(កំពង់ចាម)៖ ប្រាក់ពលកម្ម ដែលកម្មករ-កម្មការិនីរោងចក្រ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ស្រូបយកក្នុងមួយខែ ៦លានដុល្លារអាមេរិក ដើម្បីយកទៅបង្កើនជីវភាពគ្រួសាររបស់ខ្លួន។
នេះជាការអះអាងរបស់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម ថ្លែងនាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ក្នុងពិធីអបអរខួបអនុស្សាវរីយ៍លើកទី១៣៣ ទិវាពលកម្មជាតិ ១ឧសភា ស្ថិតក្នុងភូមិអំពិល ឃុំអំពិលស្រុកកំពង់សៀម ខេត្តកំពង់ចាម។
បន្ទាប់ពីអានសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន លោកអភិបាលខេត្តបានថ្លែងថា នៅស្រុកជើងព្រៃមានរោងចក្រច្រើន ដែលស្រូបយកកម្លាំងកម្មករ កម្មការី ប្រមាណជា ២៨.០០០នាក់ ដែលឆ្លងតាមការគណនា កម្មករ កម្មការិនីនៅទីនោះ អាចស្រូបយកប្រាក់បៀវត្សនូវទឹកប្រាក់ចំនួន ៥លានដុល្លារអាមេរិក ក្នុងមួយខែ។ ចំណែកកម្មករ កម្មការិនី រោងចក្រនៅក្នុងស្រុកកំពង់សៀមនេះ ដែលមានចំនួន ៣៤០០នាក់ បានស្រូបយកថវិកាពល កម្មចំនួន ១លានដុល្លារ ក្នុងមួយខែ ហើយប្រាក់ចំណូលទាំងអស់នេះ ពិតប្រាកដណាស់ បានហូរចូលទៅក្នុងការបង្កើនជីវភាព គ្រួសាររបស់ប្រជាពលរដ្ឋរៀងៗខ្លួន ដែលប្រការនេះធ្វើឲ្យមូលដ្ឋានមានការរីកលូតលាស់ជាបន្តបន្ទាប់។
លោកអភិបាលខេត្តបានលើកឡើងទៀតថា សមិទ្ធិផលខាងលើនេះ គឺជាលទ្ធផល ដែលបានមកពីការខិតខំរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងតែខិតខំយកចិត្តទុកដាក់ក្នុងការទាក់ទាញអ្នកវិនិយោគទុន ឲ្យមកបើកធ្វើរោងចក្រ សហគ្រាសនានា ដែលជាគោលបំណងសំខាន់បំផុតនោះគឺចង់បង្កើនការងារ ឲ្យយុវជន យុវនារី មានការងារធ្វើ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា កិច្ចការទាំងអស់នេះសម្ដេចតេជោ ហ៊ុន សែន បានគិតគូរយូរមកហើយ រហូតមកដល់បច្ចុប្បន្ននេះ នៅរយៈពេល៥ ថ្ងៃកន្លងទៅ វត្តមានរបស់សម្ដេចតេជោ នៅឯទីក្រុងប៉េកាំងប្រទេសចិន ដែលសម្ដេចកំពុងបន្តបេសកកម្ម នៃការកៀរគរកអ្នកវិនិយោគទុន ច្រើនបន្ថែមទៀតសម្រាប់វិនិយោគ នៅក្នុងប្រទេសកម្ពុជាក្នុងគោលបំណងដើម្បីដោះស្រាយ ឲ្យយុវជនយុវនារីបានការងារធ្វើកាន់តែច្រើន និងបានទទួលប្រាក់បៀវត្សកាន់តែច្រើនថែមទៀត យកទៅបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ ឲ្យមានជីវភាពកាន់តែធូរធារឡើងជាលំដាប់៕