(ភ្នំពេញ)៖ លោកស្រី អាន ផល្លា ជា ពិសី ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឬស្សីកែវ បានសុំអភ័យទោស ពីប្រជាពលរដ្ឋដែលកំពុងជួបបញ្ហាកង្វះខាតទឹក និងភ្លើងសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងបានបញ្ជាក់ថា មិនយូរប៉ុន្មានទៀតទេ នឹងមានទឹក-ភ្លើងគ្រប់គ្រាន់ សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ធម្មតាវិញមិនខានឡើយ ក្រោមការគិតគូរដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការសុំទោសប្រជាពលរដ្ឋ និងការបញ្ជាក់របស់លោកស្រី អាន ផល្លា ខាងលើនេះ បានធ្វើឡើងក្នុងពេលលោកស្រីជាអនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមខណ្ឌ តំណាងឲ្យលោក ជា ពិសី ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ បានអញ្ជើញនាំយកគ្រឿងឧបភោគបរិភោគ និងថវិការបស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ដើម្បីបន្តចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនប្រជាពលរដ្ឋក្រីក្រចាស់ជរា ស្ថិតក្នុងសង្កាត់ច្រាំងចំរេះទី២ នាល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ។
ពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមខណ្ឌ ចៅសង្កាត់ មេភូមិ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
លោកស្រីបានសង្កត់ធ្ងន់ថា សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជា គឺជាសុខទុក្ខរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទាំងទ្វេ ដោយមិនប្រកាន់ពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ បើទោះបីជាអំណោយទាំងនេះ មិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយជីវភាពតាមគ្រួសារនិមួយៗបានមួយគ្រា៕