(ភ្នំពេញ)៖ គិតត្រឹមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ ប្រទេសកម្ពុជា បានក្លាយជាសមាជិកអាស៊ានអស់រយៈពេល ២០ឆ្នាំមកហើយ (៣០ មេសា ១៩៩៩-៣០ មេសា ២០១៩)។

ក្នុងរយៈពេល ២ទស្សវត្សនេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ពិតជាបានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាជិកដទៃទៀត ក្នុងការកសាង សហគមន៍អាស៊ានមួយនេះ ដោយផ្តោតលើប្រជាជន និងយកប្រជាជនជាស្នូល ក្នុងស្មារតីនៃភាពម្ចាស់ការ និងការទទួលខុសត្រូវរួម។

ក្នុងនាមជាសមាជិកស្ថាប័នថ្នាក់តំបន់មួយនេះ នាយករដ្ឋមន្រ្តីរបស់ប្រទេសកម្ពុជា បានចាត់ថា អាស៊ានបានផ្ដល់ខែលសន្តិសុខជាទីទុកចិត្តមួយ ដល់ប្រទេសសមាជិក ក្នុងកិច្ចការពារឯករាជ្យភាព
និងអធិបតេយ្យរបស់ខ្លួន។

នៅសារលិខិតអបអរសាទរ ក្នុងឱកាសដែលប្រទេសកម្ពុជា បានក្លាយជាសមាជិកអាស៊ានក្នុងរយៈពេល ២០ឆ្នាំ ប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា «ការគោរពគ្នាទៅវិញទៅមក កិច្ចពិគ្រោះយោបល់គ្នាទៅវិញទៅមក ការយោគយល់គ្នាទៅវិញទៅមក និងអត្ថប្រយោជន៍រួម បានក្លាយជាបទដ្ឋាន និងចំណុចខ្លាំងនៃអភិក្រមអាស៊ាន ក្នុងការធ្វើឱ្យយន្តការសំរាប់កិច្ចសន្ទនា និងការកសាងទំនុកចិត្ត មានចីរភាព។ ភាពជោគជ័យរបស់អាស៊ាន ស្ថិតនៅលើលក្ខណៈបើកចំហ បរិយាប័ន្ន និងសម្លឹងទៅក្រៅទោះបីជា គោលការណ៍នៃ ការធ្វើសេចក្តីសម្រេចចិត្តផ្អែកលើ កុងសង់ស៊ីស ការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរវាងគ្នា និងគោរពអធិបតេយ្យភាពគ្នា ជាមូលដ្ឋានគ្រឹះនៃឯកភាពរបស់អាស៊ាន។ ការតស៊ូ និងការប្រឆាំងនឹងការជ្រៀត ជ្រែកពីបរទេសបានក្លាយ និងបន្តក្លាយជាគោលការណ៍ស្នូលរបស់អាស៊ាន ដរាបណាគោលការណ៍នេះ ដែលជាមូលដ្ឋាននៃផលប្រយោជន៍ទៅវិញទៅមក និង នៃអត្ថប្រយោជន៍រួមរបស់អាស៊ានជាមួយ ដៃគូសន្ទនា ស្ថិតនៅតែជាគោលការណ៍គន្លឹះរបស់អាស៊ានក្នុងការធ្វើការជាមួយដៃគូខាងក្រៅ។ ប្រទេសកម្ពុជាចូលរួមយ៉ាងពេញទំហឹងក្នុងគោលការណ៍គ្រឹះរបស់អាស៊ាននេះ»។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា ខណៈដែលកម្ពុជា ប្តេជ្ញាសម្រេចនូវចក្ខុវិស័យក្នុងការក្លាយទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០ កម្ពុជាចាត់ទុកសហគមន៍អាស៊ានជាប្រភពនៃសន្តិភាព សន្តិសុខ និងវិបុលភាពសំរាប់ប្រជាជនខ្មែរ។

សូមបញ្ជាក់ថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅថា អាស៊ាន គឺជាអង្គការថ្នាក់តំបន់មួយ ដោយចាប់កំណើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ។ អង្គការនេះក៏បានពង្រីកខ្លួន ដោយការចូលរួមពីប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា (ភូមា) និងវៀតណាម។ គោលបំណងសំខាន់ នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេស ជាសមាជិកដើម្បីដោះស្រាយទំនាស់ ដោយសន្តិវិធី៕