(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានបញ្ជាឲ្យកម្លាំងនគរបាលរបស់ខ្លួន កោះហៅម្ចាស់សណ្ឋាគារ និងកាស៊ីណូមួយកន្លែង ដែលមានថៅកែ និងអ្នកមើលការខុសត្រូវជាជនជាតិចិន មកឲ្យបញ្ឈប់សកម្មភាពការជ្រើសរើសក្រុមសន្តិសុខជាជនបរទេសជាបន្ទាន់ ដោយគ្មានច្បាប់ទម្លាប់យ៉ាងដូច្នេះ។
ចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ស្នងការខាងលើនេះ បានឆ្លើយតបជាមួយសារព័ត៌មាន និងបណ្តាញសង្គម Facebook មួយចំនួនតូច បានបង្ហោះពីការជ្រើសរើសសន្តិសុខឯកជន ជាជនបរទេស (ជនជាតិចិន) តាមបណ្តារសណ្ឋាគារ និងកាស៊ីណូ ដែលមិនបានឆ្លងកាត់ច្បាប់ទម្លាប់ត្រឹមត្រូវ។
លោកឧត្តមសេនីយ៍ស្នងការ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះថា «ក្រោយមានករណីនេះកើតឡើងភ្លាម ខ្ញុំបានដាក់បទបញ្ជា ឲ្យលោកឧត្តមសេនីយ៍ត្រី សៅ ស៊ាន ស្នងការរងទទួលផែនសន្តិសុខ ចុះទៅស្រាវជ្រាវ ហើយបានកោះហៅអ្នកទទួលខុសត្រូវទីតាំងសណ្ឋាគារ និងកាស៊ីណូ «តុង យៀង» ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ មកចូលបំភ្លឺពាក់ព័ន្ធករណីខាងលើ ហើយក៏បានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការជ្រើសរើសសន្តិសុខឯកជនជាជនបរទេស ដោយពុំមានការឆ្លងកាត់ជ្រើសរើសច្បាប់ទម្លាប់ និងខុសពីបទដ្ឋានផ្លូវច្បាប់នេះ ត្រូវបញ្ឈប់ជាបន្ទាន់»។
បើតាមលោកស្នងការ ក្នុងការបំភ្លឺនោះដែរ លោកស្រី Liu Jie ជនជាតិចិន កាន់លិខិតឆ្នលងដែនលេខ E16770074 ជាបុគ្គលិកផ្នែកទំនាក់ទំនង ហើយជាតំណាងឲ្យសណ្ឋាគារ និងកាស៊ីណូ អន្តរជាតិ «តុង យៀង» បានបំភ្លឺថា ការជ្រើសរើសសន្តិសុខឯកជនជាជនបរទេសនេះ ធ្វើឡើងបានមួយថ្ងៃ ក៏រំសាយទៅវិញ ហើយបច្ចុប្បន្នពុំមានសិន្តិសុខឯកជនជាជនបរទេស មិនស្របតាមបទដ្ឋានច្បាប់នោះទេ។
លោកស្រីក៏បានសន្យាថា នឹងពាំនាំការណែនាំរបស់សមត្ថកិច្ច ទៅកាន់លោកលោកស្រីថៅកែរបស់ខ្លួន ដែលជាម្ចាស់ទីតាំងឲ្យជ្រាបជាព័ត៌មាន និងសន្យាថា នឹងសហការល្អជាមួយសមត្ថកិច្ចខេត្ត និងមិនឲ្យមានសន្តិសុខឯកជនផ្ទាល់ខ្លួន ដែលមិនបានឆ្លងកាត់ច្បាប់ទម្លាប់តទៅទៀតទេ ចាប់ពីពេលនេះតទៅ។
ជាចុងក្រោយនេះ លោកឧត្តមសេនីយ៍ស្នងការ សូមឲ្យម្ចាស់ផេកផ្សេងៗ ដែលពាក់ព័ន្ធសូមអធ្យាស្រ័យឈប់បង្ហោះផ្សាយពាក់ព័ន្ធករណីនេះទៀត ព្រោះថា សមត្ថកិច្ចយើងបានកោះហៅតំណាង ម្ចាស់ទីតាំង មកធ្វើកិច្ចសន្យារួចរាល់តាំងពីថ្ងៃម្សិលមិញរួចហើយ៕