Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរចុះបង្រ្កាបទីតាំងម៉ាស្សា បង្កប់សេវាផ្លូវភេទរបស់ជនជាតិចិន នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនជាតិចិនប្រុសស្រី ១២នាក់

30-04-2019 14:50

(ភ្នំពេញ)៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយអភិបាលខណ្ឌ ហែម ដារិទ្ធិ បានចុះទៅធ្វើការបង្រ្កាបទីតាំងម៉ាស្សា ២កន្លែង ដែលគ្រប់គ្រងដោយថៅកែជនជាតិចិន និងមានបង្កប់សេវាផ្លូវភេទនៅក្នុងនោះផងដែរ ដោយកម្លាំងបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រីជាជនជាតិចិនចំនួន ១២នាក់ ក្នុងនោះមានស្រ្តីចំនួន ១០នាក់ដែលសង្ស័យថាជាស្រ្តីស៊ីផ្លូវភេទ និងបុរស២នាក់ជាមេកា។

ប្រតិបត្តិការនោះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅក្នុងហាងម៉ាស្សាយីហោ «អ៊ីហុងយ៉ាន» ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបាននិយាយបន្តទៀតថា ទីតាំងម៉ាស្សាទាំង ២កន្លែងនេះ មានបំពាក់ស្លាកយីហោជាអក្សរចិនគ្រប់គ្រងដោយស្រ្តីជនជាតិចិនម្នាក់ ឈ្មោះ ភីង អ៊ី អាយុ៥០ឆ្នាំ ហើយមិនមានការអនុញ្ញាត និងច្បាប់ត្រឹមត្រូវឲ្យបើកដំណើរឡើយ។ ខាងក្រៅដាក់ស្លាក និងរូបម៉ាស្សា ប៉ុន្តែតាមការពិត ជាកន្លែងដែលបម្រើសេវាផ្លូវភេទទៅវិញទេ ដោយសារតែមានការសង្ស័យកម្លាំងបានធ្វើការស្រាវជ្រាវ ទើបដឹងថាទីនេះល្មើសច្បាប់ក៏ចុះបង្ក្រាបតែម្ដង។

ពេលចុះទៅដល់ កម្លាំងបានរកឃើញស្រោមអនាម័យជាច្រើនប្រអប់ ដែលមិនទាន់ប្រើ ព្រមទាំងស្រោមដែលប្រើប្រាស់រួចមួយចំនួនទៀត បន្ទាប់មកក៏បានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ដែលជាជនជាតិចិនចំនួន ១២នាក់ ក្នុងនោះស្រី១០នាក់ សង្ស័យជាអ្នកបម្រើសេវផ្លូវភេទ។ រីឯបុរស២នាក់ទៀត គឺជាមេការប្រចាំទីតាំងម៉ាស្សាទាំង ២កន្លែងខាងលើ ចំណែកស្រ្តីដែលជាអ្នកគ្រប់គ្រងឈ្មោះ ភីង អ៊ី បានរត់គេចខ្លួនបាត់ស្រមោល។

មនុស្សទាំង ១២នាក់ ត្រូវបាននាំខ្លួនទៅកាន់សាលាខណ្ឌពោធិ៍សែនជ័យ រង់ចាំប្រគល់ជូននគរបាលអន្តោប្រវេសន៍ចាត់ការតាមច្បាប់៕