(ព្រៃវែង)៖ អគារសិក្សា១ខ្នង មាន៥បន្ទ ប់ និងទីចាត់ការ១ខ្នង ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ត្រូវបានប្រារព្ធពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់នាល្ងាច ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ នៅភូមិវាលស្មាច់ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង ក្រោមអធិបតីភាពរបស់លោក ស្តើង សុខុម រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះស្រុកកំចាយមារ។
អភិបាលស្រុកកំចាយមារ បានឲ្យដឹងថា អគារសិក្សាថ្មី១ខ្នង និងទីចាត់ការ១ខ្នង ស្ថិតលើទីតាំងថ្មី ក្នុងភូមិវាលស្មាច់ ឃុំក្របៅជាសាលាកម្រិតថ្នាក់បឋមសិក្សា ស្ថិតនៅចំងាយជាង៤គីឡូម៉ែត្រ ពីសាលាបឋមសិក្សាក្របៅចាស់។ សាលានេះសាងសង់រួ ច គឺមិនត្រឹមតែសិស្សនៅភូមិវាលស្មាច់ ១៨៥ នាក់ អាចចូលរៀននោះទេ តែក៏នៅមានសិស្សនៅភូមិជីកដី១១០នាក់ និងភូមិចំការចេក១ ចំនួន៥២នាក់ សរុប៣៤៧នាក់ ក៏នឹងផ្ទេរមកសិក្សានៅទីនេះដែរ ដើម្បីសម្រួលការលំបាកក្នុងការធ្វើដំណើរឆ្ងាយ និងបញ្ចៀសនូវគ្រោះថ្នាក់ដែលអាចកើតមានឡើងក្នុងពេលធ្វើដំណើរ។
ជាមួយគ្នានេះ លោក ស្តើង សុខុម បានឲ្យដឹងថា ដោយមើលឃើញពីការលំបាករបស់កូនចៅប្រជាពលរដ្ឋ គ្រប់អាយុចូលសិក្សាត្រូវធ្វើដំណើរឆ្ងាយ ពីលំនៅដ្ឋានដែលអាចបង្កឲ្យមានគ្រោះថ្នាក់ ក្នុងការធ្វើដំណើរទៅសាលារៀន សម្តេចក្រឡាហោម ស ខេង និងលោកស្រី បានសម្រេច ចិត្តឲ្យមានការសាងសង់អគារសិក្សាថ្មី និងសាលារៀនថ្មីនៅទីនេះ ដោយថវិកាផ្ទាល់របស់សម្តេច។
លោក ស្តើង សុខុម ប្រធានក្រុមថ្នាក់ជាតិចុះជួយស្រុកកំចាយមារ ក៏បាននាំការផ្តាំសួរសុខទុក្ខពីសម្តេចក្រឡាហោម ស ខេង ជូនចំពោះបងប្អូននៅក្នុង ភូមិវាលស្មាច់ ទាំងអស់ដោយក្តីនឹករលឹក ។ លោកប្រធានបានបន្តថា ការសាងសង់អគារសិក្សាថ្មី សាលារៀនថ្មី នៅក្នុងភូមិវាលស្មាច់នេះ គឺជាគោលបំណងដ៏មុតស្រួចរបស់សម្តេចក្រឡាហោម ស ខេង ដែលសម្តេចចង់ឲ្យសាលារៀនខិតទៅជិតផ្ទះប្រជាពលរដ្ឋ ដើម្បីឲ្យកូនចៅប្រជាពលរដ្ឋ បានចូលសិក្សារៀនសូត្រគ្រប់ៗ គ្នា និង ម្យ៉ាងទៀតសម្តេចយល់ថា ការវិនិយោគលើការសាងសង់សាលារៀន គឺជាការវិនិយោគដ៏ឆ្លាតវៃបំផុតមួយ ក្នុងចំណោមការវិនិយោគនានា ព្រោះថាការដែលផ្តល់ឲ្យពលរដ្ឋមានចំណេះដឹង មានចំណេះធ្វើ និងជំនាញ គឺជាការរួមចំណែកដោះស្រាយបញ្ហា វិសមភាពរវាងទីក្រុង និងជនបទ ដោយលុបបំបាត់ភាពក្រីក្រ និងចុងក្រោយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានភាពប្រសើរឡើង។
លោកប្រធានក្រុមការងារ បានគូសបញ្ជាក់ថា តាមទស្សនៈបែបវិទ្យាសាស្រ្តប្រទេសមួយមានការរីកចម្រើនរុង្គរឿងទៅបាន លុះត្រាប្រទេសនោះ មានធនធានមនុស្សប្រកបដោយថាមភាព។ ដូចគ្នានេះគ្រួសារមួយមានជីវភាពប្រសើរឡើង បាន គឺត្រូវតែជាគ្រួសារដែលមានកូនចៅបានរៀនសូត្រខ្ពង់ខ្ពស់ មានចំណេះដឹង ចំណេះធ្វើ និងជំនាញច្បាស់លាស់។ ប៉ុន្តែដើម្បីបាននូវសាលារៀនថ្មី និងកូនចៅរបស់យើងអាចទៅរៀនសូត្របាន វាក៏ទាមទារឲ្យប្រទេស មានសុខសន្តិភាពផងដែរ ប្រសិនជាប្រទេសមិនមានសុខសន្តិភាពទេកូនចៅក៏មិនអាចចូលរៀនសូត្របានដែរ ដូចនេះកត្តាសន្តិភាព គឺជាគ្រឹះដ៏សំខាន់មុនអ្វីៗទាំងអស់ ។
លោក ស្តើង សុខុម បានបន្តថា ដើម្បីរក្សាបាននូវសុខសន្តិ ភាពប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សានូវសុខសន្តិភាពទាំងអស់គ្នា ហើយចង់ថែរក្សាបាននូវ សុខសន្តិភាព ឲ្យបានគង់វង្សប្រជាពលរដ្ឋត្រូវបោះឆ្នោតគាំទ្រគណបក្សណា ដែលនាំសុខសន្តិភាពមកឲ្យប្រទេសរបស់យើង និងមានលទ្ធភាពគ្រប់គ្រាន់ បន្តរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។
នៅក្នុងពិធីនោះ លោក ស្តើង សុខុម ក៏បានបើកវេទិកាសាធារណៈឲ្យប្រជាពលរដ្ឋអាចលើកឡើងពីបំណង និងសំណូមពររបស់ពួកគាត់ និង បញ្ហាលំបាកនៅក្នុងមូលដ្ឋាន ដែលពួកគាត់ជួបប្រទះ។ ក្នុងនោះប្រជាពលរដ្ឋភាគច្រើនបានស្នើសុំផ្លូវលំក្រាលគ្រួសក្រហម ខ្លះសុំស្ថារប្រឡាយ ខ្លះទៀតស្នើសុំឲ្យមានបណ្តាញអគ្គិសនីរបស់រដ្ឋចូលទៅដល់ភូមិដ្ឋានរបស់ខ្លួន។
ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋលោក ស្តើង សុខុម ក៏បានដោះស្រាយបញ្ហាភ្លាមៗ នៅនឹងកន្លែងដោយបានសួរនាំទៅកាន់មេឃុំ មេភូមិ ហើយប្រជាពលរដ្ឋក៏បានទទួលយកការដោះស្រាយ ដែលមានហេតុផលត្រឹមត្រូវដោយការពេញចិត្តផងដែរ។ ពាក់ព័ន្ធបញ្ហាអគ្គិសនីលោក ស្តើង សុខុម បានធ្វើការពន្យល់ទៅកាន់ប្រជាពលរដ្ឋថា រាជរដ្ឋាភិបាលមានផែនការភ្ជាប់បណ្តាញភ្លើងរបស់រដ្ឋ ទៅដល់គ្រប់ភូមិប្រជាជននៅទូទាំងប្រទេសក្នុងឆ្នាំ ២០២០ដូចនេះសូមបងប្អូនមានការអធ្យាស្រ័យ ព្រោះរាជរដ្ឋាភិបាលមិនបានព្រងើយកន្តើយចំពោះបញ្ហានេះទេ។
ជាមួយការដោះស្រាយចម្ងល់របស់ពលរដ្ឋចប់ លោក ស្តើង សុខុម ក៏បានធ្វើការផ្តាំផ្ញើទៅកាន់អាជ្ញាធរនៅមូលដ្ឋានស្រុកកំចាយមារទាំង អស់ ត្រូវខិតខំបម្រើប្រជាភលរដ្ឋឲ្យអត់លទ្ធភាពរបស់ខ្លួន ពិសេសការផ្តល់សេវាសាធារណៈ និងការខិតខំអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព មិនត្រូវឲ្យមានក្រុមបងធំបងតូច ល្បែងស៊ីសង ចោរឆក់ចោរប្លន់ គ្រឿងញៀន នៅក្នុងភូមិឃុំរបស់យើងទេ ។
លោកក៏បានផ្តាំផ្ញើទៅដល់អ្នកសាងសង់អគារសិក្សានេះ ត្រូវពិនិត្យឲ្យបានម៉ត់ចត់ទៅលើគុណភាព និងសោភ័ណ្ឌភាពជាធំ។ លោកបានពន្យល់ថា អគារសិក្សាមួយនេះ លោកបានកែសម្រួលបច្ចេកទេសបន្តិច ដោយបានឲ្យរៀបជញ្ជាំងឥដ្ឋ២០ ដើម្បីការពារកំដៅពីខាងក្រៅ ជាមួយនេះនៅមានការបុកគ្រឹះបន្ថែមផងដែរ ដើម្បីធានានូវគុណភាពសំណង់ឲ្យមានភាពរឹងមាំ ដែលធ្វើឲ្យថវិកាចំណាយសម្រាប់ការ សាងអគារនេះ មានរហូតដល់៩៣,៧៧៦.៨៦ដុល្លារ។
បន្ទាប់ពីពិធីសំណេះសំណាល និងវេទិកាសាធារណរួចមក លោក ស្តើង សុខុម បានអញ្ជើញដាំដើមឈើជានិមិត្តរូប នៃការស្រឡាញ់ និងបណ្តុះគំនិតឲ្យប្រជាពលរដ្ឋ មានការស្រឡាញ់ព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញនៅតាមសាលារៀន និងវត្តអារ៉ាម។ បន្ទាប់មកលោក ស្តើង សុខុម ក៏បានអញ្ជើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារសិក្សាថ្មី ដែលជាអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកស្រី និងបានចែកជូនសារ៉ុងម្នាក់មួយដល់ប្រជាពលរដ្ឋ ដែលបានចូលរួមជាវត្ថុអនុស្សវរីយ៍ផងដែរ៕