(ព្រះសីហនុ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ បំបែកសំបុកចោរកាច់កម៉ូតូមួយករណី ដោយឃាត់ខ្លួនជនសង្ស័យជាបន្ដបន្ទាប់ចំនួន៤នាក់ និងដកហូតបានម៉ូតូចំនួន៩គ្រឿង នៅល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩។
លោកឧត្ដមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩នេះថា ក្រោយទទួលបានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី២៩ ខែមេសា កម្លាំងនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីចោរកម្ម (លួចកាច់បំបែកសោរកម៉ូតូ) ដែលកើតឡើងទាបភ្លឺ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ នៅម្តុំក្រោយផ្លូវស្ថាននីយប្រេង Caltex ក្នុងភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ហើយបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីធ្វើការសាកសួរបន្តរកបក្ខពួក និងទីតាំងលាក់ម៉ូតូដែលលួចបាន។
បន្ទាប់ពីធ្វើការសាក់សួររហូតកំណត់បានអត្តសញ្ញាណជនសង្ស័យម្នាក់ទៀត និងធ្វើការឃាត់ខ្លួននៅវេលាម៉ោងប្រហែល១០៖៣០នាទីយប់ ហើយបន្តធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅវេលាម៉ោងប្រហែល១១៖៣០នាទីយប់ថ្ងៃដដែល។
បើតាមលោកស្នងការរង ជនសង្ស័យទាំង៤នាក់ រួមមាន ទី១៖ ឈ្មោះ បូ វិហ៊ា អាយុ៣២ឆ្នាំ, ទី២៖ ឈ្មោះ ហ៊ាន លីហុយ អាយុ២១ឆ្នាំ, ទី៣៖ ឈ្មោះ សុខ ដារ៉ូ អាយុ១៦ឆ្នាំ និងទី៤៖ ឈ្មោះ តាន ឡុង អាយុ៤៥ឆ្នាំ។ វត្ថុតាងដែលចាប់យកបាន៖ កុំព្យូទ័រ ចំនួន០២គ្រឿង, ទូរស័ព្ទដៃ ចំនួន ០៩គ្រឿង និងម៉ូតូចំនួន ០៩គ្រឿង។
ក្នុងនោះមាន ថ្នាំញៀន០១កញ្ចប់ រួមទាំងឧបករណ៍ជក់ និងថង់តូចៗមួយចំនួន, កាំបិតខ្លី ០៦ និងកាំបិតវែង ០២ និងឧបករណ៍កាច់សោរកម៉ូតូ ចំនួន០៣ និងសម្ភារម៉ូតូមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កម្លាំងជំនាញនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កំពុងសួរនាំ និងកសារនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ៕