(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះ បានអញ្ជើញទទួលជួបសវនាការ និងទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុន ម៉ារីថាម គ្រុប (MARITIME GROUP), ក្រុមហ៊ុន ស្រាបៀរ GANZBERG BREWERY និងសប្បុរសជន លោក លី ហ្កាង (Mr. Li GANG) តំណាងដោយ លោក មួន សារ៉ន ។
ក្នុងឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងអំណរគុណ និងស្វាគមន៍ដ៏កក់ក្ដៅ ចំពោះគណៈប្រតិភូតំណាងឱ្យក្រុមហ៊ុន និងសប្បុរសជន ដែលបានអញ្ជើញមក និងបានពាំនាំនូវអំណោយ មនុស្សធម៌ ជូនដល់កាកបាទក្រហមកម្ពុជា។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានថ្លែងថា «ក្នុងនាមខ្ញុំតំណាងឲ្យកាកបាទក្រហមកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ក្រុមហ៊ុនទាំងអស់ ដែលតែងតែចូលរួមយ៉ាងសកម្ម ក្នុងការទ្រទ្រង់សកម្មភាពមនុស្សធម៌កន្លងមក ហើយចំពោះអំណោយក្នុងថ្ងៃនេះ យើងនឹងយកទៅប្រើប្រាស់ឲ្យអស់លទ្ធភាព ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះមហន្ដរាយនានា និងដល់ជនពិការ ចាស់ជរា ស្ដ្រីមេម៉ាយ និងកុមារកំព្រា ដែលកំពុងជួបការលំបាកនោះ»។
ជាកិច្ចឆ្លើយតប គណៈប្រតិភូ ក៏បានថ្លែងអំណរគុណដល់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេស ក្នុងការផ្ដល់ឱកាសសម្ដែងការគួរសម និងចូលរួមបរិច្ចាគថវិកា និងសម្ភារមួយចំនួន ដើម្បីជួយទៅដល់ប្រជាជនងាយរងគ្រោះរបស់កម្ពុជា តាមរយៈកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំដ៏ប្រពៃរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។
ទន្ទឹមនឹងនោះ គណៈប្រតិភូទាំងអស់ ក៏បានធ្វើការកក់សម្គាល់ដូចៗគ្នាថា «កន្លងមកនេះ យើងខ្ញុំបានឃើញនូវសកម្មភាពមនុស្សធម៌យ៉ាងសកម្ម របស់កាកបាទក្រហមកម្ពុជា ជួយដល់ប្រជាជាជនងាយរងគ្រោះ និងរងគ្រោះបំផុត នៅទូទាំងប្រទេស ។យើងខ្ញុំមានការពេញចិត្ដ និងមានទំនុបចិត្ដយ៉ាងខ្លាំង ក្រោយការដឹកនាំប្រកប ដោយកិត្ដិព្រឹទ្ធបណ្ឌិត របស់សម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលបានខិតខំប្រឹងប្រែងជួយលើកតម្កើងកម្រិតជីវភាព របស់ប្រជាជនទូទាំងប្រទេស ពិសេសការសហការជាមួយរាជរដ្ឋាភិបាល ដើម្បីឆ្លើយតប នឹងតំរូវការរបស់ប្រជាជន បានទាន់ពេលវេលា ដែលនេះបានបង្កឲ្យមានជំនឿជឿជាក់បន្ថែមទៀត ដែលធ្វើឲ្យយើងខ្ញុំទាំងអស់ ក៏ដូចជាសប្បុរសជនផ្សេងទៀត បន្ដការចូលរួមទ្រទ្រង់សកម្មភាព មនុស្សធម៌បន្ដទៀតទាំងជាតិ និងអន្ដរជាតិ»។
ក្នុងឱកាសសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងជូនដល់គណៈប្រតិភូផងដែរ ពីគោលបំណងនៃការប្រារព្ធទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ដើម្បីអំពាវនាវកៀរគរ ស្វែងរកនូវមូលនិធិមនុស្សធម៌ ពីសំណាក់សប្បុរសជនទាំងអស់ ដើម្បីចូលរួមជាមួយគ្នានៅក្នុងថ្ងៃនោះ ដើម្បីធ្វើការបរិច្ឆាគ អំណោយមនុស្សធម៌ ទៅតាមសទ្ធាជ្រះថ្លា របស់សប្បុរសជន និងជួយកាកបាទក្រហមកម្ពុជា បន្ដធ្វើនូវសកម្មភាព ឬបេសកកម្មមនុស្សធម៌ បន្ដជួយប្រជាជនរងគ្រោះនៅកម្ពុជាផងដែរ ។
ជាពិសេសដើម្បីឆ្លើយតបទៅនឹងតំរូវការរបស់ប្រជាជន ពិសេសស្ដ្រីមេម៉ាយ ចាស់ជរា គ្មានទីពឹង ក៏ដូចជាប្រជាជន ដែលបានរងគ្រោះដោយគ្រោះមនហន្ដរាយនានា, មានហើយក៏បានសាងសង់ផ្ទះជូនប្រជាពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះ ខ្យលកន្ដ្រាក់ ជាដើម។ លើសពីនេះកាកបាទក្រហមកម្ពុជាក៏បានសហការជាមួយរាជរដ្ឋាភិបាល និងបន្ដជួយផ្គត់ផ្គង់នូវទឹកស្អាត ជូនដល់ប្រជាពលរដ្ឋតាមរយៈការជីកអណ្ដូងនិងជីកស្រះជាដើម។
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានថ្លែងបន្ដទៀតថា កាកបាទក្រហមកម្ពុជា ជានិច្ចជាកាលតែងតែអនុវត្ដសកម្មភាព មនុស្សធម៌ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវខ្ពស់ ហើយកាកបាទក្រហមកម្ពុជា មានលទ្ធភាពក្នុងការបន្ដជួយប្រជាពលរដ្ឋ ក៏ដោយសារតែមានការចូលរួមពីសប្បុរសជនដោយការស័្មគ្រចិត្ដទាំងជាតិ និងអន្ដរជាតិ ហើយថវិកានេះដើម្បីជួយប្រជាជនដែលងាយរងគ្រោះនៅទូទាំងប្រទេសផងដែរ។
សូមបញ្ជាក់ជូនថា កាកបាទក្រហមកម្ពុជា នឹងប្រារឰមិទ្ទីងថ្នាក់ជាតិ ដើម្បីអបអរខួបទី១៥៦ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០១៩ ក្រោមប្រធានបទ «ខ្ញុំ ❤️ កាកបាទក្រហមកម្ពុជា» និងអបអរខួប ១០០ឆ្នាំ នៃការបង្កើតសហព័ន្ធអន្តរជាតិ នៃសមាគមកាកបាទក្រហម អឌ្ឍចន្ទក្រហម (១៩១៩-២០១៩) នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា នាព្រឹកថ្ងៃពុធ ៥កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩ នៅវេលាម៉ោង៨ព្រឹក ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានវត្តមានឥស្សរជន ថ្នាក់ដឹកនាំជាតិ អន្តរជាតិ និងសប្បុរសជនចូលរួមប្រមាណ ៤ពាន់នាក់៕