(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានលើកឡើងថា ក្រុមគ្រូពេទ្យទាំងអស់ចាំបាច់ណាស់ ត្រូវតែប្រើប្រាស់ពាក្យសម្ដីសមរម្យទៅកាន់អ្នកជំងឺ ហើយមិនត្រូវប្រើពាក្យខ្លួនរវល់នោះទេ ពោលត្រូវចាត់ទុកអ្នកជំងឺព្រៀមដូចជាសាច់ញាតិ ឬក្រុមគ្រួសាររបស់ខ្លួនឯងដែរ។
ការលើកឡើងរបស់លោករដ្ឋមន្ដ្រី ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព មហាសន្និបាតបូកសរុបលទ្ធផល សកម្មភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យជាតិ អាណត្តិ៦ឆ្នាំ លើកទី២ និងជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៦ លើកទី៣ នាសណ្ឋាគារភ្នំពេញ។
លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់ទៀតថា គ្រូពេទ្យត្រូវបន្ដរក្សាក្រមសីលធម៌ វិជ្ជាជីវៈ និងជំនាញច្បាស់លាស់ ហើយនៅពេលឃើញអ្នកជំងឺមករកសេវា មិនត្រូវអង្គុយលេង ឬចុចទូរស័ព្ទនោះឡើយ ពោលត្រូវតែចេះគួរសមរុសរាយរាក់ទាក់ និងត្រូវចេះលើកដៃសំពះជំរាបសួរអ្នកជំងឺ។
រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងយ៉ាងដូច្នេះថា «យើងមិនអាចឃើញអ្នកជំងឺមក នៅអង្គុយនិយាយគ្នាលេង ឬចុចទូរស័ព្ទនោះទេ វាអត់មានអីធ្ងន់នោះទេ គ្រាន់តែយើងគួរសមជំរាបសួរ [...] ការប្រើប្រាស់ពាក្យសម្ដីចាំបាច់ណាស់ គ្រាន់តែមកជំរាបសួរ ពូ មីង តា យាយ ឈឺអី សួរសុខទុក្ខគាត់ តែប៉ុណ្ណឹងគាត់មានភាពកក់ក្ដៅ បានន័យថាយើងស្និតស្នាលជាមួយគាត់»។
ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី ក៏សង្កត់ធ្ងន់ថា គ្រូពេទ្យក្រៅពីមានជំនាញច្បាស់លាស់ ក៏ត្រូវតែរក្សាឲ្យបាននូវក្របសីលធម៌ឲ្យបានល្អផងដែរ ហើយនៅពេលធ្វើដំណើរទៅណាមកណាសំបូរអ្នកស្រលាញ់រាប់អាន។ លើសពីនេះ ក៏ត្រូវតែមានភាពប្រាកដប្រជាចំពោះវិជ្ជាជីវៈរបស់ខ្លួនផងដែរ ព្រោះអ្នកជំងឺត្រូវការគ្រូពេទ្យដែលមានជំនាញដើម្បីជួយសង្គ្រោះ។
គួរជម្រាបថា ក្នុងមហាសន្និបាតនេះ គណៈគ្រូពេទ្យកម្ពុជា ក៏បានដាក់ចេញនូវទិសដៅរបស់ខ្លួនផងដែរ រួមមាន៖
*ទី១៖ ចាប់ផ្ដើមចេញអាជ្ញាប័ណ្ណក្នុងឆ្នាំ២០១៩ ឲ្យបានយ៉ាងតិច៥០ភាគរយនៅក្នុងខេត្ត និងយ៉ាងតិច៣០ភាគរយ នៅរាជធានីភ្នំពេញ
*ទី២៖ ជំរុញភាពម្ចាស់ការ ក្នុងការរៀបចំទិវាអភិវឌ្ឍន៍វិជ្ជាជីវៈវេជ្ជសាស្ដ្រតាមខេត្ត ឲ្យបានយ៉ាងតិច១០ខេត្ត
*ទី៣៖ បន្ដការត្រួតពិនិត្យសម្បទា និងគុណវុឌ្ឍរបស់អ្នកប្រកបវិជ្ជាជីវៈវេជ្ជសាស្ដ្រ
*ទី៤៖ បង្កើនកិច្ចសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តវិន័យវិជ្ជាជីវៈ
និងទី៥៖ សហការជាមួយធនាគារ ដើម្បីកែទម្រង់ការគ្រប់គ្រងថវិកាថ្នាក់ក្រោមជាតិ៕