(ភ្នំពេញ)៖ លុយខុសច្បាប់ជាង ៣.៥លានដុល្លារ ដែលសមត្ថកិច្ចរឹបអូស បានពីជនជាតិចិន ដែលនាំចូលតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ត្រូវបានបង្វិលទុកជាសម្បត្តិ៍រដ្ឋ ដោយបញ្ចូលទៅក្នុងធនាគារជាតិ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
សូមរំលឹកថា កម្លាំងនគរបាលអន្ដោប្រវេសន៍ និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រចាំនៅព្រលានយន្ដហោះអន្ដរជាតិភ្នំពេញ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ បានចាប់ខ្លួនជនសង្ស័យ៣នាក់ ដែលបាននាំលុយចំនួន៣,៥២០,០០០ដុល្លារ ដោយពុំមានការបញ្ជាក់ពីប្រភពហរិញ្ញវត្ថុច្បាស់លាស់ ពីទីក្រុងហុងកុងចូលមកប្រទេសកម្ពុជា។
ជនសង្ស័យទាំង៣នាក់រួមមាន៖
* ទី១៖ ឈ្មោះ Wang Shiping កាន់លិខិតឆ្លងដែនលេខ EC9259330 មុខរបរ មិនពិតប្រាកដ។
* ទី២៖ ឈ្មោះ Wang Lichao កាន់ លិខិតឆ្លងដែន លេខ ED4367915 មុខរបរ មិនពិតប្រាកដ។
* ទី៣៖ ឈ្មោះ Zhang Jian កាន់លិខិត ឆ្លងដែនលេខ E 35414034 មិនមានលិខិតឆ្លងដែន ជាប់ខ្លួន មុខរបរមិនពិតប្រាកដ។
កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនឈ្មោះ WANG SHI PING ឈ្មោះ WANG LI CHAO និងឈ្មោះ ZHANG JIAN ក្រោមបទចោទប្រកាន់ពីបទ «សម្អាតប្រាក់» តាមមាត្រា៣ថ្មី និងមាត្រា២៩ថ្មី នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម៕