(សៀមរាប)៖ ការប្រព្រឹត្តិមិនសមរម្យពីសំណាក់ភ្ញៀវទេសចរ នៅតំបន់អង្គរនៅតែមានជារឿយៗ ដោយយោងតាមរបាយការណ៍សកម្មភាពការងារ របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិអប្សរា ប្រចាំត្រីមាសទី១ ក្នុងឆ្នាំ២០១៩ បានបង្ហាញថា ក្នុត្រីមាសទី១ ឆ្នាំ២០១៩នេះ ក្រុមភ្នាក់ងារទេសចរណ៍ បានហាមឃាត់ភ្ញៀវដែលប្រព្រឹត្តិមិនសមរម្យបានចំនួន ៦៥ករណី។
ករណីទាំងនោះ រួមមានការបង្ហោះយន្តថតរូបពីលើអាកាស (Drone) ការបន្ទោបង់ក្នុងបរិវេណប្រាសាទ ជនបរទេសថតរូបអាពាហ៍ពិពាហ៍ដោយគ្មានការអនុញ្ញាត ការថតរូបបញ្ចេញកាយវិការមិនសមរម្យ (ថតបង្ហាញម៉ូត ថតរូបភាពមិនសមរម្យ) ស្លៀកពាក់មិនសមរម្យ សម្តែងសៀកនៅក្នុងប្រាសាទ រៀបចំពិធីទទួលទានអាហារនៅក្នុងប្រាសាទ ប្រើប្រាស់ម៉ាស៊ីនថតខ្នាតធំ ធ្វើពិធីសាសនាដោយគ្នានការអនុញ្ញាត ថតរូបផ្សព្វផ្សាយពាណិជ្ជកម្ម និងគូរគំនូរលក្ខណៈទ្រង់ទ្រាយធំដោយមិនមានការអនុញ្ញាត។
ជាមួយគ្នានោះ ក្រុមការងារក៏ជួយសង្រ្គោះភ្ញៀវទេសចរដែលរងរបួសដោយរអិល ឬជំពប់ជើង ដួល គ្រិច ថ្លោះដៃ ជើង ខ្យល់គរ វិលមុខ ចុកពោះ សត្វស្វាខាំ និងពុលអាហារជាដើមបាន ១១៣ករណី។
បញ្ហាទាំងនេះត្រូវបានភ្នាក់ងារទេសចរណ៍ ដែលមានជំនាញសង្រ្គោះបឋម និងមានបរិក្ខារសង្រ្គោះបឋម នៅជាប់ខ្លួនជួយសង្គ្រោះបឋមទាន់ពេលវេលា នៅកន្លែងកើតហេតុក្នុងករណីស្រាលៗ និងសហការជាមួយនគរបាលទេសចរ និងនគរបាលការពារបេតិកភណ្ឌ បញ្ជូនទៅមន្ទីរពេទ្យក្នុងរកណីរបួសធ្ងន់ធ្ងរ។
ក្រុមភ្នាក់ងារទេសចរណ៍ថែមទាំងបានរើសរបស់របរភ្ញៀវដែលភ្លេច ឬជ្រុះនៅតាមប្រាសាទចំនួន ៩៣ករណី ដោយក្នុងនោះសម្ភារៈចំនួន ៨៥ករណី ត្រូវបានរកឃើញរួមមាន៖ ទូរស័ព្ទដៃ អាយផេត កាបូបស្ពាយ កាបូបយួរដៃ កាបូបលុយ កាតវីសារ និងម៉ាស៊ីនថតជាដើម ហើយបានរកឃើញ និងប្រគល់ជូនម្ចាស់ដើមវិញ៕