគណបក្សសង្គ្រោះជាតិ និងសមាជិកអតីតបក្សនេះចំនួន២រូបផ្សេងទៀត ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ ដើម្បីសាកសួរចំពោះករណីប្រឆាំងនឹងសាលដីកាតុលាការកំពូល។ នេះបើតាមដីកាតុលាការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
យោងតាមដីកាកោះរបស់លោក គឺ ប៊ុណ្ណារ៉ា តំណាងអយ្យការអមសាលាដំបូងខេត្តបាត់ដំបង បានឱ្យដឹងថា ជនសង្ស័យទាំង៣នោះ រួមមាន កញ្ញា ស៉ិន ចាន់ពៅរ៉ូហ្សេត, លោក ឃួន ចំរើន និងលោក ម៉ក់ រ៉ា។ សាមីខ្លួនត្រូវចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង អគារ «គ» ជាន់ទី១ ឱ្យទាន់ពេលវេលា ហើយត្រូវយកឯកសារផ្សេងៗដែលពាក់ព័ន្ធទៅជាមួយផងដែរ។
ពាក់ព័ន្ធនឹងការចេញដីកាកោះហៅនេះ កញ្ញា ស៉ិន ចាន់ពៅរ៉ូហ្សេត បានច្រានចោលនូវការចោទប្រកាន់ថានាងប្រឆាំងនឹងសាលដីកា។
សូមបញ្ជាក់ថា គណបក្សសង្រ្គោះជាតិ ត្រូវបានតុលាការកំពូល កាត់ទោសរំលាយ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បន្ទាប់ពីមេដឹកនាំគណបក្សនេះ បង្ហាញអំពីការឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។
ក្រោយកាត់ទោសរំលាយនេះ អតីតថ្នាក់ដឹកនាំ នៃគណបក្សនេះចំនួន១១៨នាក់ ក៏ត្រូវបានតុលាការហាមឃាត់ មិនឱ្យធ្វើនយោបាយរយៈពេល៥ឆ្នាំផងដែរ ហើយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់របស់អតីតគណបក្សសង្រ្គោះជាតិ ក៏ត្រូវបានដកហូតយកអាសនៈផងដែរ៕