(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹក ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានចុះពិនិត្យគម្រោង ការស្ដារព្រែកចាកដែលជាព្រែកធម្មជាតិ ហើយក៏ជាប្រព័ន្ធរំដោះទឹកមួយរួមចំណែកយ៉ាងសំខាន់ នៃក្រុងកំពត។
ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត ជាវ តាយ បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន ក្រុង និងសង្កាត់ដែលពាក់ព័ន្ធ ត្រូវតែយកចិត្តទុកដាក់ជាចាំបាច់ក្នុងការតាមដានត្រួតពិនិត្យប្រព័ន្ធលូទឹក និងបញ្ហាទុកដាក់ប្រមូលសម្រាម ដោយពង្រីកសេវាកម្មក្រុមហ៊ុនប្រមូលសម្រាម ជាពិសេសផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋយល់ដឹង និងចូលរួម ទើបការអភិវឌ្ឍទទួលបានលទ្ធផលជោគជ័យ។
លោកថា បញ្ហាប្រព័ន្ធលូទឹករាំងស្ទះនៅក្រុង គឺជាបញ្ហាការគិតគូរជាចាំបាច់ និងជាប្រចាំរបស់រដ្ឋបាលខេត្ត និងក្រុង សង្កាត់កន្លងមកដែរ ព្រោះវាក៏ជាបញ្ហាផ្ដល់នូវភាពលំបាកដល់ប្រជាពលរដ្ឋ រួមនិងការខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងផងដែរ។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ថា នៅចំពោះមុខនេះមិនថាឡើយមានលុយ ឬអត់លុយនោះទេរដ្ឋបាលខេត្ត នឹងខិតខំរកដំណោះស្រាយ ជំរុញ ការស្ដារព្រែកនេះឲ្យបានជាបន្ទាន់ជាចាំបាច់ ព្រោះបញ្ហាការរំដោះទឹកចេញពីក្រុងកំពតនេះ គឺជាតម្រូវការអនុវត្តឲ្យបានទាន់មុនរដូវវស្សាភ្លៀងធ្លាក់មកដល់ខាងមុខនេះ ដែលនាំឲ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ឬខូចខាតហេដ្ឋារចនាសម្ព័ន្ធក្រុង ដែលមតិមហាជនតែងបានលើកឡើងកន្លងមក។
សូមបញ្ជាក់ថា ព្រែកចាកធម្មជាតិដែលមានគម្រោងស្ដារនេះ ស្ថិតនៅរវាងព្រំប្រទល់រវាងសង្កាត់ក្រាំងអំពិល និងសង្កា ត់កំពង់កណ្ដាល ក្រុងកំពត និងរវាងឃុំជុំគ្រៀលស្រុកទឹកឈូ និងសង្កាត់កំពង់កណ្ដាល នៃក្រុងកំពត មានប្រវែង១៨០០ម៉ែត្រ ត្រូវចំណាយថវិកាប្រមាណ១៤ម៉ឺនដុល្លារ ក្រោមការឧបត្ថម្ភថវិកាផ្ទាល់ពីលោក ជាវ តាយ ៕