(ភ្នំពេញ)៖ ក្រុមហ៊ុន ជីប ម៉ុង ដែលបានទទួលសិទ្ធធ្វើពាណិជ្ជកម្ម និងនាំចូលផលិតផល ដែកថែបអ៊ីតាលីម៉ាកវី ផ្តាច់មុខសម្រាប់ផ្គត់ផ្គង់នៅលើទីផ្សារកម្ពុជា តាំងពីឆ្នាំ១៩៩៧មក បានរៀបចំកម្មវិធី ”រួមកម្លាំងខ្លាំងទាំងអស់គ្នា” ដើម្បីថ្លែងអំណរគុណ រឹតចំណងមិត្តភាព និងបន្តដំណើរទៅកាន់ភាពជោគជ័យរួមគ្នា រវាងថ្នាក់ដឹកនាំក្រុមហ៊ុន ដៃគូពាណិជ្ជកម្ម ព្រមទាំងតំណាងចែកចាយដែកថែបអ៊ីតាលីម៉ាកវីទូទាំងប្រទេស។
កម្មវិធីមានអ្នកចូលរួមសរុបប្រមាណ៥០០នាក់ ដែលជាតំណាងចែកចាយដែកថែបអ៊ីតាលីម៉ាក់វីទូទាំងប្រទេសព្រមទាំងគណៈប្រតិភូតំណាងរោងចក្រផលិតដែកថែបម៉ាកវីមកពីក្រៅប្រទេសផងដែរ ។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានមានប្រសាសន៍ថា ក្រុមហ៊ុន ជីប ម៉ុង នឹងនៅតែបន្តសម្រុកយុទ្ធសាស្ត្រពង្រីកទីផ្សារសម្រាប់ផលិតផលដែកថែបអ៊ីតាលីម៉ាកវី ឱ្យកាន់តែទូលំទូលាយដើម្បីឱ្យតំណាងចែកចាយ កាន់តែមានភាពងាយស្រួលក្នុងការលក់ និងអាចលក់ដាច់ក្នុងបរិមាណដ៏ច្រើន។
លោកឧកញ៉ា លាង ឃុន បានបន្ថែមថាខណៈដែលក្រុមហ៊ុន ជីប ម៉ុង កំពុងតែរីកចម្រើនទៅមុខ ក្រុមហ៊ុន ជីប ម៉ុង តែងតែគិតយ៉ាងណាធ្វើឲ្យដៃគូពាណិជ្ជកម្មក៏ដូចជាតំណាងចែកចាយទាំងអស់រីកចម្រើន ជោគជ័យទៅមុខទាំងអស់គ្នា។
ក្នុងនាមជាដៃគូពាណិជ្ជកម្មចែកចាយដែកថែបប្រមាណជាងបីទស្សវត្ស ក្រុមហ៊ុន ជីប ម៉ុង តែងតែយកចិត្តទុកដាក់ធានាថាដៃគូពាណិជ្ជកម្មរបស់ខ្លួនតែងតែទទួលបាននូវតម្លៃ និងលក្ខខ័ណ្ឌពិសេសៗពីផលិតផលដែកថែបអ៊ីតាលីម៉ាកវីនេះ។
លើសពីនេះទៅទៀតក្រុមហ៊ុន ជីប ម៉ុង តែងតែបន្តផ្តល់ជូនជាការលើកទឹកចិត្តក្នុងរូបភាពផ្សេងៗដល់តំណាងចែកចាយរបស់យើងចំពោះកិច្ចខិតខំប្រឹងប្រែងលក់គ្រប់ ឬលើសផែនការ។
តំណាងរោងចក្រផលិតដែកថែបអ៊ីតាលីម៉ាកវី ដែលវត្តមានក្នុងកម្មវីធី ”រួមកម្លាំងខ្លាំងទាំងអស់គ្នា” បានអះអាងក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ ទំនាក់ទំនងរវាងក្រុមហ៊ុន ជីប ម៉ុង និងរោងចក្រផលិតដែកថែបអ៊ីតាលីម៉ាកវី បានឆ្លងកាត់នូវរឿងរ៉ាវយ៉ាងច្រើនទាំងឧបសគ្គ និងជោគជ័យ ប៉ុន្តែតែងតែយោគយល់គ្នា ជួយជ្រោមជ្រែងសហប្រតិបត្តិការគ្នាយ៉ាងសកម្ម ស្អិតរមួត និងបានក្លាយជាដៃគូពាណិជ្ជកម្ម ដែលមានទំនុកចិត្តខ្ពស់ក្នុងផ្តល់ជូននូវផលិតដែកថែប ដែលគុណភាពខ្ពស់សម្រាប់ទីផ្សារកម្ពុជា។
ក្រុមហ៊ុន ជីប ម៉ុង បានចាក់គ្រឹះយ៉ាងរឹងមាំក្នុងទីផ្សារកម្ពុជា តាមរយៈការច្របាច់បញ្ចូលគ្នានៃពាណិជ្ជកម្មផ្គត់ផ្គង់គ្រឿងសំណង់របស់ថ្នាក់ដឹកនាំក្រុមហ៊ុន ដែលបានកសាងកេរ្តិ៍ឈ្មោះ នៅក្នុងទីផ្សារសំណង់តាំងពីទសវត្សរ៍ឆ្នាំ៨០។
ក្នុងរយៈពេលជិត៤០ឆ្នាំមកនេះ ក្រុមហ៊ុនបានពង្រីក សក្តានុពលកាន់តែខ្លាំងក្លាថែមទៀត ក្នុងការផ្គត់ផ្គង់ឲ្យទាន់កំណើននៃតម្រូវការទីផ្សារតាមរយៈការ បង្កើតរោងចក្រផលិតបេតុងលាយស្រេច ទុយោ និងក្បឿង និងរោងចក្រផលិតស៊ីម៉ង់៕